ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការអគារតាំងលក់រថយន្តទំនើបរបស់ក្រុមហ៊ុន GREAT WALL MOTOR CAMBODIA ដែលនាំចូលដោយក្រុមហ៊ុន វ័នរ៉ូដ គ្រុប (ONEROAD GROUP)

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣ - ប្រភេទព័ត៌មាន: កិច្ចប្រជុំ

image

(ភ្នំពេញ)៖ នាព្រឹកថ្ងៃចន្ទ ទី១៩ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការអគារតាំងលក់រថយន្តទំនើបរបស់ក្រុមហ៊ុន GREAT WALL MOTOR CAMBODIA ដែលនាំចូលក្រុមហ៊ុន វ័នរ៉ូដ គ្រុប (ONEROAD GROUP) ហើយពិធីនេះមានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម និង ក្រុមហ៊ុន វ័នរ៉ូដ ប្រចាំព្រះរាជាណាចក្រកម្ពុជា ព្រមទាំង ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ ជាច្រើនរូប។

ពេញបរិបូរណ៍ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី បានសម្ដែងនូវសេចក្តីសោមនស្សរីករាយក្នុងការចូលរួមជាអធិបតីក្នុងពិធីសម្ពោធទីស្នាក់ការដាក់តាំងលក់រថយន្តទំនើបនេះ ព្រមទាំងបានថ្លែងកោតសរសើរ និងអបអរសាទរចំពោះក្រុមហ៊ុនវ័នរ៉ូដ គ្រុប ដែលបាននាំយករថយន្តម៉ាក GREAT WALL មកលក់លើទីផ្សារនៃព្រះរាជាណាចក្រកម្ពុជា ក្នុងស្ថានភាពដែលប្រជាជនកម្ពុជាកំពុងរស់យ៉ាងសុខសាន្តក្រោមដំបូលសន្តិភាពពេញបរិបូរណ៍។

ឯកឧត្តមរដ្ឋមន្រ្តី បន្តថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា រាជរដ្ឋាភិបាល សម្រេចបាននូវសមិទ្ធផលធំៗយ៉ាងច្រើនប្រកបដោយមោទកភាព រួមមាន៖ ការរក្សាបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ និងសណ្តាប់ធ្នាប់សាធារណៈ, ភាពជោគជ័យក្នុងការប្រយុទ្ធឈ្នះជំងឺកូវីដ-១៩, ភាពជោគជ័យក្នុងការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ាន, ភាពជោគជ័យក្នុងការរៀបចំកម្មវិធីអង្គរសង្ក្រាន, ជោគជ័យជាប្រវត្តិសាស្រ្តក្នុងការធ្វើជាម្ចាស់ផ្ទះនៃការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម លើកទី៣២, ភាពជោគជ័យក្នុងការធ្វើជាម្ចាស់ផ្ទះនៃការរៀបចំព្រឹត្តការណ៏ប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ជាពិសេសការសម្រេចបាននូវការបើកច្រកទីផ្សារថ្មីៗជាបន្តបន្ទាប់តាមរយៈកិច្ចព្រមព្រៀងនានា ដូចជា៖ កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP), កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-ចិន, កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-កូរ៉េ, កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម ព្រមទាំងកិច្ចព្រមព្រៀងភាពជាដៃគូពាណិជ្ជកម្មជាមួយបណ្តាប្រទេសមួយចំនួនទៀត ដែលកំពុងបន្តចរចាជាបន្តបន្ទាប់ ហើយនឹងបញ្ចប់នាពេលខាងមុខ។

