ឯកឧត្តម ទិត រិទ្ធីពល អនុរដ្ឋលេខាធិការ និងជាអគ្គនាយកស្តីទីពាណិជ្ជកម្មអន្តរជាតិ ទទួលជួបពិភាក្សាការងារជាមួយលោកស្រី Wallis Yu នាយកការិយាល័យតំណាងពាណិជ្ជកម្មសហរដ្ឋអាម៉េរិក ប្រចាំតំបន់អាស៊ីអាគ្នេយ៍

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ - ប្រភេទព័ត៌មាន: កិច្ចប្រជុំ

image

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម ទិត រិទ្ធីពល អនុរដ្ឋលេខាធិការ និងជាអគ្គនាយកស្តីទីពាណិជ្ជកម្មអន្តរជាតិ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានទទួលជួបពិភាក្សាការងារជាមួយលោកស្រី Wallis Yu នាយកការិយាល័យតំណាងពាណិជ្ជកម្មសហរដ្ឋអាម៉េរិក ប្រចាំតំបន់អាស៊ីអាគ្នេយ៍ និងតំណាងស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំនៅកម្ពុជា។

លោកស្រី Wallis Yu បានថ្លែងអំណរគុណចំពោះការផ្តល់ឱកាសជួបពិភាក្សាការងារដោយផ្ទាល់នាពេលនេះ និងការទទួលស្វាគមន៍កន្លងមកនៅអំឡុងកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាននៅខេត្តសៀមរាបកន្លងមក។ លោកស្រីបានលើកយកមកពិភាក្សានូវចំណុចសំខាន់ៗដែលមាននៅក្នុងកិច្ចព្រមព្រៀងស្តីពីក្របខណ្ឌវិនិយោគ និងពាណិជ្ជកម្ម រវាងកម្ពុជា-សហរដ្ឋអាម៉េរិក ដូចជា៖ ការធ្វើបច្ចុប្បន្នភាពទាក់ទងនឹងកម្មសិទ្ធិបញ្ញា ការដោះស្រាយវិវាទពាណិជ្ជកម្ម និងការដោះស្រាយវិវាទក្នុងវិស័យការងារ។

ជាការឆ្លើយតប ឯកឧត្តមអនុរដ្ឋលេខាធិការបានធ្វើបច្ចុប្បន្នភាពលើកិច្ចការទាំងនោះ ពិសេសការរំលេចពីការចូលរួមយ៉ាងសកម្មរបស់ក្រសួងពាណិជ្ជកម្មក្នុងការពង្រឹងការការពារ និងការលើកស្ទួយវិស័យកម្មសិទ្ធិបញ្ញា តាមរយៈការចូលរបស់កម្ពុជាក្នុងអនុសញ្ញាទីក្រុងប៊ែនស្តីពីកិច្ចការការពារស្នាដៃអក្សរសាស្ត្រ និងសិល្បៈ ការបញ្ចប់សេចក្តីព្រាងច្បាប់ស្តីពីការសម្ងាត់ពាណិជ្ជកម្ម និងព័ត៌មានមិនទម្លាយចេញ ការរៀបចំសេចក្តីព្រាងអនុក្រឹត្យស្តីពីវិធានការរដ្ឋបាលសម្រាប់អនុវត្តកម្មសិទ្ធិបញ្ញាកម្ពុជា ក៏ដូចជាការស៊ើបអង្កេត និងបង្ក្រាបករណីពាក់ព័ន្ធទំនិញក្លែងក្លាយ ដែលត្រូវបានរកឃើញមួយចំនួននៅក្នុងទីផ្សារកម្ពុជាបានយ៉ាងមានប្រសិទ្ធភាព។

ទាក់ទងនឹងវិស័យការងារ ឯកឧត្តមបានជម្រាបពីការប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការដោះស្រាយវិវាទការងារក្រៅប្រព័ន្ធតុលាការ ដោយផ្អែកលើគោលការណ៍ឈ្នះៗ និងការអនុម័តកាតព្វកិច្ចអន្តរជាតិបន្ថែម ពិសេសការបន្តសុពលភាពកម្មវិធី Better Factories Cambodia (BFC) រវាងក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងពាណិជ្ជកម្ម ស្ថាប័នពាក់ព័ន្ធ និងអង្គការពលកម្មអន្តរជាតិ កាលពីខែតុលា ឆ្នាំ២០២២ កន្លងទៅ។ ពាក់ព័ន្ធនឹងការត្រៀមរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាចម្រុះលើកទី៦ នៃក្របខ័ណ្ឌពាណិជ្ជកម្ម និងវិនិយោគរវាងកម្ពុជា-អាម៉េរិក (TIFA) ភាគីទាំងពីរនឹងបន្តដោះស្រាយកិច្ចការសំខាន់ៗកម្រិតក្រុមការងារបច្ចេកទេសឱ្យរួចរាល់ឆាប់ៗសិន មុននឹងកំណត់កាលបរិច្ឆេទសមរម្យ សម្រាប់រៀបចំកិច្ចប្រជុំក្រុមប្រឹក្សាចម្រុះលើកទី៦ ដោយផ្ទាល់នៅសហរដ្ឋអាម៉េរិក តាមការសន្យារបស់ថ្នាក់ដឹកនាំនៃភាគីទាំងពីរអំឡុងកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន នៅខេត្តសៀមរាប កាលពីខែតុលា ឆ្នាំ២០២២ កន្លងទៅ។

ជាចុងក្រោយ ឯកឧត្តមអនុរដ្ឋលេខាធិការ បានថ្លែងអំណរគុណចំពោះកិច្ចសហប្រតិបត្តិការល្អរបស់តំណាងពាណិជ្ជកម្មសហរដ្ឋអាម៉េរិក និងស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំនៅព្រះរាជាណាចក្រកម្ពុជា កន្លងមក និងសង្ឃឹមថាភាគីទាំងពីរ នឹងបន្តពង្រឹង និងជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគទ្វេភាគីឱ្យកាន់តែប្រសើរឡើង៕  

https://s2.moc.gov.kh/mocspace/mocspace_1684464829956.jpg
https://s2.moc.gov.kh/mocspace/mocspace_1684464830068.jpg
https://s2.moc.gov.kh/mocspace/mocspace_1684464830235.jpg
https://s2.moc.gov.kh/mocspace/mocspace_1684464830053.jpg
https://s2.moc.gov.kh/mocspace/mocspace_1684464830169.jpg
https://s2.moc.gov.kh/mocspace/mocspace_1684464830157.jpg
https://s2.moc.gov.kh/mocspace/mocspace_1684464830344.jpg
https://s2.moc.gov.kh/mocspace/mocspace_1684464830392.jpg
https://s2.moc.gov.kh/mocspace/mocspace_1684464830072.jpg
https://s2.moc.gov.kh/mocspace/mocspace_1684464830129.jpg
https://s2.moc.gov.kh/mocspace/mocspace_1684464830348.jpg
https://s2.moc.gov.kh/mocspace/mocspace_1684464830375.jpg