ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានដឹកនាំគណៈប្រតិភូ ចូលរួមកិច្ចប្រជុំពិភាក្សាលើសេចក្ដីព្រាងច្បាប់ស្ដីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេវាកម្មអាស៊ាន

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ - ប្រភេទព័ត៌មាន: កិច្ចប្រជុំ

image

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានដឹកនាំគណៈប្រតិភូ ចូលរួមកិច្ចប្រជុំពិភាក្សាជាមួយគណៈកម្មការទី៩ នៃរដ្ឋសភា ដើម្បីពិភាក្សា និងការពារលើសេចក្ដីព្រាងច្បាប់ស្ដីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេវាកម្មអាស៊ាន (ASEAN TRADE IN SERVICES AGREEMENT - ATISA) ដែលសេចក្តីព្រាងច្បាប់នេះត្រូវបានគណៈរដ្ឋមន្ត្រីសម្រេចយល់ព្រមក្នុងសម័យប្រជុំពេញអង្គ កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣ ដើម្បីបញ្ជូនទៅសុំការពិនិត្យ និងអនុម័តយល់ព្រមពីស្ថាប័ននីតិប្បញ្ញត្តិ។

អង្គប្រជុំនេះ ក៏មានការចូលរួមពី សមាជិក សមាជិកា ដ៏ឧត្តុងឧត្តមមកពីគណៈកម្មាការជំនាញទាំងអស់នៃរដ្ឋសភាផងដែរ។

ជាកិច្ចចាប់ផ្តើម លោកជំទាវ និន សាផុន ប្រធានគណៈកម្មាការទី៩ និងជាសមាជិកាគណៈកម្មាធិការអចិន្រ្តៃយ៍ បានមានមតិស្វាគមន៍យ៉ាងកក់ក្តៅចំពោះ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម តំណាងឱ្យរាជរដ្ឋាភិបាល និងសហការី ចូលរួមពិភាក្សា និងការពារសេចក្តីព្រាងច្បាប់ខាងលើ។

បន្ថែមពីនេះ លោកជំទាវក៏បានជម្រាបជូនអង្គប្រជុំអំពីការពិនិត្យ និងសិក្សាលម្អិតលើអត្ថបទសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេវាកម្មអាស៊ាន ដែលជាលទ្ធផលឃើញថា សេចក្តីព្រាងច្បាប់នេះ បានរៀបចំឡើងត្រឹមត្រូវតាមបទប្បញ្ញត្តិនៃរដ្ឋធម្មនុញ្ញ ច្បាប់ និងបទដ្ឋានគតិយុត្តិពាក់ព័ន្ធនានា ស្របតាមយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល នីតិកាលទី៦ នៃរដ្ឋសភា។

ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្រ្តី បានបំភ្លឺ និងជម្រាបជូនអង្គប្រជុំនូវគោលបំណង ខ្លឹមសារ ក៏ដូចជាអត្ថប្រយោជន៍ ដែលកម្ពុជានឹងទទួលបានពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេវាកម្មអាស៊ាន នឹងផ្តល់អត្ថប្រយោជន៍សម្រាប់កម្ពុជា នៅពេលកិច្ចព្រមព្រៀងនេះ ចូលជាធរមាន។

ឯកឧត្តមរដ្ឋមន្រ្តីបានបញ្ជាក់ជូនផងដែរថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេវាកម្មអាស៊ាន (ATISA) ត្រូវបានចរចាបង្កើតឡើងក្នុងគោលបំណងពង្រឹងការតភ្ជាប់សេដ្ឋកិច្ច និងផ្តល់កាលានុវត្តភាពកាន់តែប្រសើរឡើង សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចនៅក្នុងសហគមន៍សេដ្ឋកិច្ចអាស៊ាន និងបង្កើនការធ្វើពាណិជ្ជកម្ម និងការវិនិយោគលើវិស័យពាណិជ្ជកម្មសេវាកម្ម ដោយបង្កើតទីផ្សារ និងសេដ្ឋកិច្ចកាន់តែទូលំទូលាយ តាមរយៈការកាត់បន្ថយការរឹតត្បិតចំពោះពាណិជ្ជកម្មសេវាកម្ម។ លើសពីនេះទៀត កិច្ចព្រមព្រៀងនេះនឹងពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រទេសជាសមាជិកអាស៊ានទាំងអស់ តាមរយៈការលើកកម្ពស់ និងការសម្របសម្រួលដល់ការប្រើប្រាស់នូវកាលានុវត្តភាពកាន់តែប្រសើរ ការលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងផ្នែកនិយ័តកម្ម ការបង្កើតកិច្ចសហប្រតិបត្តិការក្នុងវិស័យអភិវឌ្ឍន៍ធនធានមនុស្ស និងការបង្កើនការចូលរួមរបស់សហគ្រាសធុន មីក្រូ តូច និងមធ្យម ក្នុងសកម្មភាពពាណិជ្ជកម្មសេវាកម្ម ក៏ដូចជាការកាត់បន្ថយគម្លាតនៃការអភិវឌ្ឍរវាងប្រទេសសមាជិកអាស៊ាន ដើម្បីសម្រេចបាននូវសមភាព តុល្យភាព និងនិរន្តរភាពនៃការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។

