ឯកឧត្តម ប៉ាន សូរស័ក្តិ អញ្ជើញអធិបតីក្នុងពិធីសំណេះសំណាលប្រគល់ប្រាក់រង្វាន់លើកទឹកចិត្ត ជូនដល់គណៈកម្មការ គ្រូបង្វឹក ក្មួយៗកីឡាករ-កីឡាការិនី

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣ - ប្រភេទព័ត៌មាន: ព័ត៌មានទូទៅ

image

(ភ្នំពេញ)៖ នាព្រឹកថ្ងៃសុក្រ ទី២៣ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាអនុប្រធានទី១ សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា បានអញ្ជើញអធិបតីក្នុងពិធីសំណេះសំណាលប្រគល់ប្រាក់រង្វាន់លើកទឹកចិត្ត ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានសហព័ន្ធកីឡា ទូកកានូ និងរ៉ូអ៊ីងកម្ពុជា ជូនដល់គណៈកម្មការ គ្រូបង្វឹក ក្មួយៗកីឡាករ កីឡាការិនី ដែលដណ្តើមបានមេដាយ ក្នុងការប្រកួតកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ “ទូកនាគ” នៅមជ្ឈមណ្ឌលកីឡដ្ឋានលើទឹក នាក្រុងកំពត ខេត្តកំពត ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកន្លងទៅថ្មីៗនេះ។

ពិធីនេះ ធ្វើឡើងនៅទីស្តីការក្រសួងពាណិជ្ជកម្ម និងមានការអញ្ជើញចូលរួមពី ឯកឧត្តមបណ្ឌិត មាស សារិន អនុប្រធានអចិន្ត្រៃយ៍សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា, ឯកឧត្តម លោកជំទាវ លោក លោកស្រី អនុប្រធាន សមាជិក សមាជិកា សហព័ន្ធកីឡា ទូកកានូ និងរ៉ូអ៊ីងកម្ពុជា, គណៈកម្មការបច្ចេកទេសសហព័ន្ធ, គ្រូបង្វឹក គ្រូជំនួយ និងកីឡាករ-កីឡាការិនី ជាច្រើនរូប។

ក្នុងឱកាសនោះ ឯកឧត្តមអនុប្រធានទី១សហព័ន្ធ បានសម្ដែងនូវសេចក្តីសោមន្សរីករាយ, កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា ដែលបានខិតខំរៀបចំការប្រកួតកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ “ទូកនាគ” ក្នុងព្រឹត្តិការណ៍ប្រកួតកីឡា SEA Games លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាយើងធ្វើជាម្ចាស់ផ្ទះបានយ៉ាងល្អប្រសើរ រហូតទទួលបានជោគជ័យគួរជាទីមោទកៈ ជាពិសេស កីឡាករ-កីឡាការិនី ដែលបានខិតខំប្រឹងប្រែងបញ្ចេញសមត្ថភាព ទេពកោសល្យ ក្នុងការប្រកួតប្រជែងរហូតដណ្តើមបានមេដាយសរុបចំនួន ០៨គ្រឿង ក្នុងនោះ មេដាយមាសចំនួន ២គ្រឿង ប្រាក់ ២គ្រឿង និងសំរឹទ្ធ ៤គ្រឿង ដែលនេះជាតួលេខដ៏ល្អប្រសើរលើសពីផែនការរបស់សហព័ន្ធ ដែលបានដាក់ជូនគណៈកម្មាធិការជាតិ CAMSOC នាមុនពេលប្រកួត។

