ឯកឧត្តម ប៊ុន ចន្ធី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ចូលរួមកិច្ចប្រជុំលើកទី១២ ស្តីពីកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-វៀតណាម

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៣ - ប្រភេទព័ត៌មាន: កិច្ចប្រជុំ

image

(តៃនីញ វៀតណាម)៖ ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តម ប៊ុន ចន្ធី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានចូលរួមកិច្ចប្រជុំលើកទី១២ ស្តីពីកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-វៀតណាម ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចក្រឡហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៃព្រះរាជណាចក្រកម្ពុជា និង ឯកឧត្តម ជិន លីវ ក្វាង ឧបនាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។

កិច្ចប្រជុំបានផ្តោតសំខាន់លើកិច្ចសហប្រតិបត្តិការតាមបណ្តាខេត្តជាប់ព្រំដែននៃប្រទេសទាំងពីររួមមាន៖ ការងាររក្សាសន្តិសុខនិងសណ្តាប់ធ្នាប់ក្នុងតំបន់ព្រំដែន, វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ, ការងារគ្រប់គ្រងព្រំដែននិងច្រកទ្វារព្រំដែន, វិស័យគមនាគមន៍និងដឹកជញ្ជូន, វិស័យឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍, វិស័យ ទិញ-លក់អគ្គិសនី, វិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, វិស័យសុខាភិបាល, វិស័យអប់រំ ការងារ បណ្ដុះបណ្ដាល សង្គមកិច្ច វប្បធម៌ កីឡា និងទេសចរណ៍, វិស័យព័ត៌មាននិងទូរគមនាគមន៍, កិច្ចសហប្រតិបត្តិការរវាងរណសិរ្ស សមាគម អង្គការមហាជន, ការងារខណ្ឌសីមានិងបោះបង្គោលព្រំដែនគោក, កិច្ចសហប្រតិបត្តិការលើវិស័យច្បាប់និងយុត្តិធម៌ និងការរុករក ជីកគាស់ និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ព។

ភាគីទាំងពីរ បានសង្កត់ធ្ងន់ពីសារសំខាន់ក្នុងការបន្តរក្សាទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការ រវាងបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-វៀតណាម និងបានវាយតម្លៃខ្ពស់ចំពោះបណ្តាក្រសួង-ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរដែនដីបណ្តាខេត្តជាប់ព្រំដែននៃប្រទេសទាំងពីរ ដែលបានសហការរៀបចំសកម្មភាពជាច្រើន ប្រកបដោយអត្ថន័យក្នុងក្របខណ្ឌ “ឆ្នាំមិត្តភាព កម្ពុជា-វៀតណាម វៀតណាម-កម្ពុជា ឆ្នាំ២០២២” រួមចំណែកបង្កើនការយល់ដឹងពីបណ្តាស្រទាប់ប្រជាជននៃប្រទេសទាំងពីរ ពិសេស យុវជនជំនាន់ក្រោយ ចំពោះការថែរក្សា និងពូនជ្រំនូវទំនាក់ទំនងភូមិផងល្អប្រសើរ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ឋិតថេរ រឹងមាំ យូរអង្វែងរវាងកម្ពុជា-វៀតណាម។

ចំពោះវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគភាគីទាំងពីរ បានកត់សម្គាល់ថា កិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរ និយាយជារួម និងនិយាយដោយឡែក រវាងបណ្តាខេត្តជាប់ព្រំដែន ទទួលបានលទ្ធផលជាវិជ្ជមាន។ ទោះបីមានរងផលប៉ះពាល់ដោយសារជំងឺរាតត្បាតកូវដី-១៩ក្តី ទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរនៅតែបន្តកើនឡើងយ៉ាងខ្លាំង សម្រេចបានរហូតដល់ ១០,៥៧ប៊ីលានដុល្លារអាមេរិក ក្នុងឆ្នាំ០២០២២ កើនជិត ១១% ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២១(ស្ថិតិវៀតណាម)។

ភាគីទាំងពីរ ក៏បានឯកភាពគ្នាពន្លឿនការបញ្ចប់នីតិវិធីផ្ទៃក្នុងលើការផ្តល់សច្ចាប័នអនុម័តយល់ព្រមលើកិច្ចព្រមព្រៀង ស្តីពីពាណិជ្ជកម្មតាមព្រំដែន រវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាមដែលបានចុះហត្ថលេខាកាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ និងប្តេជ្ញាអនុវត្តឱ្យមានប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងនេះ នៅពេលចូលជាធរមាន៕

https://s2.moc.gov.kh/mocspace/mocspace_1683601830120.jpg
https://s2.moc.gov.kh/mocspace/mocspace_1683601830012.jpg
https://s2.moc.gov.kh/mocspace/mocspace_1683601830116.jpg
https://s2.moc.gov.kh/mocspace/mocspace_1683601830113.jpg
https://s2.moc.gov.kh/mocspace/mocspace_1683601830083.jpg
https://s2.moc.gov.kh/mocspace/mocspace_1683601830271.jpg
https://s2.moc.gov.kh/mocspace/mocspace_1683601830431.jpg
https://s2.moc.gov.kh/mocspace/mocspace_1683601830317.jpg
https://s2.moc.gov.kh/mocspace/mocspace_1683601830278.jpg
https://s2.moc.gov.kh/mocspace/mocspace_1683601830535.jpg
https://s2.moc.gov.kh/mocspace/mocspace_1683601830383.jpg
https://s2.moc.gov.kh/mocspace/mocspace_1683601830462.jpg
https://s2.moc.gov.kh/mocspace/mocspace_1683601830230.jpg