ឯកឧត្តមរដ្ឋមន្រ្តី បន្ថែមថា ភាពរីកចម្រើនរបស់កម្ពុជាពិតជាមិនអាចកាត់ផ្តាច់ពីការចូលរួមរបស់មិត្តចិនបានឡើយ ហើយតាមរយៈការផ្តល់ជំនួយ និងកិច្ចសហប្រតិបត្តិការល្អនានារបស់មិត្តចិន បានធ្វើឱ្យប្រទេសទាំងពីរសម្រេចបានកិច្ចព្រមព្រៀងពាណិជ្ចកម្មសេរីទ្វេភាគីកម្ពុជា-ចិន ដែលបានចូលជាធរមានកាលពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៣នេះ ហើយតាមរយៈកិច្ចព្រមព្រៀងនេះ យើងសង្ឃឹមថា ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-ចិន និងការវិនិយោគចិននៅកម្ពុជា នឹងបន្តកើនឡើងជាបន្តបន្ទាប់ពីមួយឆ្នាំទៅមួយឆ្នាំ ស្របជាមួយនឹងចក្ខុវិស័យការកសាងសហគមន៍វាសនារួមកម្ពុជា-ចិនក្រោមកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយកម្ពុជាចិន ជាពិសេសក្របខណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រដែលភាគីកម្ពុជា-ចិន បានឯកភាពគ្នាបង្កើតទ្បើងកាលពីខែកម្ភៈ ឆ្នាំ២០២៣ កន្លងទៅ។

ឯកឧត្តមរដ្ឋមន្រ្តី បញ្ជាក់ថា ភាពជោគជ័យដែលរៀបរាប់ខាងលើសុទ្ធតែជាផ្លែផ្កានៃសុខសន្តិភាព ហើយបើគ្មានសន្តិភាពទេនោះគឺគ្មានការអភិវឌ្ឍឡើយ ជាក់ស្តែងនាពេលបច្ចុប្បន្នដោយសារសន្តិភាពទើបធ្វើឱ្យប្រជាជនកម្ពុជាមានជីវភាពកាន់តែល្អប្រសើរឡើង រហូតមានតម្រូវការនៃការប្រើប្រាស់យានយន្តគ្រប់ប្រភេទ និងគ្រប់ម៉ាកសម្រាប់ជាមធ្យោបាយធ្វើដំណើរ ហើរថយន្តជាច្រើនគ្រឿងត្រូវបាននាំចូលមកកម្ពុជា ក្នុងនោះមានទាំងរថយន្តម៉ាក GREAT WALL ដែលយើងកំពុងសម្ពោធដាក់ឱ្យដំណើរការអគារតាំងលក់នាពេលនេះផងដែរ ដែលនេះគឺជាការឆ្លើយតបនឹងតម្រូវការទីផ្សារនៅកម្ពុជាយ៉ាងពិតប្រាកដ ទាំងក្នុងពេលបច្ចុប្បន្ន និងទៅអនាគត។

លើសពីការនាំចូលរថយន្ត រាជរដ្ឋាភិបាលកម្ពុជាក៏បានលើកទឹកចិត្តឱ្យបណ្តាក្រុមហ៊ុន ធ្វើការវិនិយោគលើការផលិត និងដំឡើងរថយន្តឱ្យបានច្រើននៅកម្ពុជា ដើម្បីធានាដល់ការឈរជើងយូរអង្វែងរបស់ក្រុមហ៊ុនផ្ទាល់ផង និងដើម្បីជួយប្រជាជនកម្ពុជាឱ្យមានលទ្ធភាពប្រើប្រាស់ផង។

ឯកឧត្តមរដ្ឋមន្រ្តី បានកត់សម្គាល់ផងដែរថា ការបណ្តាក់ទុនរបស់ក្រុមហ៊ុនធំៗនៃប្រទេសចិន បានទាក់ទាញឱ្យក្រុមហ៊ុនចិនផ្សេងៗទៀត ងាកឱ្យមកចាប់អារម្មណ៍ និងសម្រេចចិត្តធ្វើធុរកិច្ចនៅកម្ពុជា ជាក់ស្តែងដូចជាគម្រោងវារីអគ្គិសនី គម្រោងសាងសង់ព្រលានយន្តហោះថ្មីនៅខេត្តសៀមរាប គម្រោងសាងសង់ផ្លូវល្បឿនលឿន និងគម្រោងផ្សេងៗជាច្រើនទៀត តួយ៉ាងដូចជាគម្រោងរបស់ក្រុមហ៊ុនវ័នរ៉ូដ គ្រុប និងវ័នរ៉ូដ ហ្គ្រេតវ៉ល ដែលយើងទាំងអស់គ្នាបាន និងកំពុងឃើញនៅថ្ងៃនេះជាដើម៕

