ឯកឧត្តម ប៉ាន សូរស័ក្តិ និង លោកជំទាវ MARIA AMELITA C. AQUINO អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធការបើកច្រកទីផ្សារនាំចេញអង្ករទៅកាន់ប្រទេសហ្វីលីពីន

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ - ប្រភេទព័ត៌មាន: កិច្ចប្រជុំ

image

(ភ្នំពេញ)៖ (ភ្នំពេញ)៖ នាព្រឹកថ្ងៃ២៦ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និង លោកជំទាវ MARIA AMELITA C. AQUINO ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណៈរដ្ឋហ្វីលីពីន បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីសម្ពោធការបើកច្រកទីផ្សារនាំចេញអង្ករទៅកាន់ប្រទេសហ្វីលីពីន ដែលពិធីនេះ រៀបចំឡើងនៅទីស្តីការក្រសួងពាណិជ្ជកម្ម និងមានការអញ្ជើញចូលរួមពី លោកជំទាវ សឿង រដ្ឋថាវី រដ្ឋលេខាធិការក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ, ឯកឧត្តម ឡឹក សុធា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ឯកឧត្តមបណ្ឌិត តាន់ មុន្នីវណ្ណ អនុប្រធានសភាពាណិជ្ជកម្ម តំណាង អ្នកឧកញ៉ា គិត ម៉េង រួមជាមួយ ឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ប្រតិភូរាជរដ្ឋាភិបាល លោកជំទាវ ឧកញ៉ា លោកស្រី ដែលជាមន្ត្រីរាជការនៃក្រសួងពាណិជ្ជកម្ម និងសមាជិកសហព័ន្ធស្រូវអង្ករកម្ពុជា ប្រមាណ ១០០នាក់។

ជាកិច្ចចាប់ផ្ដើម លោកឧកញ៉ា ចាន់ សុឃាំង ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានរាយការណ៍អំពីស្ថានភាពនៃការនាំចេញក្នុងរយៈពេល ៥ខែ ដើមឆ្នាំ២០២៣ ដែលព្រះរាជាណាចក្រកម្ពុជាសម្រេចបានការនាំចេញអង្ករចំនួន ២៧៨,១៨៤តោន ស្មើនឹង ១៩១.៦៤ លានដុល្លារសហរដ្ឋអាម៉េរិក ទៅកាន់គោលដៅចំនួន៤៩ ក្នុងនោះមានទីផ្សារថ្មីចំនួន១ ត្រូវបានកើតឡើង គឺទីផ្សារប្រទេសហ្វីលីពីន ដែលបាននាំចេញជាលើកដំបូងក្នុបរិមាណច្រើនមិនធ្លាប់មានពីមុន គឺចំនួន ២ ៥៧៥ តោន។

លោកឧកញ៉ា បន្តថា ការនាំចេញទៅកាន់ទីផ្សារប្រទេសហ្វីលីពីនក្នុងបរិមាណច្រើនជាលើកទី១នេះ គឺត្រូវបានអនុវត្តន៍ឡើងដោយ ក្រុមហ៊ុន ខ្មែរហ៊្វូត គ្រុប ឯ.ក ដែលមាន លោក ឧកញ៉ា គឹម សាវុធ ជាអគ្គនាយក ដោយកើតចេញពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលតែងតែខិតខំស្វែងរកទីផ្សារជូនអង្ករកម្ពុជា ជាពិសេសនៅគ្រប់កិច្ចសវនការ និងការប្រជុំនានា ជាមួយប្រមុខរដ្ឋាភិបាលប្រទេសផ្សេងៗ សម្តេច តែងតែស្នើឱ្យសមភាគីប្រទេសទាំងនោះជួយទិញអង្ករកម្ពុជា ឱ្យបានច្រើន ជាក់ស្តែងនៅក្នុងជំនួបប្រមុខរដ្ឋ និងប្រមុខការទូតទាំងអស់ ដែលក្នុងនោះរួមទាំង ឯកឧត្តមប្រធានាធិបតីប្រទេសហ្វីលីពីន ដែលបានអញ្ជើញមកធ្វើការទស្សនៈកិច្ចនៅកម្ពុជាក្នុងកំឡុងពេលកិច្ចប្រជុំកំពូលអាស៊ាន នៅកម្ពុជា ផងដែរ។

