(សៀមរាប)៖ នារសៀលថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៣ នៅសណ្ឋាគារអង្គរមីរ៉ាខល ខេត្តសៀមរាប ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានជួបសួរសុខទុក្ខ និងសំណេះសំណាល ជាមួយ លោក លោកស្រី ជាគ្រូបង្វឹក និងកីឡាករ-កីឡាការិនី នៃសហព័ន្ធខ្មែរកីឡាទោចក្រយាន ដែលពិធីនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តមរដ្ឋលេខាធិការ, ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលកម្ពុជា, ឯកឧត្តមទីប្រឹក្សានៃក្រសួងពាណិជ្ជកម្ម, លោក នូ ចំរើន អគ្គលេខាធិការ នៃសហព័ន្ធខ្មែរកីឡាទោចក្រយាន, លោក ភឿន គីមលី ប្រធានមន្ទីរពាណិជ្ជកម្មខេត្តសៀមរាប, លោកគ្រូបង្វឹក និងកីឡាករ-កីឡាការិនីនៃសហព័ន្ធខ្មែរកីឡាទោចក្រយានជាច្រើនរូប។
ក្នុងនាមជាប្រធានប្រតិបត្តិនៃសហព័ន្ធខ្មែរកីឡាទោចក្រយាន ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ ឯកឧត្តម លោក លោកស្រី សមាជិកនៃក្រុមការងារ លោក លោកស្រី ជាគ្រូបង្វឹក ព្រមទាំងក្មួយៗជាកីឡាករ-កីឡាការិនី នៃសហព័ន្ធខ្មែរកីឡាទោចក្រយាន ដែលបានខិតខំយកអស់កម្លាំងកាយ ចិត្ត ប្រាជ្ញាស្មារតី ក្នុងការរៀបចំ ចាត់ចែងគ្រប់បែបយ៉ាង រួមមាន៖ ការចាត់ចែងកិច្ចការទូទៅ ការទំនាក់ទំនង ការចូលរួមកិច្ចប្រជុំជាមួយ គណៈកម្មការស៊ីហ្គេមកម្ពុជា (CAMSOC) ការបញ្ជារទិញឧបករណ៍ គ្រឿងបន្លាស់ និងសម្ភារៈចាំបាច់មួយចំនួន ការរៀបចំទីលានប្រកួតស្របតាមបទដ្ឋានបច្ចេកទេស និងការបំពាក់បំប៉នហ្វឹកហាត់ ត្រៀមដើម្បីចូលរួមប្រកួតដ៏ស្រួចស្រាវនាពេលដ៏ខ្លីខាងមុខនេះ តាមផែនការដែលបានគ្រោងទុក។
ឯកឧត្តមរដ្ឋមន្ត្រី បន្តថា យោងតាមរបាយការណ៍របស់ លោក នូ ចំរើន អគ្គលេខាធិការសហព័ន្ធ បានបង្ហាញថាមានកីឡាករ កីឡាការិនីចំនួន ៨ប្រទេស មកចូលរួមការប្រកួតនាពេលខាងមុខនេះ ហើយបើគិតរួមទាំងកម្ពុជាជាម្ចាស់ផ្ទះទៀត គឺមានចំនួន៩ប្រទេស ដែលសរុបប្រតិភូ គ្រូបង្វឹក និងកីឡាករ កីឡាការិនីទាំងអស់មាន ចំនួន ៣០៤ នាក់។
ឯកឧត្តមរដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ក្នុងនាមជាម្ចាស់ផ្ទះ យើងត្រូវធ្វើការប្រកួតប្រកបដោយក្រមសីលធម៌ និងយុត្តិធម៌ ដើម្បីជៀសវាងខូចកេរ្តិ៍ឈ្មោះប្រទេស ខូចកេរ្តិ៍ឈ្មោះពូជពង្សខ្មែររបស់យើង ដោយមិនមែនជ័យជំនះ ឬមេដាយដែលបានមកពីការបំពារបំពាន ឬការប្រកួតមិនត្រឹមត្រូវនោះឡើយ។ ម៉្យាងវិញតៀត ដោយសារតែនៅក្នុងព្រឹត្តិការណ៍ប្រកួតនាពេលខាងមុខនេះ យើងក៍នឹងមានការចូលរួមត្រួតពិនិត្យ វាយតម្លៃ និងកាត់សេចក្តីពីសំណាក់មន្ត្រីបច្ចេកទេសអន្តរជាតិផងដែរ ដូច្នេះសូមក្មួយៗ កីឡាករ-កីឡាការិនីទាំងអស់ ខិតខំយកចិត្តទុកដាក់ថែរក្សាសុខភាព