ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំពិភាក្សានិងការពារលើសេចក្តីព្រាងច្បាប់ស្តីពីវិធានដើមកំណើតទំនិញជាមួយគណៈកម្មការទី៩ នៃព្រឹទ្ធសភា

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ - ប្រភេទព័ត៌មាន: កិច្ចប្រជុំ

image

(ភ្នំពេញ)៖ នារសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានដឹកនាំគណៈប្រតិភូក្រសួងពាណិជ្ជកម្ម និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ចូលរួមកិច្ចប្រជុំពិភាក្សាជាមួយគណៈកម្មការទី៩ នៃព្រឹទ្ធសភា ដើម្បីពិភាក្សា និងការពារលើសេចក្តីព្រាងច្បាប់ស្តីពីវិធានដើមកំណើតទំនិញ ដែលក្រោមអធិបតីភាព ឯកឧត្តម គង់ សារាជ ប្រធានគណៈកម្មការទី៩ និងជាសមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍ ព្រមទាំងមានការចូលរួមពីសមាជិក សមាជិកា ដ៏ឧត្តុង្គឧត្តម មកពីគណៈកម្មការជំនាញទាំងអស់នៃព្រឹទ្ធសភា ផងដែរ។

ជាកិច្ចចាប់ផ្តើម ឯកឧត្តម គង់ សារាជ ប្រធានគណៈកម្មការទី៩ និងជាសមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍ បានមានមតិស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ដែលជាតំណាងឱ្យរាជរដ្ឋាភិបាល និងសហការី ចូលរួមពិភាក្សានិងការពារសេចក្តីព្រាងច្បាប់ខាងលើ។

បន្ថែមពីនេះ​ ឯកឧត្តមប្រធាន ក៏បានធ្វើសេចក្តីរាយការណ៍យ៉ាងពិស្តារលើអត្ថបទនៃសេចក្តីព្រាងច្បាប់ស្តីពីវិធានដើមកំណើតទំនិញ ដោយ​បញ្ជាក់ថាសេចក្តីព្រាង​ច្បាប់នេះបានរៀបចំឡើងត្រឹមត្រូវតាមបទប្បញ្ញត្តិនៃរដ្ឋធម្មនុញ្ញ ច្បាប់ និងបទដ្ឋានគតិយុត្តិពាក់ព័ន្ធនានា។

ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងអំណរគុណចំពោះ ឯកឧត្តមប្រធាន សមាជិក សមាជិកា ដ៏ឧត្តុង្គឧត្តម នៃព្រឹទ្ធសភាដែលបានអនុញ្ញាតឱ្យក្រសួងពាណិជ្ជកម្មដាក់សេចក្តីព្រាងច្បាប់នេះក្នុងរបៀបវារៈនៃកិច្ចប្រជុំពិភាក្សារបស់គណៈកម្មការទី៩​ នាថ្ងៃនេះ​ព្រម​ទាំងបានជម្រាបជូនអង្គប្រជុំនូវយុត្តិកម្ម គោលបំណង សាវតារ ខ្លឹមសារ ក៏ដូចជាអត្ថប្រយោជន៍នៃសេចក្តីព្រាងច្បាប់ស្តីពីវិធានដើមកំណើតទំនិញនេះឱ្យកាន់តែស៊ីជំរៅបន្ថែមទៀត។ ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានឆ្លើយបំភ្លឺយ៉ាងក្បោះក្បាយ នូវសំណួរនានាដែលសមាជិក សមាជិកាដ៏ឧត្តុង្គឧត្តមនៃព្រឹទ្ធសភា បានលើកឡើង ពាក់ព័ន្ធនឹងសេចក្តីព្រាងច្បាប់នេះផងដែរ។

ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ជូនអង្គប្រជុំផងដែរថា សេចក្តីព្រាងច្បាប់ស្តីពីវិធានដើម​កំណើត​ទំនិញ​នេះ គឺជាសមិទ្ធផលថ្មីមួយទៀត ក្នុងការអភិវឌ្ឍបទដ្ឋានគតិយុត្តិរបស់វិស័យសេដ្ឋកិច្ចនិងពាណិជ្ជកម្ម ហើយក៏​ជា​ផ្នែកមួយដ៏មានសារៈសំខាន់នៃប្រព័ន្ធច្បាប់នៅលើពិភពលោក ដោយដើរទន្ទឹមគ្នាជាមួយកិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី តំបន់ និងពហុភាគី ដែលថ្មីៗនេះ មានដូចជា កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់​ជ្រុងជ្រោយ​តំបន់ ​(អាសិប) កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន និងកម្ពុជា-កូរ៉េ ជាដើម។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមប្រធានគណៈកម្មការទី៩ បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងបំពេញភារកិច្ចរបស់ ឯកឧត្តមរដ្ឋមន្រ្តី ក៏ដូចជាថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ក្រុមការងារអន្តរក្រសួង ព្រមទាំងមន្រ្តីរាជការនៃក្រសួងពាណិជ្ជកម្ម ដែលបានអនុវត្តភារកិច្ចជំនាញយ៉ាងសកម្ម ស្របតាមគោលនយោបាយ និងយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល ដោយទទួលបានលទ្ធផល គួរជាទីមោទនៈ ជាពិសេសការកសាងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិនានា ក្រោមការដឹកនាំ ប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។

ជាលទ្ធផល អង្គប្រជុំបានសម្តែងនូវការគាំទ្រទាំងស្រុងទៅលើទម្រង់ និងខ្លឹមសារនៃសេចក្តីព្រាងច្បាប់នេះ នឹងឯកភាពសម្រេចបញ្ជូនសេចក្តីព្រាងច្បាប់នេះទៅគណៈកម្មាធិការអចិន្រ្តៃយ៍ ដើម្បីពិនិត្យនិងស្នើសុំដាក់ចូលក្នុងរបៀបវារៈនៃសម័យប្រជុំពេញអង្គព្រឹទ្ធសភានាពេលខាងមុខ៕

https://s2.moc.gov.kh/mocspace/mocspace_1687141160470.jpg
https://s2.moc.gov.kh/mocspace/mocspace_1687141161014.jpg
https://s2.moc.gov.kh/mocspace/mocspace_1687141161052.jpg
https://s2.moc.gov.kh/mocspace/mocspace_1687141161251.jpg
https://s2.moc.gov.kh/mocspace/mocspace_1687141161401.jpg
https://s2.moc.gov.kh/mocspace/mocspace_1687141161545.jpg
https://s2.moc.gov.kh/mocspace/mocspace_1687141161203.jpg
https://s2.moc.gov.kh/mocspace/mocspace_1687141161304.jpg
https://s2.moc.gov.kh/mocspace/mocspace_1687141161159.jpg
https://s2.moc.gov.kh/mocspace/mocspace_1687141161091.jpg
https://s2.moc.gov.kh/mocspace/mocspace_1687141161172.jpg
https://s2.moc.gov.kh/mocspace/mocspace_1687141161645.jpg
https://s2.moc.gov.kh/mocspace/mocspace_1687141161361.jpg
https://s2.moc.gov.kh/mocspace/mocspace_1687141161970.jpg
https://s2.moc.gov.kh/mocspace/mocspace_1687141161811.jpg