ឯកឧត្តម​ សុខ​ សុភ័ក្រ្ត​ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ចូលរួមថ្លែងសុន្ទរកថាគន្លឹះ និងពិភាក្សាក្នុងសន្និសីទប្រចាំឆ្នាំ២០២៣ នៃវេទិកា

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ - ប្រភេទព័ត៌មាន: កិច្ចប្រជុំ

image

(ខេត្តហៃណាន ប្រទេសចិន)៖ កាលពីថ្ងៃទី២៩ ដល់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម សុខ សុភ័ក្រ្ត រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម, តាមនាមឱ្យ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម, បានអញ្ជើញចូលរួមថ្លែងសុន្ទរកថាគន្លឹះនិងពិភាក្សាក្នុងសន្និសីទប្រចាំឆ្នាំ២០២៣ នៃវេទិកា Boao សម្រាប់អាស៊ី ក្រោមប្រធានបទ “ពិភពលោកមិនច្បាស់លាស់៖ សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការសម្រាប់ការអភិវឌ្ឍចំពេលមានបញ្ហាប្រឈម (An Uncertain World: Solidarity and Cooperation for Development amid Challenges)” នៅខេត្តហៃណាន ដែលសន្និសីទនេះ គឺជាវេទិកាសម្រាប់ការសន្ទនាកម្រិតខ្ពស់ដែលត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំ និងមានអ្នកចូលរួមជាង២០០០នាក់ មកពីរដ្ឋាភិបាល ពាណិជ្ជកម្មករ ប្រព័ន្ធផ្សព្វផ្សាយ ស្ថាប័នឧត្តមសិក្សា និងអង្គការអន្តរជាតិមកពីអាស៊ាន ជាពិសេសថ្នាក់ដឹកនាំចិននិងបណ្តាប្រទេសដទៃទៀត ដើម្បីចែករំលែកចំណេះ ដឹង និងគំនិតផ្តួចផ្តើមរបស់ខ្លួនស្តីពីការអភិវឌ្ឍអាស៊ាន និងពិភពលោក។រួមជាមួយបណ្តាថ្នាក់ដឹកនាំដ៏ទៃទៀត ឯកឧត្តមរដ្ឋលេខាធិការ បានថ្លែងសុន្ទរកថាគន្លឹះនិងពិភាក្សាលើប្រធានបទដូចជា៖ ​(១) គម្រូនៃការផ្លាស់ប្តូរឌីជីថលបានក្លាយជាចលករសំខាន់កំណើនសេដ្ឋកិច្ចថ្មីនៅក្នុងតំបន់អាស៊ី (២) តួនាទី​ នៃកិច្ចព្រមព្រៀងភាពជាដៃគូគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ក្នុងកិច្ចសហប្រតិបត្តិការអាស៊ីប៉ាស៊ីហ្វិកចាប់តាំងពីបានចូលជាធរមាន និង (៣) វឌ្ឍនភាពនៃដំណើរការនិងអនាគតក្របខណ្ឌសេដ្ឋកិច្ច Indo-Pacific ដែលដាក់ចេញដោយសហរដ្ឋអាមេរិក និងដៃគូក្នុងតំបន់របស់ខ្លួន។ ឯកឧត្តមបានបង្ហាញពីសក្តានុពល, វិស័យសហប្រតិបត្តិការតំបន់ដែលផ្តល់ផលប្រយោជន៍រួមនិងយុទ្ធសាស្រ្តនិងគោលនយោបាយតំបន់ដែលអាស៊ានបាននិងកំពុងប្រកាន់យក។ទន្ទឹមនោះដែរ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានចូលរួមក្នុងវេទិកា “ការអភិវឌ្ឍន៍កំពង់ផែពាណិជ្ជកម្មសេរីសកល” ដែលជាកម្មវិធីមួយដ៏មានសារៈសំខាន់របស់វេទិកាBoao​ ដើម្បីចែករំលែកអំពីការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការក្នុងចំណោមតំបន់ពាណិជ្ជកម្មសេរីអន្តរជាតិ​(កំពង់ផែ)​។ ឯកឧត្តមរដ្ឋលេខាធិការ​ បានជម្រាបអង្គសន្និសីទថា បច្ចុប្បន្ននៅប្រទេសកម្ពុជាយើងកំពុងផ្តោតសំខាន់លើការអភិវឌ្ឍនិងប្រើប្រាស់តំបន់សេដ្ឋកិច្ចពិសេសដែលមានស្រាប់ជាង៥០ ទីតាំង ឱ្យអស់សក្តានុពលសំដៅផ្តល់ប្រយោជន៍ជាអតិបរមាដល់រោងចក្រ​ សហគ្រាស និងឧស្សាហកម្មនានា តាមរយៈការតភ្ជាប់ខ្សែច្រវាក់តម្លៃ និងច្រៀតចូលក្នុងខ្សែច្រវាក់ផ្គត់ផ្គង់។ ជាមួយនោះ ឯកឧត្តមក៏បានជម្រាបផងដែរថា រាជរដ្ឋាភិបាលកំពុងតែរៀបចំផែនការមេសម្រាប់អភិវឌ្ឍន៍ដាក់ខេត្តព្រះសីហនុទាំងមូល ជាតំបន់សេដ្ឋកិច្ចពិសេសពហុបំណងផងដែរ ដោយយកចិត្តទុកដាក់ខ្ពស់លើការអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធទាំងផ្នែកទន់និងរឹង ធនធានមនុស្ស កំពង់ផែសមុទ្រ ព្រលានយន្តហោះ និងប្រព័ន្ធឡូជីស្ទីកនានា ផងដែរសម្រាប់ជួយគាំទ្រដល់វិស័យទេសចរណ៍, ឧស្សាហកម្ម, កសិកម្មនិងការកែច្នៃ, ផ្នែកធុរកិច្ចឌីជីថលនិងពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ជាដើម។ ឯកឧត្តមរដ្ឋលេខាធិការ​ ក៏បានលើកទឹកចិត្តនិងជំរុញអ្នកអភិវឌ្ឍន៍តំបន់ពាណិជ្ជកម្មសេរីក្នុងតំបន់អាស៊ី រួមគ្នាបង្កើតក្រុមប្រឹក្សាអ្នកអភិវឌ្ឍផ្នែកឯកជនដើម្បីចូលមកវិនិយោគក្នុងការរៀបចំតំបន់សេដ្ឋកិច្ចពិសេសក្នុងតំបន់ ដើម្បីទទួលបានទីផ្សារក្រៅប្រទេសដ៏ធំ, ពលកម្មមានជំនាញ​, សេរីភាពនៃការយកមូលធនចេញនិងចូល ព្រមទាំងការលើកទឹកចិត្តជាច្រើនផ្តល់ដោយរាជរដ្ឋាភិបាល។​មុននឹងបញ្ចាប់ ឯកឧត្តមរដ្ឋលេខាធិការ​ បានថ្លែងអំណរគុណដល់ក្រុមការងារនិងអ្នករៀបចំសន្និសីទនេះ ជាពិសេសបានអញ្ជើញកម្ពុជាដែលជាមិត្តដែកថែបរបស់ចិន​ឱ្យចូលរួមសន្និសីទតំបន់នេះ ដោយហេតុថា កម្ពុជាអាចចែករំលែកបទពិសោធន៍ល្អរបស់ខ្លួនលើកិច្ចការមួយចំនួន និងបានសិក្សារៀនសូត្របន្ថែមពីបណ្តាថា្នក់នាំទាំងវិស័យរដ្ឋ និង ឯកជន ដែលបានចូលរួមសន្និសីទនោះ៕

