ឯកឧត្តម ប៉ាន សូរស័ក្តិ ដឹកនាំគណៈប្រតិភូក្រសួងពាណិជ្ជកម្ម ការពារសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពីពាណិជ្ជកម្មតាមព្រំដែនរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ជាមួយគណៈកម្មការទី៩ នៃព្រឹទ្ធសភា

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៣ - ប្រភេទព័ត៌មាន: កិច្ចប្រជុំ

image

(ភ្នំពេញ)៖ នារសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានដឹកនាំគណៈប្រតិភូក្រសួងពាណិជ្ជកម្ម ការពារសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពីពាណិជ្ជកម្មតាមព្រំដែនរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ជាមួយគណៈកម្មការទី៩ នៃព្រឹទ្ធសភា ដែលដឹកនាំដោយ ឯកឧត្តម គង់ សារាជ សមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍ និងជាប្រធានគណៈកម្មការទី៩ ព្រមទាំងមានការចូលរួមពីសមាជិក សមាជិកា គណៈកម្មការជំនាញព្រឹទ្ធសភា ដ៏ឧត្តុង្គឧត្តម ផងដែរ។ជាកិច្ចចាប់ផ្តើម ឯកឧត្តមប្រធានគណៈកម្មការទី៩ បានជម្រាបអង្គប្រជុំថា គណៈកម្មការទី៩ នៃព្រឹទ្ធសភាបានពិនិត្យលើអត្ថបទសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពីពាណិជ្ជកម្មតាមព្រំដែនរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដោយសេចក្តីព្រាងច្បាប់នេះបានរៀបចំឡើងត្រឹមត្រូវតាមបទប្បញ្ញត្តិនៃរដ្ឋធម្មនុញ្ញ ច្បាប់ និងបទដ្ឋានគតិយុត្តិពាក់ព័ន្ធនានា។ គណៈកម្មការទី៩ បានឯកភាពទាំងស្រុងទៅលើបែបបទ និងនីតិវិធីនៃការស្នើសុំសច្ចាប័នលើសេចក្តីព្រាងច្បាប់ខាងលើ។

ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្រ្តី បានបំភ្លឺ និងជម្រាបជូនអង្គប្រជុំនូវគោលបំណង ខ្លឹមសារ ក៏ដូចជាអត្ថប្រយោជន៍ ដែលកម្ពុជានឹងទទួលបានពីកិច្ចព្រមព្រៀងស្តីពីពាណិជ្ជកម្មតាមព្រំដែនរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅពេលកិច្ចព្រមព្រៀងនេះចូលជាធរមាន។

បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានឆ្លើយបំភ្លឺយ៉ាងក្បោះក្បាយនូវសំណួរនានារបស់សមាជិក សមាជិកា ដ៏ឧត្តុង្គឧត្តមនៃព្រឹទ្ធសភា ពាក់ព័ន្ធនឹងសេចក្តីព្រាងច្បាប់នេះ ផងដែរ។

ឯកឧត្តមរដ្ឋមន្ត្រីបានរំពឹងទុកថា សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងនេះនឹងចូលរួមចំណែកក្នុងការអនុវត្តនូវយុទ្ធសាស្រ្តក្នុងការបន្តពង្រឹងការតភ្ជាប់ផ្នែកធុរកិច្ច សំដៅលើកកម្ពស់ការចាប់ដៃគូពាណិជ្ជកម្ម ការផ្តល់ឱកាសការងារ ឱកាសធុរកិច្ច ជំរុញផលិតកម្ម និងអាជីវកម្មគ្រួសារដែលនឹងជួយជំរុញលើកកម្ពស់ និងធ្វើឱ្យប្រសើរឡើងជីវភាពរបស់ប្រជាជនកម្ពុជាដែលរស់នៅតាមព្រំដែនកម្ពុជា-វៀតណាម។ ជាពិសេស កិច្ចព្រមព្រៀងនេះនឹងក្លាយជាយន្តការក្នុងការជួយសម្រួលដល់ពាណិជ្ជកម្មតាមព្រំដែនរវាងប្រទេសទាំង២ ឱ្យកាន់តែមានភាពល្អប្រសើរជាងមុន ឆ្លើយតបទៅនឹងការអភិវឌ្ឍសេដ្ឋកិច្ចក៏ដូចជាស្ថានភាពវិវត្តន៍ថ្មីៗ។

ជាលទ្ធផល អង្គប្រជុំបានឯកភាព និងគាំទ្រទាំងស្រុងទៅលើទម្រង់ និងខ្លឹមសារនៃសេចក្តីព្រាងច្បាប់នេះ និងបញ្ជូនសេចក្តីព្រាងច្បាប់នេះទៅគណៈកម្មាធិការអចិន្រ្តៃយ៍ ដើម្បីដាក់ចូលក្នុងរបៀបវារៈសម័យប្រជុំពេញអង្គព្រឹទ្ធសភានាពេលខាងមុខ ពិនិត្យ និងអនុម័ត៕

https://s2.moc.gov.kh/mocspace/mocspace_1683599797402.jpg
https://s2.moc.gov.kh/mocspace/mocspace_1683599797685.jpg
https://s2.moc.gov.kh/mocspace/mocspace_1683599797636.jpg
https://s2.moc.gov.kh/mocspace/mocspace_1683599797559.jpg
https://s2.moc.gov.kh/mocspace/mocspace_1683599797597.jpg
https://s2.moc.gov.kh/mocspace/mocspace_1683599797632.jpg
https://s2.moc.gov.kh/mocspace/mocspace_1683599797626.jpg
https://s2.moc.gov.kh/mocspace/mocspace_1683599797721.jpg
https://s2.moc.gov.kh/mocspace/mocspace_1683599797615.jpg
https://s2.moc.gov.kh/mocspace/mocspace_1683599797578.jpg
https://s2.moc.gov.kh/mocspace/mocspace_1683599797546.jpg
https://s2.moc.gov.kh/mocspace/mocspace_1683599797589.jpg