(ខេត្តកំពត)៖ នាថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ជាអនុប្រធានទី១ នៃសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា ជាប្រធានគណៈកម្មការរៀបចំការប្រកួតកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ (ទូកនាគ) ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ តំណាង សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា បានថ្លែងអបអរសាទរដល់ក្រុមជម្រើសជាតិទូកកម្ពុជា ដែលដណ្តើមបានមេដាយចំនួន ២គ្រឿង ក្នុងថ្ងៃទី២ នៃការប្រកួតកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ (ទូកនាគ) ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលកីឡារដ្ឋានលើទឹក ក្នុងក្រុងកំពត ដោយទទួលបានមេដាយមាស ១គ្រឿង លើវិញ្ញាសាអុំទូកបុរស ៥នាក់ អាយុក្រោម ២៤ឆ្នាំ ក្នុងចម្ងាយ ៥០០ម៉ែត្រនិងមេដាយសំរឹទ្ធ ១គ្រឿង លើវិញ្ញាសាអុំទូកចម្រុះបុរសនារី ១២នាក់ អាយុក្រោម ២៤ឆ្នាំ ក្នុងចម្ងាយ ៥០០ម៉ែត្រ។
ពិធីប្រកួត នៅថ្ងៃទីពីរនេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម ស៊ាង ថៃ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និង ឯកឧត្តម លោកជំទាវ លោក លោកស្រី អនុប្រធាន សមាជិក សមាជិកា គណៈកម្មាធិការប្រតិបត្តិសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា, ឯកឧត្តមសមាជិកក្រុមប្រឹក្សាខេត្តកំពត, ឯកឧត្តមអភិបាលរង នៃគណៈអភិបាលខេត្តកំពត, លោក លោកស្រីប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត, ភ្ញៀវកិតិ្តយសជាតិ-អន្តរជាតិ ព្រមទាំងទស្សនិកជនជាច្រើនកុះករ។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្ដែងនូវសេចក្ដីរំភើបរីករាយ និងការកោតសរសើរយ៉ាងក្រៃលែងចំពោះការខិតខំប្រឹងប្រែង និងយកចិត្តទុកដាក់ក្នុងការប្រកួតរបស់កីឡាករ-កីឡាការិនី រហូតទទួលបានជោគជ័យបែបនេះ។
ឯកឧត្តមរដ្ឋមន្ត្រី បន្តថា ការដណ្តើមបានមេដាយចំនួន ២គ្រឿង មាស ១គ្រឿង និងសំរឹទ្ធ ១គ្រឿង របស់ក្រុមជម្រើសជាតិទូកកម្ពុជា នាពេលនេះ គឺជាមោទនភាព និងជាជោគជ័យថ្មីជាប្រវត្តិសាស្ត្រមួយទៀតរបស់ក្រុមជម្រើសជាតិទូកកម្ពុជាយើង។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណ ដល់មន្រ្តីបច្ចេកទេសជាតិ និងអន្តរជាតិ ដែលបានខិតខំប្រឹងប្រែង យកអស់កម្លាំងកាយចិត្ត ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការកាត់សេចក្តី ជូនដល់កីឡាករ-កីឡាការិនី ដោយភាពយុតិ្តធម៌ ត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស និងភាពទទួលខុសត្រូវខ្ពស់ ធ្វើឱ្យការប្រកួតប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យ។
នៅកិច្ចបញ្ចប់ ឯកឧត្តមរដ្ឋមន្ត្រី បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ បន្តចូលរួមអបអរសាទរ និងគាំទ្រដល់កីឡាករ-កីឡាការិនី នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ ខាងមុខនេះ ដែលជាថ្ងៃចុងក្រោយ នៃការប្រកួតកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ (ទូកនាគ) ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ផងដែរ៕