លោកឧកញ៉ា បន្ថែមថា ក្រសួងពាណិជ្ជកម្ម ដែលមានក្រុមហ៊ុនហ្គ្រីនត្រេដ ជាសេនាធិការ បានធ្វើកិច្ចសហប្រតិបត្តិការជាមួយសហព័ន្ធស្រូវអង្ករកម្ពុជា រៀបចំការធ្វើទស្សនៈកិច្ចសិក្សាទីផ្សារដោយផ្ទាល់នៅប្រទេសហ្វីលីពីនកាលពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៣ កន្លងទៅ ដែលដឹកនាំដោយ លោកជំទាវ គឹម ស្រីរ័ត្ន អនុរដ្ឋលេខាធិការនៃក្រសួងពាណិជ្ជកម្ម និង ឯកឧត្តម ចាន់ សុខទី ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាប្រធានអគ្គនាយកក្រុមហ៊ុនហ្គ្រីនត្រេដ ដោយទទួលបានការសម្របសម្រួលពី ឧកញ៉ា វ៉ាន់ ស៊ូអៀង ទីប្រឹក្សាសហព័ន្ធស្រូវអង្ករ បានអញ្ជើញនិងទទួលគណៈប្រតិភូដែលជាអ្នកនាំចូលពីប្រទេសហ្វីលីពីន កាលពីសប្តាហ៍ទី៣ និងទី៤ ខែមីនា ឆ្នាំ២០២៣ ចំនួន ៣ក្រុមផ្សេងៗគ្នា ដើម្បីធ្វើទស្សនៈកិច្ចទៅពិនិត្យរោងចក្រដោយផ្ទាល់ រហូតឈានទៅដល់កិច្ចព្រៀមព្រៀងទិញលក់តែម្តង ដោយមានក្រុមហ៊ុន Khmer Foods Group Co.Ltd ជាអ្នកសម្រេចឈានមុខគេ។

ក្នុងឱកាសនេះដែរ លោកជំទាវឯកអគ្គរដ្ឋទូត ក៏បានលើកឡើងអំពីភាពរីកចម្រើននៃទំនាក់ទំនងពាណិជ្ជកម្មរបស់ប្រទេសទាំងពីរ ដែលមានការកើនឡើងប្រមាណជា ២៨.៦ % នៅឆ្នាំ ២០២២ កន្លងមក ព្រមទាំងបានលើកឡើងអំពីការកែសម្រួលច្បាប់ក្នុងការនាំចេញដែលអនុញ្ញាតឱ្យផ្នែកឯកជននាំចូលដោយផ្ទាល់ មិនចាំបាច់ឆ្លងកាត់ក្រុមហ៊ុនរដ្ឋដូចមុននោះឡើយ។

ជាមួយគ្នានេះ លោកជំទាវឯកអគ្គរដ្ឋទូត ក៏បានសាទរនូវការរីកចម្រើននៃការធ្វើពាណិជ្ជកម្មអង្កររវាងកម្ពុជា និងហ្វីលីពីន ជាពិសេសការនាំអង្ករកម្ពុជាទៅកាន់ទីផ្សារហ្វីលីពីន ដែលនេះជាបំណងរបស់កម្ពុជាជាយូរមកហើយ ហើយការងារនេះត្រូវបានចាប់ផ្តើមឡើងដោយក្រុមហ៊ុន ខ្មែរហ៊្វូត គ្រុប ឯ.ក ជាមួយអ្នកនាំចូលហ្វីលីពីន ដែលជាគម្រូមួយសម្រាប់បង្ហាញអំពីសក្តានុពល និងការត្រៀមខ្លួនរួចរាល់របស់អង្ករកម្ពុជាទៅដល់អ្នកនាំចូលផ្សេងទៀតដើម្បីបញ្ជាទិញអង្ករពីកម្ពុជា។

ថ្លែងទៅកាន់អង្គពិធី ឯកឧត្តមរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានការកោតសរសើរដល់សហព័ន្ធស្រូវអង្ករកម្ពុជា ចំពោះការខិតខំបំពេញការងារ និងកិច្ចសហប្រតិបត្តិការល្អជាមួយក្រសួងពាណិជ្ជកម្ម ជាពិសេសក្រុមហ៊ុនហ្គ្រីនត្រេដ រហូតឈានទៅរកការបើកច្រកទីផ្សារអង្ករទៅកាន់ប្រទេសហ្វីលីពីននេះឡើង និងបានស្នើឱ្យបន្តសកម្មភាពនេះសម្រាប់ទីផ្សារផ្សេងទៀត ផងដែរ។

បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានលើកឡើងអំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្នុងការធ្វើឱ្យវិស័យស្រូវអង្ករកម្ពុជា មានភាពប្រកួតប្រជែង តាមរយៈការលើកទឹកចិត្តផ្នែកពន្ធដារ, ការលើកលែងពន្ធ និងអាករគ្រប់ប្រភេទ ដល់រោងម៉ាស៊ីនកិនស្រូវ និងអ្នកនាំចេញ តាំងពីឆ្នាំ២០១១ ហើយបានបន្តជូនរយៈពេល ៥ឆ្នាំបន្ថែមទៀត សម្រាប់សហគ្រាសដែលអស់អាណត្តិ ជាដើម។

ឯកឧត្តមរដ្ឋមន្ត្រី បន្តថា ដើម្បីលើកកម្ពស់វិស័យស្រូវអង្ករកម្ពុជា ក្រសួងពាណិជ្ជកម្មបានខិតខំស្វែងរកទីផ្សារថ្មីបន្ថែមសម្រាប់ស្រូវអង្ករ និងផលិតផលដែលកែច្នៃចេញអំពីស្រូវអង្ករ តាមរយៈពេលកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន (CCFTA) កិច្ចព្រៀមព្រៀងសេរីកម្ពុជា-កូរ៉េ (CKFTA) កិច្ចព្រមព្រៀងសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) និងកិច្ចព្រមព្រៀងភាពជាដៃគូគ្រប់ជ្រុងជ្រោយរវាងកម្ពុជា-អេមីរ៉ាត់ អារ៉ាប់រួម ជាដើម។ លើសពីនេះ ក្រសួងពាណិជ្ជកម្ម ក៏បានខិតខំពង្រីកទីផ្សារបន្ថែមទៀតជាមួយប្រទេសចិន ដោយកំពុងចរចា រៀបចំនីតិវិធីក្នុងការចុះអនុស្សរណៈយោគយល់លើកទី៧ សម្រាប់បរិមាណ ៥០ម៉ឺនតោន សម្រាប់ឆ្នាំ២០២៣-២០២៤ ផងដែរ។

ដើម្បីគាំទ្រដល់ផែនការនៃការពង្រីកទីផ្សារអង្ករកម្ពុជាទៅកាន់ទីផ្សារប្រទេសហ្វីលីពីន ឱ្យបានកាន់តែច្រើនបន្ថែមទៀតនៅក្នុងឆ្នាំ២០២៤ ឯកឧត្តមរដ្ឋមន្រ្តី បានផ្តល់អនុសាសន៍ មួយចំនួន រួមមាន៖- សហព័ន្ធស្រូវអង្ករកម្ពុជា ក្រុមហ៊ុនហ្គ្រីនត្រេដ និងអ្នកនាំចេញទាំងអស់ត្រូវបន្តកិច្ចសហការជាប្រចាំជាមួយអ្នកនាំចូលហ្វីលីពីន លើការរួមគ្នាផ្សព្វផ្សាយអង្ករកម្ពុជានៅទីផ្សារប្រទេសហ្វីលីពីន ដើម្បីជំរុញ និងបង្កើនតម្រូវការ ការកែប្រែឥរិយាបទអតិថិជនឱ្យទទួលយកនូវអង្ករកម្ពុជាឱ្យកាន់តែច្រើន- ស្នើសុំ លោកជំទាវឯកអគ្គរដ្ឋទូត ជួយលើកទឹកចិត្តដល់អ្នកវិនិយោគ ក៏ដូចអ្នកនាំចូលអង្ករនៅក្នុងប្រទេសហ្វីលីពីន ឱ្យមកវិនិយោគ និងទទួលការនាំចូលអង្ករកម្ពុជា ឱ្យកាន់តែច្រើនថែមទៀត ព្រោះថាអង្ករកម្ពុជាមានរស់ជាតិឆ្ងាញ់ ហើយជាអង្ករដែលឈ្នះពានរង្វាន់ពិភពលោកចំនួន ៥ដង- ក្រសួងពាណិជ្ជកម្ម គ្រប់នាយកដ្ឋាន កុងស៊ុល អនុព័ន្ធពាណិជ្ជកម្មទាំងអស់ ត្រៀមខ្លួនជានិច្ច ដើម្បីគាំទ្រសម្រួលការធ្វើធុរកិច្ចពាណិជ្ជកម្ម និងការផ្សព្វផ្សាយ ដើម្បីឱ្យទីផ្សារអង្ករកម្ពុជាកាន់តែរីកធំឡើង។

