ឯកឧត្តម ឈួន ដារ៉ា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម អញ្ជើញចូលរួមជាធិបតីក្នុងវេទិកា the 9th Global Economic Development Forum (GEDF) and Cambodia Business Leaders’ Summit

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣ - ប្រភេទព័ត៌មាន: កិច្ចប្រជុំ

image

រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តម ឈួន ដារ៉ា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាង ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមអញ្ជើញចូលរួមជាធិបតីក្នុងវេទិកា the 9th Global Economic Development Forum (GEDF) and Cambodia Business Leaders’ Summit ដែលបានរៀបចំឡើងនៅសណ្ឋាគារសុខាភ្នំពេញ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ ព្រមទាំងវិស័យឯកជនកម្ពុជា-ចិន ជាច្រើនរូប។

ជាកិច្ចចាប់ផ្តើម លោក Gui Hangfeng ប្រធានសមាគមលើកកម្ពស់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចសកលសម្រាប់ ការអភិវឌ្ឍ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រសួងពាណិជ្ជកម្មនៃព្រះរាជាណាចក្រកម្ពុជាសម្រាប់ការសហការរៀបចំវេទិកា the 9th Global Economic Development Forum (GEDF) and Cambodia Business Leaders’ Summit នៅរាជធានីភ្នំពេញនាពេលនេះ។

លោក Gui Hangfeng បន្តថា កម្ពុជា និងចិនបានបង្កើតមូលដ្ឋានគ្រឹះដ៏ល្អសម្រាប់កិច្ចសហប្រតិបត្តិការលើវិស័យដូចជាសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ វប្បធម៌ កសិកម្ម ផលិតកម្ម និងហេដ្ឋារចនាសម្ព័ន្ធ ហើយគោលបំណងនៃវេទិកានេះគឺដើម្បីទទួលបានការយល់ដឹងកាន់តែស៊ីជម្រៅ ផ្លាស់ប្តូរបទ ពិសោធន៍ និងស្វែងរកមធ្យោបាយដើម្បីធ្វើសមាហរណកម្មកាន់តែប្រសើរឡើងជាមួយនឹងការអភិវឌ្ឍវិស័យពាណិជ្ជកម្ម វិនិយោគ និងឧស្សាហកម្មរបស់កម្ពុជា។

លោកបានបន្ថែមថា ចិន និងកម្ពុជា គឺជាមានមិត្តភាពជាប្រពៃណី និងជាអ្នកជិតខាងល្អ ដែលមានភាតរភាពជាមួយគ្នាទៅវិញទៅមក ហើយឆ្នាំ​២០២៣នេះ​គឺ​ជា​ខួប​លើក​ទី​១០​នៃ​គំនិត​ផ្តួច​ផ្តើម "ខ្សែក្រវាត់ និង​ផ្លូវ" ជាមួយនឹងការធ្វើឱ្យស៊ីជម្រៅនៃគំនិតផ្តួចផ្តើមនេះ កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរក្នុងវិស័យផ្សេងៗកាន់តែត្រូវបានពង្រឹង និងពង្រីកបន្ថែមទៀត។

ថ្លែងក្នុងពិធីបើកវេទិកានោះ ឯកឧត្តម ឈួន ដារ៉ា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានលើកឡើងថា ឆ្នាំ​២០២៣នេះ គឺជា​ឆ្នាំ​មិត្តភាព​កម្ពុជា​-​ចិន និង​ជា​ខួប​លើក​ទី​៦៥​នៃ​ទំនាក់ទំនង​ការទូត​រវាង​ព្រះរាជាណាចក្រកម្ពុជា និង​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ ដូច្នេះហើយក្នុងឆ្នាំនេះ ប្រទេសយើងទាំងពីរនឹងសហការរៀបចំព្រឹត្តិការណ៍ជាច្រើន ក្នុងគោលបំណងពង្រឹងនិងពង្រីក ក៏ដូចជាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យនានា ដូចជាពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ ព្រមទាំងវិស័យអទិភាពដទៃទៀត។ ជាក់ស្តែង វេទិកា the 9th Global Economic Development Forum (GEDF) and Cambodia Business Leaders’ Summit គឺជាសកម្មភាពជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគរវាងកម្ពុជា និងចិន។ក្រោមក្របខ័ណ្ឌតំបន់ ភាគីទាំងពីរបានចូលរួមបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ចិន និងជំរុញឲ្យសម្រេចបាននូវកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP)។ ក្រោមក្របខ័ណ្ឌទ្វេភាគី កម្ពុជា និងចិន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ដែលបានចូលជាធរមានកាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០២២ កន្លងទៅ ដែលបានត្រួសត្រាយផ្លូវសម្រាប់ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងជំរុញកិច្ចសហប្រតិបត្តិការ វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន។

សូមបញ្ជាក់ថា ទំហំពាណិជ្ជកម្មសរុបកម្ពុជា-ចិនក្នុងឆ្នាំ២០២២ សម្រេចបានទំហំទឹកប្រាក់ប្រមាណ ១១ ៦៨៦ លានដុល្លារអាម៉េរិក កើនឡើង៥% ធៀបនឹងឆ្នាំ២០២១។ ក្នុងនោះកម្ពុជានាំចេញទៅប្រទេសចិន បានជាង ១ ២៤០ លានដុល្លារអាមេរិក និងនាំចូលពីប្រទេសចិនមកវិញជាង ១០ ៤៤៥ លានដុល្លារអាម៉េរិក៕

https://s2.moc.gov.kh/mocspace/mocspace_1684723817245.jpg
https://s2.moc.gov.kh/mocspace/mocspace_1684723817351.jpg
https://s2.moc.gov.kh/mocspace/mocspace_1684723817253.jpg
https://s2.moc.gov.kh/mocspace/mocspace_1684723816981.jpg
https://s2.moc.gov.kh/mocspace/mocspace_1684723817241.jpg