https://s2.moc.gov.kh/mocspace/mocspace_1682481913569.jpg
https://s2.moc.gov.kh/mocspace/mocspace_1682481913639.jpg
https://s2.moc.gov.kh/mocspace/mocspace_1682481913263.jpg
https://s2.moc.gov.kh/mocspace/mocspace_1682481913494.jpg
https://s2.moc.gov.kh/mocspace/mocspace_1682481913389.jpg
https://s2.moc.gov.kh/mocspace/mocspace_1682481913600.jpg
https://s2.moc.gov.kh/mocspace/mocspace_1682481913785.jpg
https://s2.moc.gov.kh/mocspace/mocspace_1682481913604.jpg
https://s2.moc.gov.kh/mocspace/mocspace_1682481913663.jpg
https://s2.moc.gov.kh/mocspace/mocspace_1682481913620.jpg
https://s2.moc.gov.kh/mocspace/mocspace_1682481913864.jpg
https://s2.moc.gov.kh/mocspace/mocspace_1682481913731.jpg
https://s2.moc.gov.kh/mocspace/mocspace_1682481913410.jpg
https://s2.moc.gov.kh/mocspace/mocspace_1682481913313.jpg
https://s2.moc.gov.kh/mocspace/mocspace_1682481913766.jpg
https://s2.moc.gov.kh/mocspace/mocspace_1682481913770.jpg
https://s2.moc.gov.kh/mocspace/mocspace_1682481913629.jpg
https://s2.moc.gov.kh/mocspace/mocspace_1682481913648.jpg