ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ជួបពិភាក្សាការងារជាមួយ លោកស្រី Chenling Zhang នាយការប្រតិបត្តិស្តីទីក្រុមហ៊ុន ONEROAD GROUP និងសហការី

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣ - ប្រភេទព័ត៌មាន: កិច្ចប្រជុំ

image

(ភ្នំពេញ)៖ នារសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានទទួលជួបសម្ដែងការគួសម និងពិភាក្សាការងារជាមួយ លោកស្រី Chenling Zhang នាយិការប្រតិបត្តិស្តីទីក្រុមហ៊ុន ONEROAD GROUP និងសហការី ដើម្បីស្វែងយល់បន្ថែមអំពីសក្កដានុពលពាណិជ្ជកម្ម និងបរិយាកាសធុរកិច្ចនៅកម្ពុជា។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវស្វាគមន៍យ៉ាងកក់ក្ដៅចំពោះ លោកស្រីនាយិការប្រតិបត្តិស្តីទី និងសហការី ដែល​បាន​អញ្ជើញ​​មកពិភាក្សាការងារ និងមានបំណងស្វែងយល់បន្ថែមពីឱកាសវិនិយោគនៅកម្ពុជា។

ឯកឧត្តមរដ្ឋមន្ត្រី បន្តថា ក្រោមកិច្ចខិតខំប្រែងរបស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយ សម្តេច​​អគ្គ​មហា​​សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រ​កម្ពុជា បានធ្វើឱ្យបរិយាកាសធុរកិច្ចនៅកម្ពុជាកាន់តែប្រសើឡើងពីមួយថ្ងៃទៅមួយថ្ងៃ តាមរយៈ​ការ​កសាង​លិខិត​បទដ្ឋាន​គតិយុត្តដើម្បីគាំទ្រដល់ការវិយោគ, ការធ្វើវិមជ្ឈការ និងវិសហមជ្ឈការលើកិច្ចការអាទិភាពមួយចំនួន និងការ​សម្រេច​​បាននូវការបើក​ច្រកទីផ្សារថ្មីៗ​បន្ថែមជាបន្តបន្ទាប់ រួមមាន៖ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី​កម្ពុជា-ចិន, កិច្ចព្រមព្រៀង​​ពាណិជ្ជកម្ម​​សេរីទ្វេ​ភាគី​កម្ពុជា​-កូរ៉េ, កិច្ច​ព្រមព្រៀង​ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុង​ជ្រោយ​តំបន់ (អាសិប) កិច្ចព្រមព្រៀង​ភាពជាដៃ​គូសេដ្ឋកិច្ច​គ្រប់ជ្រុងជ្រោយ​​រវាង​កម្ពុជា-អេមីរ៉ាតអារ៉ាប់រួម និងកិច្ច​ព្រមព្រៀង​ជាមួយ​​ដៃគូ​ផ្សេងៗ​​​ទៀត​​​ ផង​ដែរ។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានលើកទឹកចិត្តដល់វិនិយោគិន និងធុរជនទាំងអស់ ជាពិសេសវិនិយោគិន និងធុរជនចិន​ ដែល​មិនទាន់​បានមកវិនិយោគនៅកម្ពុជា មកសិក្សារស្វែងយល់ និងមកវិនិយោគបន្ថែមនៅកម្ពុជា ដើម្បីប្រើប្រាស់សក្កដានុពលនានាលើវិស័យធុរកិច្ច ដែល​កម្ពុជា​កំពុងមាន ឱ្យបានជាអតិបរមា។

ជាការឆ្លើយតប លោកស្រីនាយិការប្រតិបត្តិស្តីទី បានថ្លែងអំណរគុណចំពោះ ឯកឧត្តមរដ្ឋមន្ត្រី ដែលបានទទួលស្វាគមន៍យ៉ាងកក់ក្ដៅ និង​បានផ្ដល់នូវទស្សនាទានល្អៗ និងបរិយាយលម្អិតពីបរិយាកាសធុរកិច្ច និងវិនិយោគ នៅកម្ពុជា។

លោកស្រីនាយិការប្រតិបត្តិស្តីទី បន្តថា ក្រុមហ៊ុន ONEROAD GROUP ប្ដេជ្ញាថានឹងសហការយ៉ាងជិតស្និតជាមួយរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្រសួងពាណិជ្ជកម្ម ដើម្បីទាញយក ក៏ដូចជាប្រើប្រាស់សក្កដានុពលពាណិជ្ជកម្ម ដែលកម្ពុជាកំពុងតែមាន។

នៅកិច្ចបញ្ចប់ ឯកឧត្តមរដ្ឋមន្ត្រី ថ្លែងអបអរសាទរដល់ លោកស្រីនាយិការប្រតិបត្តិស្តីទី ក៏ដូចជា ក្រុមហ៊ុន ONEROAD GROUP ដែលទើបបានប្រកាស​បើកសម្ពោធ ជាផ្លូវការនូវស្នាក់ការលក់រថយន្តទំនើបម៉ាក ហ្គ្រេតវ៉ល (Great Wall) នៅ​ទីក្រុង​ភ្នំពេញ និងបានជូនពរដល់ លោកស្រីនាយិការប្រតិបត្តិស្តីទី និង ក្រុមហ៊ុន ONEROAD GROUP កាន់​តែទទួល​បាន​ជោគជ័យ​បន្ថែម​ទៀត​៕

https://s2.moc.gov.kh/mocspace/mocspace_1687312813492.jpg
https://s2.moc.gov.kh/mocspace/mocspace_1687312813061.jpg
https://s2.moc.gov.kh/mocspace/mocspace_1687312812590.jpg
https://s2.moc.gov.kh/mocspace/mocspace_1687312812838.jpg
https://s2.moc.gov.kh/mocspace/mocspace_1687312814445.jpg
https://s2.moc.gov.kh/mocspace/mocspace_1687312813628.jpg
https://s2.moc.gov.kh/mocspace/mocspace_1687312813760.jpg
https://s2.moc.gov.kh/mocspace/mocspace_1687312813606.jpg
https://s2.moc.gov.kh/mocspace/mocspace_1687312812637.jpg
https://s2.moc.gov.kh/mocspace/mocspace_1687312812782.jpg
https://s2.moc.gov.kh/mocspace/mocspace_1687312813480.jpg
https://s2.moc.gov.kh/mocspace/mocspace_1687312813644.jpg
https://s2.moc.gov.kh/mocspace/mocspace_1687312814162.jpg