(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាង ឯកឧត្ដម ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានទទួលជួបលោកជំទាវ Ülkü Kocaefe ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋតួកគី ប្រចាំព្រះរាជាណាចក្រកម្ពុជា អមដោយលោកស្រី Zöre AKŞAHİN ŞİMŞEK ទីប្រឹក្សាពាណិជ្ជកម្មដំបូងនៃស្ថានទូតតួកគី ដើម្បីពិភាក្សាលើលទ្ធភាពក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ឱ្យកាន់តែល្អប្រសើរថែមទៀត។
ជាកិច្ចចាប់ផ្ដើម លោកជំទាវរដ្ឋលេខាធិការ បានសម្ដែងការស្វាគមន៍ និងថ្លែងអំណរគុណជូនចំពោះលោកជំទាវអគ្គរដ្ឋទូត ដែលជានិច្ចកាលបានខិតខំលើកកម្ពស់ទំនាក់ទំនងទ្វេភាគី និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ។ លោកជំទាវក៏បានអបអរសាទរជូនចំពោះ លោកស្រី Zöre ក្នុងឱកាសត្រូវបានតែងតាំងជាទីប្រឹក្សាពាណិជ្ជកម្មដំបូងនៃស្ថានទូតតួកគីប្រចាំកម្ពុជា។
ទន្ទឹមនោះ លោកជំទាវរដ្ឋលេខាធិការ បានជម្រាបជូនអំពីកាលានុវត្តភាពធុរកិច្ចនិងបរិយាកាសវិនិយោគ និងបានស្នើលោកជំទាវអគ្គរដ្ឋទូត និងលោកស្រីទីប្រឹក្សាពាណិជ្ជកម្ម លើកទឹកចិត្តនិងកៀងគរធុរជន និងវិនិយោគិនតួកគីមកបណ្តាក់ទុននៅកម្ពុជា ជាពិសេសក្នុងវិស័យកសិកម្ម កសិ-ឧស្សាហកម្ម និងការកែច្នៃម្ហូបតាមស្តង់ដាហាឡាល ដែលកម្ពុជាមានវត្ថុធាតុដើមសំបូរបែប រួមមាន៖ កៅស៊ូ ដំឡូងមី ស្រូវ-អង្ករ គ្រាប់ស្វាយចន្ទី ស្វាយ ចេក ជាដើម។
ជាកិច្ចឆ្លើយតប លោកជំទាវអគ្គរដ្ឋទូតបានសម្តែងនូវក្តីសោមនស្សរីករាយ ដែលទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការទ្វេភាគី ជាពិសេសក្នុងវិស័យពាណិជ្ជកម្ម បានឈានដល់ចំណុចរបត់ថ្មីមួយពោពេញដោយថាមវ័ន្ត និងការសហការស្អិតរមួត។ ការណ៍នេះបានញ៉ាំងឱ្យតួកគីបញ្ជូនទីប្រឹក្សាពាណិជ្ជកម្មដំបូងនិងបង្កើតការិយាល័យពាណិជ្ជកម្មប្រចាំកម្ពុជា ដែលនឹងចូលរួមចំណែកបន្ថែមក្នុងកិច្ចសម្របសម្រួលការធ្វើធុរកិច្ច ពាណិជ្ជកម្ម និងវិនិយោគរវាងវិស័យឯកជននៃប្រទេសទាំងពីរឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។ ឆ្លៀតក្នុងឱកាសនោះ លោកស្រី ទីប្រឹក្សាពាណិជ្ជកម្ម បានធ្វើការណែនាំខ្លួន និងចែករំលែកបទពិសោធន៍ការងារក្នុងវិស័យពាណិជ្ជកម្មអស់រយៈពេល១៥ឆ្នាំ ព្រមទាំងបានប្តេជ្ញាចិត្តក្នុងការបន្តជំរុញកំណើនទំហំពាណិជ្ជកម្ម ការផ្សារភ្ជាប់ទំនាក់ទំនងរវាងវិស័យឯកជននៃប្រទេសទាំងពីរ និងការចែករំលែកចំណេះដឹងតាមរយៈការផ្តល់វគ្គបណ្តុះបណ្តាលពាក់ព័ន្ធជាដើម។
បន្ថែមពីលើនេះ ភាគីទាំងពីរក៏បានអបអរចំពោះភាពជោគជ័យក្នុងការរៀបចំកិច្ចប្រជុំលើកទី៣ នៃគណៈកម្មការសេដ្ឋកិច្ចចម្រុះកម្ពុជា-តួកគី កាលពីថ្ងៃទី១០-១១ ខែមករា ឆ្នាំ២០២៣ នៅភ្នំពេញ និងបានឯកភាពជំរុញការអនុវត្តសកម្មភាពការងារដូចបានព្រមព្រៀងគ្នាក្នុងកំណត់ហេតុរួមនៃកិច្ចប្រជុំខាងលើ ព្រមទាំងកិច្ចព្រមព្រៀង និងអនុស្សរណៈ ដែលបានចុះហត្ថលេខារួមគ្នាកន្លងមក។ ក្នុងនោះដែរ ភាគីទាំងពីរនឹងព្យាយាមបញ្ចប់នីតិវិធីចាំបាច់ផ្ទៃក្នុង ដើម្បីចាប់ផ្តើមធ្វើការសិក្សាអំពីសមិទ្ធិលទ្ធភាព មុននឹងឈានដល់ការចរចាបង្កើតកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចរវាងកម្ពុជា-តួកគី នាពេលឆាប់ៗខាងមុខ សំដៅបម្រើដល់ផលប្រយោជន៍សង្គមជាតិនិងប្រជាពលរដ្ឋ រួមមាន អ្នកនាំចេញ-នាំចូល ពាណិជ្ជករ អ្នកប្រើប្រាស់ ផលិតករ ធុរជន និងវិនិយោគិន។
សូមបញ្ជាក់ថា៖ គឹតត្រឹមត្រីមាសទី១ នៃឆ្នំា២០២៣ ទំហំពាណិជ្ជកម្មរវាងកម្ពុជា-តួកគីសម្រេចបានប្រមាណ ៥២ លានដុល្លាអាមេរិក ជាមួយនឹងអត្រាកំណើនប្រមាណ ៨០% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២។ ទំនិញនាំចេញសក្តានុពលពីកម្ពុជាទៅតួកគី រួមមាន៖ សម្លៀកបំពាក់ កង់ ស្វាយ មៀន កៅស៊ូ ដំឡូងមី ពោត ម្រេច អង្ករ គីមីសរីរាង្គ និងថ្នាំជក់ជាដើម។ រីឯកម្ពុជានាំចូលទំនិញសក្តានុពលពីតួកគី រួមមាន៖ វាយនភ័ណ្ឌនិងសម្លៀកបំពាក់ គ្រឿងម៉ាស៊ីននិងបរិធានអគ្គិសនី យានយន្តនិងគ្រឿងបន្លាស់ និងវត្ថុផ្សេងៗធ្វើពីស្ពាន់ ជាដើម៕