សូមជម្រាបជូនថា៖ ក្នុងរយៈពេល ៥ខែ ដើមឆ្នាំ២០២៣ នេះ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-ចិន មានទឹកប្រាក់ប្រមាណជាង ៥ ០០០លានដុល្លារអាម៉េរិក ក្នុងនោះ កម្ពុជាបាននាំចេញទៅចិននូវទំនិញសក្ដានុពល មួយចំនួន មានដូចជា សម្លៀកបំពាក់ ស្បែកជើង សម្ភារៈធ្វើដំណើរ និងកាបូប ព្រមទាំងកសិផល។ល។ រីឯចិនបាននាំចូលមកកម្ពុជានូវទំនិញសំខាន់ៗ ដូចជា យានយន្ត គ្រឿងម៉ាស៊ីន គ្រឿងអេឡិចត្រូនិក សំបកកង់ ផលិតផលប៉្លាស្ទិក និងផលិតផលជាច្រើនទៀត៕

https://s2.moc.gov.kh/mocspace/mocspace_1687312439462.jpg
https://s2.moc.gov.kh/mocspace/mocspace_1687312438688.jpg
https://s2.moc.gov.kh/mocspace/mocspace_1687312439665.jpg
https://s2.moc.gov.kh/mocspace/mocspace_1687312439555.jpg
https://s2.moc.gov.kh/mocspace/mocspace_1687312439775.jpg
https://s2.moc.gov.kh/mocspace/mocspace_1687312440988.jpg
https://s2.moc.gov.kh/mocspace/mocspace_1687312441657.jpg
https://s2.moc.gov.kh/mocspace/mocspace_1687312440877.jpg
https://s2.moc.gov.kh/mocspace/mocspace_1687312439729.jpg
https://s2.moc.gov.kh/mocspace/mocspace_1687312439403.jpg
https://s2.moc.gov.kh/mocspace/mocspace_1687312439549.jpg
https://s2.moc.gov.kh/mocspace/mocspace_1687312441328.jpg
https://s2.moc.gov.kh/mocspace/mocspace_1687312441024.jpg
https://s2.moc.gov.kh/mocspace/mocspace_1687312439522.jpg
https://s2.moc.gov.kh/mocspace/mocspace_1687312440744.jpg
https://s2.moc.gov.kh/mocspace/mocspace_1687312440828.jpg
https://s2.moc.gov.kh/mocspace/mocspace_1687312439515.jpg
https://s2.moc.gov.kh/mocspace/mocspace_1687312439869.jpg
https://s2.moc.gov.kh/mocspace/mocspace_1687312441242.jpg
https://s2.moc.gov.kh/mocspace/mocspace_1687312442056.jpg
https://s2.moc.gov.kh/mocspace/mocspace_1687312441500.jpg
https://s2.moc.gov.kh/mocspace/mocspace_1687312441225.jpg
https://s2.moc.gov.kh/mocspace/mocspace_1687312441156.jpg
https://s2.moc.gov.kh/mocspace/mocspace_1687312441930.jpg
https://s2.moc.gov.kh/mocspace/mocspace_1687312442020.jpg
https://s2.moc.gov.kh/mocspace/mocspace_1687312442046.jpg
https://s2.moc.gov.kh/mocspace/mocspace_1687312441890.jpg
https://s2.moc.gov.kh/mocspace/mocspace_1687312442439.jpg
https://s2.moc.gov.kh/mocspace/mocspace_1687312441413.jpg
https://s2.moc.gov.kh/mocspace/mocspace_1687312441836.jpg
https://s2.moc.gov.kh/mocspace/mocspace_1687312442067.jpg