ឯកឧត្តមអនុប្រធានទី១សហព័ន្ធ បញ្ជាក់ថា ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍ SEA Games លើកទី៣២ ឆ្នាំ២០២៣ នេះ ព្រះរាជាណាចក្រកម្ពុជា ដណ្តើមបានមេដាយមាសសរុប ៨១គ្រឿង ប្រាក់ ៧៤គ្រឿង សំរឹទ្ធ ១២៧គ្រឿង សរុបទាំងអស់មានចំនួន ២៨២គ្រឿង ឈរនៅលេខរៀងទី៤ ក្នុងចំណោមប្រទេសទាំង១១ ក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលលទ្ធផលខាងលើនេះបានបំបែកនូវកំណត់ត្រា នៃព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមកន្លងមក ហើយគឺពិតជាព្រឹត្តិការណ៍ប្រកួតកីឡាជាប្រវត្តិសាស្ត្រធំមួយ ដែលបានលើកតម្កើងមុខមាត់ជាតិទាំងមូល ក្រោមមាគ៌ាដឹកនាំប្រកបដោយភាពឈ្លាសវៃ និងគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តមអនុប្រធានទី១សហព័ន្ធ បន្តថា បន្ទាប់ពីការដាក់ចេញនូវនយោបាយ «ឈ្នះ-ឈ្នះ» ប្រទេសជាតិទាំងមូលទទួលបានសុខសន្តិភាពពេញលេញ និងមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ប្រជាពលរដ្ឋរស់នៅយ៉ាងសុខសាន្ត ស្ថានភាពជីវភាពល្អប្រសើរ កំណើនសេដ្ឋកិច្ចមានការកើនឡើងក្នុងរង្វង់ ៧,១% ជាងពីរទសវត្សរ៍ ហើយត្រូវបានមជ្ឈដ្ឋានអន្តរជាតិទទួលស្គាល់ពីការផ្លាស់ប្ដូរជាវិជ្ជមាននេះ ទាំងទិដ្ឋភាពនយោបាយ សន្តិសុខ សេដ្ឋកិច្ច និងសង្គម។

ឯកឧត្តមអនុប្រធានទី១សហព័ន្ធ បន្ថែមថា សុខសន្តិភាព ពិតជាមានតម្លៃមិនអាចកាត់ថ្លៃបានឡើយ ហេតុដូច្នេះយើងទាំងអស់គ្នាត្រូវចងចាំ និងដឹងគុណជានិច្ចចំពោះស្ថាបនិកមគ្គុទេសក៍ឯក ជាប្រតិបត្តិករនៃនយោបាយ «ឈ្នះ-ឈ្នះ» គឺ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានយកជីវិតធ្វើជាដើមទុន ពុះពាររាល់ការលំបាក និងលះបង់គ្រប់បែបយ៉ាង ដើម្បីបញ្ចប់សង្គ្រាមរ៉ាំរ៉ៃរវាងខ្មែរ និងខ្មែរ ហើយនាំឱ្យប្រទេសកម្ពុជាយើងទទួលបាន សុខសន្តិភាពពេញលេញ មានការឯកភាពជាតិ-ទឹកដី រស់ក្រោមដំបូលព្រះមហាក្សត្រតែមួយ រដ្ឋធម្មនុញ្ញតែមួយ និងការប្រកាន់យកនូវលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស។

ឆ្លៀតឱកាសនេះ ឯកឧត្តមអនុប្រធានទី១សហព័ន្ធ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា ដែល សម្តេច តែងបានយកចិត្តទុកដាក់ក្នុងការណែនាំចង្អុលបង្ហាញ ឧបត្ថម្ភគាំទ្រ ទាំងស្មារតី សម្ភារៈ និងថវិកាផ្ទាល់របស់ សម្តេច ជារៀងរហូតមក ហើយជាក់ស្តែងនៅពេលនេះ សម្តេចក្រឡាហោម បានផ្តល់ជាប្រាក់រង្វាន់លើកទឹកចិត្ត ជូនដល់គណៈកម្មការ គ្រូបង្វឹក កីឡាករ-កីឡាការិនី ដែលទទួលបានជ័យលាភី មានដូចខាងក្រោម៖១-គណៈកម្មការរៀបចំការប្រកួតចំនួន ៨១នាក់ ក្នុងម្នាក់ៗទទួលបានថវិកាចំនួន ៤០ម៉ឺនរៀល (សរុបថវិកាចំនួន ៣២,៤០០,០០០ រៀល)២-គ្រូបង្វឹក ០៥នាក់ ក្នុងម្នាក់ៗទទួលបានថវិកាចំនួន ៤០ម៉ឺនរៀល (សរុបថវិកាចំនួន ២,០០០,០០០ រៀល)៣-កីឡាករ-កីឡាការិនី ដណ្តើមបានមេដាយ មាស ០១គ្រឿង ទទួលបានថវិកាចំនួន ១លានរៀល ក្នុង១នាក់ (សរុបថវិកាចំនួន ១៤,០០០,០០០ រៀល)៤-កីឡាករ-កីឡាការិនី ដណ្តើមបានមេដាយប្រាក់ ១គ្រឿង ទទួលបានថវិកាចំនួន ៦០ម៉ឺនរៀល ក្នុង១នាក់ (សរុបថវិកាចំនួន ៧,៨០០,០០០ រៀល)៥-កីឡាករ កីឡាការិនី ដណ្តើមបានមេដាយ សំរឹទ្ធ ១គ្រឿង ទទួលបានថវិកា ចំនួន ៤០ម៉ឺនរៀល ក្នុង ១នាក់ (សរុបថវិកាចំនួន ២២,៤០០,០០០ រៀល)សរុបថវិកាទាំងអស់ មានចំនួន ៧៨,៦០០,០០០ (ចិតសិបប្រាំបីលាន ប្រាំមួយសែន) រៀល៕

