(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ២០២៣នេះ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា បានជួបពិភាក្សាការងារជាមួយក្រុមការងារអង្គការកម្មសិទ្ធិបញ្ញាពិភពលោក (WIPO) ក្នុងគោលបំណងបន្តគាំទ្រសមាហរណកម្មប្រព័ន្ធឌីជីថលនៅកម្ពុជា ជាពិសេសដើម្បីបន្តកិច្ចសហការល្អបន្តទៀតជាមួយនាយកដ្ឋានកម្មសិទ្ធិបញ្ញា នៃក្រសួងពាណិជ្ជកម្ម។កិច្ចពិភាក្សាការងារនេះ ត្រូវបានធ្វើឡើងនៅទីស្ដីការក្រសួងពាណិជ្ជកម្ម និងបានមានការអញ្ជើញចូលរួមពី ឯកឧត្តម ហូ ស៊ីយ៉ុង ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានសេវាពាណិជ្ជកម្ម, ឯកឧត្តម សួន វិជ្ជា ទីប្រឹក្សាក្រសួងពាណិជ្ជកម្ម និងជាប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញា ព្រមទាំងមន្រ្តីជំនាញ នៃនាយកដ្ឋានកម្មសិទ្ធិបញ្ញា ជាច្រើនរូប។
ជាកិច្ចចាប់ផ្ដើម ឯកឧត្តមរដ្ឋមន្រ្តី បានបង្ហាញនូវការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះក្រុមការងារអង្គការកម្មសិទ្ធិបញ្ញាពិភពលោក (WIPO) ដែលបានចូលរួមក្នុងកិច្ចពិភាក្សាការងារនេះ និងបានថ្លែងអំណរគុណដល់ក្រុមការងារ WIPO ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការជំរុញវិស័យកម្មសិទ្ធិបញ្ញានៅកម្ពុជា ក៏ដូចជាកិច្ចសហប្រតិបត្តិការល្អ រវាង WIPO និងកម្ពុជា នាពេលកន្លងមក។
ឯកឧត្តមរដ្ឋមន្រ្តី បន្តថា រាជរដ្ឋាភិបាលកម្ពុជាបានផ្តោតការយកចិត្តទុកដាក់ខ្ពស់ក្នុងការពង្រឹងសេវាសាធារណៈជាអាទិភាព តាមរយៈការរៀបចំលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនានា និងការធ្វើកំណែទម្រង់ស៊ីជម្រៅលើសេវាសាធារណៈ ដោយការកាត់បន្ថយពេលវេលាសម្រាប់ការចុះឈ្មោះ ការស្នើសុំអាជ្ញាប័ណ្ណ និងនីតិវិធីពាក់ព័ន្ធផ្សេងទៀត។
ឯកឧត្តមរដ្ឋមន្រ្តី បន្ថែមថា ដើម្បីជំរុញកំណើនសេដ្ឋកិច្ច គឺពិតជាចាំបាច់ណាស់ក្នុងការចូលរួមពីវិស័យឯកជន ដូច្នេះហើយវាពិតជាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការធានាការពារសិទ្ធ និងម៉ាកឱ្យបានត្រឹមត្រូវ ទាំងការការពារការចាប់ផ្តើមអាជីវកម្មដំបូង និងការការពារសម្រាប់អាជីវកម្មដែលមានស្រាប់ ដើម្បីឱ្យការធ្វើអាជីវកម្មនោះ ធានាបាននូវនិរន្តរភាព និងភាពរីកចម្រើន។
ឯកឧត្តមរដ្ឋមន្រ្តី លើកឡើងទៀតថា ការរីកចម្រើនផ្នែកបច្ចេកវិទ្យានៅក្នុងដំណាក់កាលបច្ចុប្បន្ន នៃបដិវត្តន៍ឧស្សាហកម្ម ៤.០ ពិតជាមានឥទ្ធិពលយ៉ាងខ្លាំងទៅលើរការធ្វើអាជីវកម្មនាពេលបច្ចុប្បន្ន ជាពិសេសនៅក្នុងបរិបទនៃការងើបឡើងវិញនៃសេដ្ឋកិច្ចបន្ទាប់ពីជំងឺរាតត្បាតសកល COVID-19។ ដើម្បីឆ្លើយតបនឹងការរីកចម្រើនផ្នែកបច្ចេកវិទ្យានេះ ក្រសួងពាណិជ្ជកម្មបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការអភិវឌ្ឍន៍ និងដាក់ឱ្យប្រើប្រាស់នូវប្រព័ន្ធស្វ័យប្រវត្តិកម្ម សម្រាប់ការចុះបញ្ជីពាណិជ្ជកម្ម វិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញ និងការចុះបញ្ជីពាណិជ្ជសញ្ញា ក្រោមការគ្រប់គ្រងរបស់ក្រសួងពាណិជ្ជកម្ម។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ WIPO សម្រាប់ការផ្តល់ប្រព័ន្ធស្វ័យប្រវត្តិកម្មកម្មសិទ្ធឧស្សាហកម្ម (IPAS) តាំងពីឆ្នាំ ២០០៦ ក្រោមជំនួយបច្ចេកទេសពី WIPO និងបន្តធ្វើឱ្យប្រសើរឡើង និងបន្ថែមមុខងារថ្មីៗមួយបន្ថែមទៀត ដើម្បីបំពេញតម្រូវការនាពេលបច្ចុប្បន្ន។
នៅកិច្ចបញ្ចប់ ឯកឧត្តមរដ្ឋមន្រ្តី បានសម្តែងនូវការគាំទ្រទាំងស្រុងទៅលើប្រព័ន្ធថ្មីនេះ និងបានលើកទឹកចិត្តដល់នាយកដ្ឋានកម្មសិទ្ធបញ្ញា នៃក្រសួងពាណិជ្ជកម្ម និង WIPO ឱ្យបន្តកិច្ចសហការគ្នាល្អបន្ថែមទៀត ដើម្បីលើកកម្ពស់វិស័យកម្មសិទ្ធបញ្ញានៅកម្ពុជា ឱ្យកាន់តែមានភាពរីកចម្រើនបន្ថែមទៀត។
សូមជម្រាបជូនថា ក្នុងកិច្ចជុំនួបពិភាក្សាការងារនេះ ក្រុមការងារ WIPO ក៏បានធ្វើបទបង្ហាញពាក់ព័ន្ធនឹងប្រព័ន្ធ AI tools ទាក់ទងនឹង Trademark search និង ChatBot ដើម្បីជម្រុញការចុះបញ្ជីម៉ាក និងការប្រើប្រាស់សេវានានារបស់នាយកដ្ឋាន និងសម្រាប់សាធារណៈជនប្រើប្រាស់សេវាកម្មនេះ ផងដែរ៕