ខេត្តស្វាយរៀង៖ នារសៀលថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៣ ក្នុងឱកាសពិធីបើកសម្ពោធទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ ៩ មេសា លើកទី៦ ឆ្នាំ២០២៣ ប្រធានបទ “រួមគ្នាទិញផលិតផលខ្មែរ បង្កើនការងារជូនពលរដ្ឋខ្មែរ” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ។
ពិធីនេះ ក៏មានការអញ្ជើញចូលរួមពីមន្រ្ដីជាន់ខ្ពស់រាជរដ្ឋាភិបាល ឯកឧត្តមអភិបាលខេត្ត ឯកឧត្តម-លោកជំទាវ ឧកញ្ញ៉ា លោក-លោកស្រី មន្រ្តីរាជការនៃក្រសួង ស្ថាប័ន មកពីរាធានី-ខេត្ត សិស្ស និសិត្ស ភ្ញៀវជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករ ។
ស្ថិតក្នុងបរិយាកាសដ៏មហោទ្បារិកនេះ ឯកឧត្តម ឈួន ដារ៉ា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងរបស់ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអានសាលិខិតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិត្ដិយសគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ ក្នុងឱកាសអបអរសារទរទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខែ្មរ លើកទី៦ ឆ្នាំ២០២៣ ក្រោមប្រធានបទ “រួមគ្នាទិញផលិតផលខ្មែរ បង្កើនការងារជូនពលរដ្ឋខ្មែរ”។
នៅក្នុងសារលិខិតរបស់ សម្ដេចតេជោ បានសម្តែងនូវការកោតសសើរដល់ គណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ និងក្រសួងពាណិជ្ជកម្ម រួមទាំងក្រសួង ស្ថាប័នពាក់ព័ន្ទនានាដែលបានរួមសហការគ្នារៀបចំទិវាជាតិនេះឡើងវិញបន្ទាប់ពីស្ថានភាពនៃជំងឺរាតត្បាតកូវីដ-១៩ ត្រូវបានរាជរដ្ឋាភិបាលគ្រប់គ្រងដោយជោគជ័យ។ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្នុងនាមសម្ដេចផ្ទាល់ សម្ដេចបានផ្ដល់អនុសាសន៍មួយចំនួនដូចជា៖ -ក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់ ដែលជាសមាជិកគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ ត្រូវយកចិត្តទុកដាក់ជំរុញនិងបំផុសតាមមូលដ្ឋានឱ្យមានការកែច្នៃផលិតផលនានា ដែលមានលក្ខណៈ សមស្របតាមភូមិឋាន ជាពិសេសស្រូបយកនូវផលិតផលកសិកម្ម កែច្នៃជាចំណីអាហារឬរបស់ប្រើប្រាស់ផ្សេងៗ សម្រាប់បម្រើទីផ្សារក្នុងស្រុកនិងក្រៅប្រទេស ដើម្បីរួមចំណែកលើកកម្ពស់ជីវភាពប្រជាជន ឱ្យកាន់តែល្អប្រសើរឡើងស្របតាមគោលនយោបាយជាតិស្តីពីការជំរុញចលនាភូមិមួយផលិតផលមួយ។ -គណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ ក្រសួងពាណិជ្ជកម្ម ក្រសួងព័ត៌មាន ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួង ស្ថាប័នពាក់ព័ន្ធ ត្រូវបន្តសហការគ្នារៀបចំប្រកបដោយប្រសិទ្ធភាព ក្នុងការប្រារព្ធ និងផ្សព្វផ្សាយសកម្មភាព ឬព្រឹត្តិការណ៍នានា ដើម្បីជំរុញការអភិវឌ្ឍផលិតផលក្នុងស្រុក និង ការពង្រីកទីផ្សារជូនប្រជាផលិតកររបស់យើង។ -គណៈកម្មាធិការជំរុញចលនាភូមិមួយផលិតផលមួយរាជធានី ខេត្តទាំងអស់ ត្រូវបន្តសហការ ជាមួយនឹងគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ ក្នុងការចងក្រងបណ្តាញសមាជិក ចលនាភូមិមួយផលិតផលមួយឱ្យបានទូលំទូលាយ និងកៀរគរដៃគូនានាសហការរៀបចំឱ្យមានព្រឹត្តិការណ៍ តាំងបង្ហាញ និងលក់ ទិញផលិតផលខ្មែរ តាមទីកន្លែងដែលមានសក្តានុពលទូទាំងប្រទេស។ -គណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ ត្រូវបញ្ជ្រាបសមាសភាពខ្លួនទៅក្នុងក្រុមប្រឹក្សា ឬគណៈកម្មាធិការផ្សេងៗ ដែលមានបេសកកម្មពាក់ព័ន្ធនឹងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ តាមរយៈការផលិតកែច្នៃនូវផលិតផល ឬសេវាកម្មនានាសម្រាប់បម្រើសេចក្តីត្រូវការរបស់ទីផ្សារ។
សូមជម្រាបជូនថា ក្រសួងពាណិជ្ជកម្ម បានសហការជាមួយ គណៈកម្មាធិការជាតិជំរុញចលនាភូមិមួយ ផលិតផលមួយ និង គណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយខេត្តស្វាយរៀង ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៣ នៅលើបរិវេណសួនវិមានឯករាជ ខេត្តស្វាយរៀង។
ក្រៅពីការរៀបចំការតាំងពិពរណ៍ផលិតផលខ្មែរ គណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយក៏មានរៀបចំព្រឹត្តិការណ៍អមជាច្រើនទៀត ដូចជា៖ ការដង្ហែរក្បួនទូងស្គរផ្សព្វផ្សាយផលិតផលសំខាន់ៗ វេទិកា ផ្គូរផ្គងអ្នកទិញ-អ្នកលក់ ការប្រគំតន្រ្ដីនៅតាមដងផ្លូវមាត់ព្រែកកំពង់ចម្លង និងកម្មវិធីកំសាន្តផ្សេងៗទៀត ដែលញុំាងអោយទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ ៩ មេសា លើកទី៦ ឆ្នាំ២០២៣ នេះ ប្រព្រឹត្តទៅក្នុងបរិយាកាសរីករាយ និងអធិកអធមគួរជាទីមោទនៈ៕