ជំនួបសម្តែងការគួរសមរវាង ឯកឧត្តម កឹម ស៊ីថន រដ្ឋមន្ត្រីស្តីទីក្រសួងពាណិជ្ជកម្ម និង ឯកឧត្តមឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃសាធារណរដ្ឋប៉េរូ (Republic of Peru)

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣ - ប្រភេទព័ត៌មាន: កិច្ចប្រជុំ

image

ភ្នំពេញ​៖ នៅរសៀលថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៣ នាទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម កឹម ស៊ីថន រដ្ឋមន្ត្រីស្តីទីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតឱ្យ ឯកឧត្តម​ រីខាដូ អេសស្តានីសឡាវ ម៉ូរ៉ូត ខាណាឡេស (Ricardo Estanislao Morote Canales) ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃសាធារណរដ្ឋប៉េរូ ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងកំឡុងពេលដែលឯកអគ្គរដ្ឋទូតអញ្ជើញចូលក្រាបបង្គំគាល់ថ្វាយសារតំាងចំពោះ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។

នៅក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្ត្រីស្តីទី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះការអញ្ជើញមកទស្សនកិច្ចនៅកម្ពុជារបស់ ឯកឧត្តមឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប៉េរូ ជាពិសេសការអញ្ជើញមកជួបពិភាក្សាការងារជាមួយក្រសួងពាណិជ្ជកម្មកម្ពុជា ទាក់ទងនឹងកិច្ចសហប្រតិបត្តិការផ្នែកពាណិជ្ជកម្ម សំដៅធ្វើការរួមគ្នាក្នុងការគាំទ្រ និងជំរុញពាណិជ្ជកម្មទ្វេភាគីឱ្យកាន់តែប្រសើឡើងបន្ថែមទៀត។ ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រីស្តីទីក៏បានសំដែងការអបអរសាទរចំពោះការតែងតាំងជាឯកអគ្គរដ្ឋទូតថ្មីនៃប្រទេសប៉េរូប្រចាំព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមរដ្ឋមន្ត្រីស្តីទី មានទំនុកចិត្តថា ទំនាក់ទំនងកម្ពុជា និងប៉េរូនឹងកាន់តែរឹងមាំលើគ្រប់វិស័យ។

ក្នុងឱកាសនោះ ឯកឧត្តមឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប៉េរូ បានសម្តែងនូវក្តីសោមនស្សរីករាយ និងថ្លែងអំណរគុណដល់ ឯកឧត្តមរដ្ឋមន្ត្រីស្តីទី ចំពោះការស្វាគមន៍យ៉ាងកក់ក្តៅដល់រូបលោក។ ជាមួយគ្នានេះ ឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានជម្រាបជូនអំពីផលិតផលពាណិជ្ជកម្ម ដែលប្រទេសប៉េរូបាននាំចេញ-នាំចូល ក៏ដូចជាបានចែករំលែកបទពិសោធន៍នៃការផលិតខ្លះៗផងដែរ។

ជាកិច្ចបញ្ចប់ ឯកឧត្តមរដ្ឋមន្ត្រីស្តីទីបានជូនពរឯកឧត្តមឯកអគ្គរដ្ឋទូតឱ្យប្រកបដោយសុខភាពល្អ និងកម្លាំងមាំមួននាឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរខាងមុខនេះ។ បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្ត្រីស្តីទី សង្ឃឹមថា ឯកឧត្តមឯកអគ្គរដ្ឋទូតនឹងធ្វើការផ្សព្វផ្សាយដល់វិនិយោគិនប៉េរូឱ្យមកទស្សនាស្វែងយល់ពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា ពិសេសលើវិស័យកសិកម្ម ឧស្សាហកម្ម កសិ-ឧស្សាហកម្ម ព្រមទាំងវិស័យទេសចរណ៍ ដើម្បីពង្រីកទំហំពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរ៕

https://s2.moc.gov.kh/mocspace/mocspace_1682494870347.jpg
https://s2.moc.gov.kh/mocspace/mocspace_1682494870102.jpg
https://s2.moc.gov.kh/mocspace/mocspace_1682494870140.jpg
https://s2.moc.gov.kh/mocspace/mocspace_1682494870146.jpg
https://s2.moc.gov.kh/mocspace/mocspace_1682494870485.jpg
https://s2.moc.gov.kh/mocspace/mocspace_1682494870392.jpg
https://s2.moc.gov.kh/mocspace/mocspace_1682494870512.jpg
https://s2.moc.gov.kh/mocspace/mocspace_1682494870321.jpg
https://s2.moc.gov.kh/mocspace/mocspace_1682494870380.jpg
https://s2.moc.gov.kh/mocspace/mocspace_1682494870678.jpg