(ភ្នំពេញ)៖ នារសៀលថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងពាណិជ្ជកម្ម, ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួពាណិជ្ជកម្ម បានដឹកនាំកិច្ចប្រជុំផ្ទៃក្នុង ដើម្បីពិនិត្យពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីវិធានដើមកំណើតទំនិញ ក្នុងគោលបំណងស្តាប់នូវសេចក្តីរាយការណ៍អំពីវឌ្ឍន៍ភាពនៃការរៀបចំសេចក្តីព្រាងច្បាប់នេះ និងផ្តល់អនុសាសន៍នានា ដើម្បីឱ្យសេចក្តីព្រាងច្បាប់នេះកាន់តែមានភាពគ្រប់ជ្រុងជ្រោយ និងជាពិសេសដើម្បីត្រៀមសម្រាប់កិច្ចប្រជុំពិនិត្យចុងក្រោយ ដែលនឹងប្រព្រឹត្តិទៅនៅទីស្តីការគណៈរដ្ឋមន្ត្រី។
កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលថ្នាក់ដឹកនាំ និងមន្រ្តីជំនាញនៃក្រសួងពាណិជ្ជកម្ម ជាច្រើនរូប។
ថ្លែងក្នុងអង្គប្រជុំ ឯកឧត្តមរដ្ឋមន្ត្រី បានកោតសរសើរ និងវាយតម្លៃខ្ពង់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារក្រសួងពាណិជ្ជកម្ម ក្នុងការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីវិធានដើមកំណើតទំនិញ និងការពារបានជោគជ័យក្នុងកិច្ចប្រជុំជាបន្តបន្ទាប់ តាមនីតិវិធី និងបែបបទរបស់ទីស្តីការគណៈរដ្ឋមន្ត្រី និងកិច្ចប្រជុំជាមួយក្រសួងយុត្តិធម៌ពាក់ព័ន្ធលើទោសប្បញ្ញត្តិមួយចំនួន។
បន្ទាប់ពីបានពិនិត្យ និងពិភាក្សាតាមមាត្រានីមួយៗរួចមក ឯកឧត្តមរដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ណែនាំដល់ក្រុមការងារឱ្យកែសម្រួល និងបន្ថែមខ្លឹមសារសំខាន់ៗមួយចំនួនឱ្យស្របទៅតាមស្មារតីនៃអង្គប្រជុំ ព្រមទាំងផ្តល់គោលការណ៍មួយចំនួនទៀតជូនក្រុមការងារ ដើម្បីមានមូលដ្ឋានក្នុងការចូលរួមកិច្ចប្រជុំពិនិត្យចុងក្រោយលើសេចក្តីព្រាងច្បាប់នេះនៅទីស្តីការគណៈរដ្ឋមន្ត្រី ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៣ នាពេលខាងមុខ៕