(ភ្នំពេញ)៖ នារសៀលថ្ងៃពុធ ទី២៥ ខែមិថុនា ឆ្នាំ២០២៥ នាទីស្ដីការក្រសួងសាធារណការ និងដឹកជញ្ជូន លោកជំទាវ ស្វាយ ណាគ្រី អនុរដ្ឋលេខាធិការ បានអញ្ជើញចូលរួមកិច្ចប្រជុំលើកទី៤ របស់គណៈកម្មាធិការគោលនយោបាយយានយន្តអគ្គិសនី (គ.ល.គ.យ.អ )ដើម្បីពិភាក្សាលើការងារតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តគោលនយោបាយជាតិស្ដីពីការអភិវឌ្ឍវិស័យយានយន្តអគ្គិសនី ២០២៤-២០៣០ ក្រោមអធិបតីភាព ឯកឧត្ដម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។
កិច្ចប្រជុំនេះ ធ្វើឡើងក្នុងគោលបំណងពិភាក្សាអំពីបច្ចុប្បន្នភាព និងបញ្ហាប្រឈមរបស់វិស័យយានយន្តអគ្គិសនី ដោយមានការអញ្ជើញចូលរួមពី ឯកឧត្ដម លោកជំទាវ រដ្ឋលេខាធិការ-អនុរដ្ឋលេខាធិការ ថ្នាក់ដឹកនាំក្រសួងសាធារណការ និងដឹកជញ្ជូន តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ ជាច្រើនរូប។
ក្នុងឱកាសនោះ លោកជំទាវអនុរដ្ឋលេខាធិការ បានចែករំលែកពីវឌ្ឍនភាពនៃការអនុវត្តវិធានការចំនួន២ ដែលស្ថិតនៅក្រោមឱវាទរបស់ក្រសួងពាណិជ្ជកម្ម រួមមាន៖ ទី១ គឺការពង្រឹងការទាក់ទាញ និងផ្ដល់ភាពងាយស្រួលដល់បរិយាកាសធុរកិច្ចក្នុងវិស័យយានយន្តអគ្គិសនីដោយបុរេសកម្ម ក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និងទី២ គឺការពង្រីកទីផ្សារនាំចេញគ្រឿងបង្គុំយានយន្ដអគ្គិសនីតាមរយៈការបង្កើតយុទ្ធសាស្ត្រប្រទេសបូក(Country+Strategies) ។





