(កំពត)៖ នាព្រឹកថ្ងៃសុក្រ ទី២៧ ខែមិថុនា ឆ្នាំ២០២៥ មន្ទីរពាណិជ្ជកម្មខេត្តកំពត បានរៀបចំកម្មវិធីតាំងបង្ហាញផលិតផលសក្តានុពលរបស់ខេត្តកំពត ឆ្នាំ២០២៥ រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២៧-២៩ ខែមិថុនា ឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្តម មឿង គង្គា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ម៉ៅ ធនិន អភិបាលខេត្តកំពត ដែលពិធីនេះធ្វើឡើងនៅបរិវេណផ្សារចុងសបា្តហ៍អតីតស្ថានីយប្រេងឥន្ទនៈតូតាល់ ទីរួមខេត្តកំពត។
ពិធីនេះធ្វើឡើងក្នុងគោលបំណងផ្សព្វផ្សាយ និងជំរុញការលក់ផលិតផលសក្តានុពលរបស់ខេត្តកំពត ដល់អតិថិជនទាំងក្នុង និងក្រៅខេត្ត ដើម្បីជំរុញចលនាភូមិ១ផលិតផល១ ផ្ដល់ឱកាសសម្រាប់ការផ្លាស់ប្ដូរបទពិសោធន៍រវាងអាជីវករ និងអាជីវករ បង្កើនឱកាសទីផ្សារ ភាពជាដៃគូអភិវឌ្ឍន៍ផ្នែកវិស័យពាណិជ្ជកម្មឱ្យមានការរីកចម្រើនឈានឡើង និងមានការ ផ្តល់ប្រឹក្សាលើមុខទំនិញនានាដែលចូលរួមក្នុងកម្មវិធីតាំងបង្ហាញ មន្ទីរពាណិជ្ជកម្មខេត្តកំពត។



