ឆ្លៀតក្នុងឱកាសនោះដែរ លោកជំទាវប្រធាន បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងបំពេញភារកិច្ចរបស់ ឯកឧត្តមរដ្ឋមន្រ្តី ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ព្រមទាំងមន្រ្តីរាជការនៃក្រសួងពាណិជ្ជកម្ម ដែលបានអនុវត្តភារកិច្ចជំនាញយ៉ាងសកម្ម ស្របតាមគោលនយោបាយ និងយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល ដោយទទួលបានលទ្ធផល គួរជាទីមោទនៈ ជាពិសេសការកសាងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិនានា ក្រោមការដឹកនាំ ប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។

ជាលទ្ធផល អង្គប្រជុំបានសម្តែងនូវការគាំទ្រទៅលើសេចក្តីព្រាងច្បាប់នេះទាំងស្រុង និងបញ្ជូនសេចក្តីព្រាងច្បាប់នេះទៅគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា ដើម្បីដាក់ចូលក្នុងរបៀបវារៈសម័យប្រជុំពេញអង្គរដ្ឋសភា នាពេលខាងមុខ៕

https://s2.moc.gov.kh/mocspace/mocspace_1684895026398.jpg
https://s2.moc.gov.kh/mocspace/mocspace_1684895026555.jpg
https://s2.moc.gov.kh/mocspace/mocspace_1684895026521.jpg
https://s2.moc.gov.kh/mocspace/mocspace_1684895026614.jpg
https://s2.moc.gov.kh/mocspace/mocspace_1684895026709.jpg
https://s2.moc.gov.kh/mocspace/mocspace_1684895026587.jpg
https://s2.moc.gov.kh/mocspace/mocspace_1684895026779.jpg
https://s2.moc.gov.kh/mocspace/mocspace_1684895026904.jpg
https://s2.moc.gov.kh/mocspace/mocspace_1684895026790.jpg
https://s2.moc.gov.kh/mocspace/mocspace_1684895026820.jpg
https://s2.moc.gov.kh/mocspace/mocspace_1684895026776.jpg
https://s2.moc.gov.kh/mocspace/mocspace_1684895026943.jpg
https://s2.moc.gov.kh/mocspace/mocspace_1684895026667.jpg
https://s2.moc.gov.kh/mocspace/mocspace_1684895027027.jpg
https://s2.moc.gov.kh/mocspace/mocspace_1684895026832.jpg
https://s2.moc.gov.kh/mocspace/mocspace_1684895026879.jpg
https://s2.moc.gov.kh/mocspace/mocspace_1684895026828.jpg
https://s2.moc.gov.kh/mocspace/mocspace_1684895026889.jpg
https://s2.moc.gov.kh/mocspace/mocspace_1684895027258.jpg
https://s2.moc.gov.kh/mocspace/mocspace_1684895027012.jpg
https://s2.moc.gov.kh/mocspace/mocspace_1684895027021.jpg
https://s2.moc.gov.kh/mocspace/mocspace_1684895026961.jpg
https://s2.moc.gov.kh/mocspace/mocspace_1684895027108.jpg
https://s2.moc.gov.kh/mocspace/mocspace_1684895027189.jpg
https://s2.moc.gov.kh/mocspace/mocspace_1684895027034.jpg
https://s2.moc.gov.kh/mocspace/mocspace_1684895027175.jpg