https://s2.moc.gov.kh/mocspace/mocspace_1688374689993.jpg
https://s2.moc.gov.kh/mocspace/mocspace_1688374687119.jpg
https://s2.moc.gov.kh/mocspace/mocspace_1688374687960.jpg
https://s2.moc.gov.kh/mocspace/mocspace_1688374687323.jpg
https://s2.moc.gov.kh/mocspace/mocspace_1688374687568.jpg
https://s2.moc.gov.kh/mocspace/mocspace_1688374687306.jpg
https://s2.moc.gov.kh/mocspace/mocspace_1688374687592.jpg
https://s2.moc.gov.kh/mocspace/mocspace_1688374688423.jpg
https://s2.moc.gov.kh/mocspace/mocspace_1688374689148.jpg
https://s2.moc.gov.kh/mocspace/mocspace_1688374687951.jpg
https://s2.moc.gov.kh/mocspace/mocspace_1688374687432.jpg
https://s2.moc.gov.kh/mocspace/mocspace_1688374687637.jpg
https://s2.moc.gov.kh/mocspace/mocspace_1688374685435.jpg
https://s2.moc.gov.kh/mocspace/mocspace_1688374687575.jpg
https://s2.moc.gov.kh/mocspace/mocspace_1688374687514.jpg
https://s2.moc.gov.kh/mocspace/mocspace_1688374687967.jpg
https://s2.moc.gov.kh/mocspace/mocspace_1688374686763.jpg
https://s2.moc.gov.kh/mocspace/mocspace_1688374687259.jpg
https://s2.moc.gov.kh/mocspace/mocspace_1688374687333.jpg
https://s2.moc.gov.kh/mocspace/mocspace_1688374687473.jpg
https://s2.moc.gov.kh/mocspace/mocspace_1688374689227.jpg
https://s2.moc.gov.kh/mocspace/mocspace_1688374688979.jpg
https://s2.moc.gov.kh/mocspace/mocspace_1688374687847.jpg
https://s2.moc.gov.kh/mocspace/mocspace_1688374688915.jpg
https://s2.moc.gov.kh/mocspace/mocspace_1688374688260.jpg
https://s2.moc.gov.kh/mocspace/mocspace_1688374688997.jpg
https://s2.moc.gov.kh/mocspace/mocspace_1688374687910.jpg
https://s2.moc.gov.kh/mocspace/mocspace_1688374689462.jpg
https://s2.moc.gov.kh/mocspace/mocspace_1688374689628.jpg
https://s2.moc.gov.kh/mocspace/mocspace_1688374689453.jpg
https://s2.moc.gov.kh/mocspace/mocspace_1688374688968.jpg
https://s2.moc.gov.kh/mocspace/mocspace_1688374688522.jpg
https://s2.moc.gov.kh/mocspace/mocspace_1688374688861.jpg
https://s2.moc.gov.kh/mocspace/mocspace_1688374689086.jpg