សូមបញ្ជាក់ផងដែរថា ចាប់តាំងពីប្រទេសកម្ពុជាធ្វើការនាំចេញអង្ករលើកដំបូងនៅឆ្នាំ២០០៩ រហូតដល់ឆ្នាំ២០២២ ប្រទេសកម្ពុជាធ្លាប់នាំអង្ករទៅកាន់ប្រទេសហ្វីលីពីនតែចំនួន ២ដងគត់ គឺលើកទី១ នៅឆ្នាំ២០២០ ចំនួន ៣០០តោន និង ១០០ តោននៅឆ្នាំ២០២១។ ប្រទេសហ្វីលីពីនជាប្រទេសផលិត និងនាំចូលអង្ករធំមួយនៅក្នុងពិភពលោក ដែលឈរលំដាប់លេខរៀងទី៤ នៅលើពីភពលោក និងលេខរៀងទី២ បន្ទាប់ពីប្រទេសចិន នៅក្នុងទ្វីបអាស៊ី ដោយបាននាំចូលអង្ករ ប្រមាណជាជាង ៣លានតោន ហើយភាគច្រើនប្រទេសក្នុងអាស៊ានដែលមានព្រំដែនជាប់ជាមួយប្រទេសកម្ពុជាយើង។ សម្រាប់ការនាំចេញទ្រង់ទ្រាយធំជាលើកដំបូងមាននចំនួន ២៥៧៥តោន គឺបានដឹកចេញកាលពីចុងខែឧសភា ឆ្នាំ២០២៣ និងបន្តនាំចេញនៅក្នុងរយៈពេលដ៍ខ្លីខាងមុខ៕

https://s2.moc.gov.kh/mocspace/mocspace_1688959846735.jpg
https://s2.moc.gov.kh/mocspace/mocspace_1688959845978.jpg
https://s2.moc.gov.kh/mocspace/mocspace_1688959845083.jpg
https://s2.moc.gov.kh/mocspace/mocspace_1688959844742.jpg
https://s2.moc.gov.kh/mocspace/mocspace_1688959844782.jpg
https://s2.moc.gov.kh/mocspace/mocspace_1688959846726.jpg
https://s2.moc.gov.kh/mocspace/mocspace_1688959846029.jpg
https://s2.moc.gov.kh/mocspace/mocspace_1688959846441.jpg
https://s2.moc.gov.kh/mocspace/mocspace_1688959846048.jpg
https://s2.moc.gov.kh/mocspace/mocspace_1688959846523.jpg
https://s2.moc.gov.kh/mocspace/mocspace_1688959846264.jpg
https://s2.moc.gov.kh/mocspace/mocspace_1688959846035.jpg
https://s2.moc.gov.kh/mocspace/mocspace_1688959845900.jpg
https://s2.moc.gov.kh/mocspace/mocspace_1688959845562.jpg
https://s2.moc.gov.kh/mocspace/mocspace_1688959845715.jpg
https://s2.moc.gov.kh/mocspace/mocspace_1688959846431.jpg
https://s2.moc.gov.kh/mocspace/mocspace_1688959845894.jpg
https://s2.moc.gov.kh/mocspace/mocspace_1688959846169.jpg
https://s2.moc.gov.kh/mocspace/mocspace_1688959846288.jpg
https://s2.moc.gov.kh/mocspace/mocspace_1688959845876.jpg
https://s2.moc.gov.kh/mocspace/mocspace_1688959845477.jpg
https://s2.moc.gov.kh/mocspace/mocspace_1688959845031.jpg
https://s2.moc.gov.kh/mocspace/mocspace_1688959844688.jpg
https://s2.moc.gov.kh/mocspace/mocspace_1688959845023.jpg
https://s2.moc.gov.kh/mocspace/mocspace_1688959846351.jpg
https://s2.moc.gov.kh/mocspace/mocspace_1688959844996.jpg
https://s2.moc.gov.kh/mocspace/mocspace_1688959845697.jpg
https://s2.moc.gov.kh/mocspace/mocspace_1688959845985.jpg
https://s2.moc.gov.kh/mocspace/mocspace_1688959846301.jpg
https://s2.moc.gov.kh/mocspace/mocspace_1688959846112.jpg