ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីពាណិជ្ជកម្ម ដឹកនាំគណៈប្រតិភូ ការពារសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពីពាណិជ្ជកម្ម

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣ - ប្រភេទព័ត៌មាន: កិច្ចប្រជុំ

image

រាជធានីភ្នំពេញ៖ នាថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានដឹកនាំគណៈប្រតិភូ ការពារសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពីពាណិជ្ជកម្មតាមព្រំដែនរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាមក្នុងសម័យប្រជុំពេញអង្គរដ្ឋសភាលើកទី៩ នីតិកាលទី៦ ដែលដឹកនាំដ៏ខ្ពង់ខ្ពស់ដោយសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា។

ជាកិច្ចចាប់ផ្តើម លោកជំទាវ និន សាផុន សមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍ និងជាប្រធានគណៈកម្មការទី៩ នៃរដ្ឋសភា បានរបាយការណ៍ជូនសម័យប្រជុំរដ្ឋសភាលើកទី៩ នីតិកាលទី៦ អំពីរបាយការណ៍សិក្សា លើការស្នើសុំការផ្តល់សច្ចាប័នលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពីពាណិជ្ជកម្មតាមព្រំដែនរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជានិងរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដឹកនាំដោយ ឯកឧត្តមរដ្ឋមន្រ្តី។

ជាមួយគ្នានោះ លោកជំទាវបានគូសបញ្ជាក់ថា ផ្អែកតាមការពិនិត្យ និងសិក្សាលើទម្រង់ច្បាប់ និងគតិច្បាប់ សេចក្តី ព្រាងច្បាប់ស្ដីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្ដីពីពាណិជ្ជកម្មតាមព្រំដែនរវាងកម្ពុជា-វៀតណាម បានរៀបចំឡើងត្រឹមត្រូវស្របតាមបទប្បញ្ញត្តិនៃរដ្ឋធម្មនុញ្ញ ច្បាប់ បទដ្ឋានគតិយុត្តិពាក់ព័ន្ធនានា និងស្របតាមយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល នីតិកាលទី៦ នៃរដ្ឋសភា។

ក្នុងសម័យប្រជុំពេញអង្គរដ្ឋសភាលើកទី៩ នីតិកាលទី៦នេះផងដែរ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានជម្រាបជូនសម័យប្រជុំពេញអង្គរដ្ឋសភាអំពីខ្លឹមសារសំខាន់ៗ ព្រមទាំងគោលបំណង អត្ថប្រយោជន៍ និងទិសដៅក្នុងការអនុវត្ត ដែលកម្ពុជានឹងទទួលបាននៅពេលសេចក្តីព្រាងច្បាប់នេះចូលជាធរមាន។ ក្រោយពីបានស្តាប់នូវរបាយការណ៍យ៉ាងយកចិត្តទុកដាក់ដែលរាយការណ៍ដោយលោកជំទាវប្រធានគណៈកម្មការទី៩ នៃរដ្ឋសភា និងឯកឧត្តមរដ្ឋមន្រ្តី សម័យប្រជុំពេញអង្គរដ្ឋសភាលើកទី៩ នីតិកាលទី៦ ក៏បានអនុម័តយល់ព្រមទាំងស្រុងលើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពីពាណិជ្ជកម្មតាមព្រំដែនរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដោយទទួលបានការអនុម័តយល់ព្រមក្នុងសម្លេង ៩៤សម្លេង។

