(ភ្នំពេញ)៖ កាលពីព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម សុខ សុភ័ក្រ្ត រដ្ឋលេខាធិការនៃក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មការតម្រង់ទិសគម្រោង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានដឹកនាំកិច្ចប្រជុំគណៈកម្មការតម្រង់ទិសគម្រោងគាំទ្រសមាហរណកម្មតំបន់អាស៊ាន-ជំនួយពាក់ព័ន្ធពាណិជ្ជកម្មកម្ពុជា (ARISE Plus Cambodia) លើកទី៥ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ដែលមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ សហភាពអឺរ៉ុបប្រចាំនៅកម្ពុជា ស្ថានទូតអាល្លឺម៉ង់ប្រចាំនៅកម្ពុជា ប្រធានអង្គការ GIZ Cambodia, Eurocham Cambodia និងនាយកគម្រោង ARISE Plus Cambodia។
កិច្ចប្រជុំគណៈកម្មការតម្រង់ទិសនេះ មានគោលបំណងដើម្បីរាយការណ៍ និងពិនិត្យមើលវឌ្ឍនៈភាពការងារដែលសម្រេចបាន និងរៀបចំផែនការយុទ្ធសាស្រ្តបន្ទាប់ សម្រាប់សមាសភាគទាំងបីរបស់គម្រោងដែលមាន ១).ការធ្វើឱ្យប្រសើឡើងនូវស្តង់ដារពន្ធគយនិងកិច្ចសម្រួលពាណិជ្ជកម្ម ២).ការពង្រឹងសមត្ថភាពស្ថាប័ន និង ៣).ការធ្វើឱ្យប្រសើរឡើងនូវការអនុវត្តបញ្ញត្តិ និងការធានានូវការចូលរួមពីវិស័យឯកជន។
ឯកឧត្តម សុខ សុភ័ក្រ្ត រដ្ឋលេខាធិការនៃក្រសួងពាណិជ្ជកម្ម បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានអ្នកចូលរួមទាំងអស់សម្រាប់កិច្ចសហប្រតិបត្តិការដ៏ល្អនាពេលកន្លងមកក្នុងការអនុវត្តគម្រោង។ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានលើកឡើងពីការចូលរួមយ៉ាងសកម្មរបស់កម្ពុជាក្នុងសហគមន៍អាស៊ាន ការរៀបចំកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ដែលនេះផ្តល់ជាប្រយោជន៍យ៉ាងច្រើនផ្នែកពាណិជ្ជកម្មដល់វិស័យឯកជន និងវិនិយោគិនក្នុងប្រទេសកម្ពុជា។ គម្រោង ARISE Plus Cambodia បានចូលរួមចំណែកជាវិជ្ជមានជាពិសេសក្នុងការធ្វើឱ្យប្រសើរឡើង និងពង្រឹងសមត្ថភាពដល់ស្ថាប័នរដ្ឋ និងឯកជនដែលពាក់ព័ន្ធ។
ជាកិច្ចបញ្ចប់ ឯកឧត្តមរដ្ឋលេខាធិការ បានបង្ហាញពីជំហរយ៉ាងមុតមាំរបស់ក្រសួងពាណិជ្ជកម្មក្នុងកិច្ចបន្តសហប្រតិបត្តិការជាមួយដៃគូអភិវឌ្ឍន៍ និងបានស្នើសុំឱ្យក្រសួងស្ថាប័នពាក់ព័ន្ធចូលរួមក្នុងការអនុវត្តគម្រោងបន្តរហូតដល់គម្រោងបញ្ចប់ក្នុងខែមីនា ឆ្នាំ២០២៤ ប្រកបដោយភាពជោគជ័យ៕