និងខិតខំហ្វឹកហាត់ឱ្យបានខ្លាំងក្លា ដើម្បីធ្វើការប្រកួតឱ្យបានត្រឹមត្រូវ និងអស់ពីសមត្ថភាព ជាពិសេសគឺបង្ហាញនូវភាពអស្ចារ្យរបស់អត្តពលិកខ្មែរយើង ដែលជាពូជខ្មែរអង្គរដ៏ល្បីល្បាញតាំងពីយូរលង់ណាស់មកហើយ។ “បើចាញ់គឺចាញ់ដោយអស់ចិត្ត ហើយបើឈ្នះគឺឈ្នះដោយកិត្តិយស” ។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានបង្ហាញនូវក្តីសង្ឃឹមយ៉ាងមុតមាំថា ក្មួយៗ កីឡាករ-កីឡាការិនី របស់យើងនឹងខិតខំព្យាយាមបញ្ចេញឱ្យអស់់នូវបច្ចេកទេស និងទេពកោសលទាំងឡាយដែលបានហ្វឹកហាត់កន្លងមក ដើម្បីដណ្តើមមេដាយជូនជាតិឱ្យបាន ព្រោះវាជាកិត្តយសធំធេងណាស់ ដែលកម្ពុជាយើងមានឱកាសធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាដ៏ធំធេង និងមានសារៈសំខាន់នាពេលនេះ។
ក្នុងនាមប្រធានគណ:កម្មការរៀបចំ ឯកឧត្តមរដ្ឋមន្រ្តី បានដោះស្រាយរាល់សំណូមពរ និងតម្រូវការផ្សេងៗតាមការចាំបាច់ជាក់ស្តែង ក្នុងនោះរួមមាន៖ ថវិកាដើម្បីជួយព្យាបាលកីឡាករដែលមានជំងឺ, ថវិកាផ្គត់ផ្គង់ប្រចាំខែដើម្បីជួលទីតាំងស្នាក់នៅ និងបោះជុំរុំហ្វឹកហាត់, ថវិកាដើម្បីចូលរួមប្រកួតនៅក្រៅប្រទេស និងថវិកាដើម្បីទិញសម្ភារៈ គ្រឿងបន្លាស់មួយចំនួនទៀតសម្រាប់បម្រើការប្រកួត។
នៅកិច្ចបញ្ចប់ ឯកឧត្តមរដ្ឋមន្រ្តី បានឧបត្ថម្ភនូវថវិកាមួយចំនួនជូន គ្រូបង្វឹក និងកីឡាករ- កីឡាការិនីទាំងអស់ ព្រមទាំងបានថ្លែងអំណរគុណចំពោះ ឯកឧត្តម លោក លោកស្រី ព្រមទាំងកីឡាករ- កីឡាការិនីទាំងអស់ ដែលបានខិតខំប្រឹងប្រែង យកអស់កម្លាំងកាយចិត្ត ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការចាត់ចែងរៀបចំ និងការបំពាក់បំប៉នហ្វឹកហាត់កីឡាករ-កីឡាការិនីជាប្រចាំ តាំងពីដើមរហូតមកទល់ពេលនេះ ដើម្បីធ្វើឱ្យព្រឹត្តិ ការណ៍ប្រកួតជាប្រវត្តិសាស្ត្រនេះ ប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យត្រចះត្រចង់តាមការរំពឹងទុក។
សូមជម្រាបជូនថា ព្រឹតិការណ៍ប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនាពេលនេះ គឺជាព្រឹត្តិការណ៍សំខាន់ជាប្រវត្តិសាស្ត្រ ដែលនឹងលើកមុខមាត់កម្ពុជា ឱ្យកាន់តែមានភាពល្បីរន្ទឺលើឆាកអន្តរជាតិ ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលសម្តេចគឺជាឥស្សរជនកំពូល ដែលត្រូវបានទទួលស្គាល់ និងគោរពកោតសរសើរស្ញប់ស្ញែងទាំងក្នុង និងក្រៅប្រទេស។ ជាក់ស្តែង ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣នេះ គឺយើងបានដាក់ចេញនូវពាក្យស្លោកថា «កីឡារស់ក្នុងសន្តិភាព» នេះបញ្ជាក់ថា បើគ្មានសុខសន្តិភាពនោះទេ កម្ពុជាក៏នឹងមិនមានឱកាសទទួលបានសិទ្ធិធ្វើជាម្ចាស់ផ្ទះ ក្នុងការរៀបចំព្រឹត្តិការណ៍កីឡាដ៏មានសារៈសំខាន់ជាប្រវត្តិសាស្រ្តនេះដែរ៕