ឯកឧត្តមរដ្ឋមន្រ្តី ក្នុងនាមតំណាងរាជរដ្ឋាភិបាល បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សម្តេចចក្រីប្រធានអង្គប្រជុំ សម្តេច ឯកឧត្តម លោកជំទាវ សមាជិក សមាជិកាដ៏ឧត្តុង្គឧត្តមនៃរដ្ឋសភាក្នុងសម័យប្រជុំពេញអង្គរដ្ឋសភាលើកទី៩ នីតិកាលទី៦ ដែលបានអនុម័តយល់ព្រម នឹងសង្ឃឹមយ៉ាងមុតមាំថា សេចក្តីព្រាងច្បាប់ខាងលើ នឹងចូលរួមចំណែកក្នុងការអនុវត្តនូវយុទ្ធសាស្រ្តក្នុងការបន្តពង្រឹងការតភ្ជាប់ផ្នែកធុរកិច្ច សំដៅលើកកម្ពស់ការចាប់ដៃគូពាណិជ្ជកម្ម និងការធ្វើពិពិធកម្មទីផ្សារ និងមុខទំនិញនាំចេញតាមរយៈការផ្តល់ឱកាសការងារ ឱកាសធុរកិច្ច ជំរុញផលិតកម្ម និងអាជីវកម្មគ្រួសារដែលនឹងជួយជំរុញលើកកម្ពស់ និងធ្វើឱ្យប្រសើរឡើងជីវភាពរបស់ប្រជាជនកម្ពុជាដែលរស់នៅតាមព្រំដែនកម្ពុជា-វៀតណាម។ ជាពិសេស កិច្ចព្រមព្រៀងនឹងក្លាយជាយន្តការក្នុងការជួយសម្រួលដល់ពាណិជ្ជកម្មតាមព្រំដែនរវាងប្រទេសទាំង២ ឱ្យកាន់តែមានភាពល្អប្រសើរជាងមុន ឆ្លើយតបទៅនឹងការអភិវឌ្ឍសេដ្ឋកិច្ចក៏ដូចជាស្ថានភាពវិវត្តន៍ថ្មីៗ។ ក្រសួងពាណិជ្ជកម្ម នឹងសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងស្ថាប័ន-ពាក់ព័ន្ធ ដើម្បីអនុវត្តកិច្ចព្រមព្រៀងនេះ ឱ្យមានប្រសិទ្ធភាព ដើម្បីសម្រួល និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅតាមព្រំដែន ស្របតាមគោលនយោបាយដ៏ថ្លៃថ្លារបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ជាប្រមុខដឹកនាំដ៏ឆ្នើម៕

https://s2.moc.gov.kh/mocspace/mocspace_1682657019449.jpg
https://s2.moc.gov.kh/mocspace/mocspace_1682657019393.jpg
https://s2.moc.gov.kh/mocspace/mocspace_1682657019404.jpg
https://s2.moc.gov.kh/mocspace/mocspace_1682657020606.jpg
https://s2.moc.gov.kh/mocspace/mocspace_1682657019573.jpg
https://s2.moc.gov.kh/mocspace/mocspace_1682657019651.jpg
https://s2.moc.gov.kh/mocspace/mocspace_1682657019670.jpg
https://s2.moc.gov.kh/mocspace/mocspace_1682657020332.jpg
https://s2.moc.gov.kh/mocspace/mocspace_1682657019568.jpg
https://s2.moc.gov.kh/mocspace/mocspace_1682657020630.jpg
https://s2.moc.gov.kh/mocspace/mocspace_1682657020622.jpg
https://s2.moc.gov.kh/mocspace/mocspace_1682657020293.jpg
https://s2.moc.gov.kh/mocspace/mocspace_1682657020547.jpg
https://s2.moc.gov.kh/mocspace/mocspace_1682657020356.jpg
https://s2.moc.gov.kh/mocspace/mocspace_1682657020492.jpg
https://s2.moc.gov.kh/mocspace/mocspace_1682657020638.jpg
https://s2.moc.gov.kh/mocspace/mocspace_1682657020498.jpg
https://s2.moc.gov.kh/mocspace/mocspace_1682657020447.jpg
https://s2.moc.gov.kh/mocspace/mocspace_1682657020564.jpg
https://s2.moc.gov.kh/mocspace/mocspace_1682657020693.jpg
https://s2.moc.gov.kh/mocspace/mocspace_1682657020618.jpg