(ភ្នំពេញ)៖ នាថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣នេះ ឯកឧត្តម រាជ រ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានជួបពិភាក្សាការងារជាមួយតំណាងអង្គការ GIZ ដែលដឹកនាំដោយ លោក Till Ahnert ប្រធានគម្រោង ARISE Plus និងលោកស្រីបណ្ឌិត Astrid FAUST ប្រធានគម្រោងCRAS លើកិច្ចសហប្រតិបត្តិការក្នុងការអនុវត្តគោលនយោបាយជាតិស្តីពីស្វាយចន្ទី ឆ្នាំ២០២២-២០២៧ ដោយមានការចូលរួមពីលោក លោកស្រី អគ្គនាយករងជំរុញពាណិជ្ជកម្ម និងមន្ត្រីជំនាញនៃនាយកដ្ឋានគោលនយោបាយពាណិជ្ជកម្ម។
ជាកិច្ចចាប់ផ្តើម ឯកឧត្តម រាជ រ៉ា រដ្ឋលេខាធិការ បានបង្ហាញនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងថ្លែងអំណរគុណដល់អង្គការ GIZ ដែលតែងតែចូលរួមគាំទ្រនិងសហការលើគ្រប់វិស័យ ជាពិសេសក្នុងវិស័យពាណិជ្ជកម្ម។ ឯកឧត្តម បានជម្រាបបន្ថែមផងដែរអំពីគម្រោងនិងផែនការសកម្មភាពដែលត្រូវអនុវត្ត ជាពិសេសសកម្មភាពពាក់ព័ន្ធនឹងការអនុវត្តគោលនយោបាយជាតិស្តីពីស្វាយចន្ទី ឆ្នាំ២០២២-២០២៧ ដែលទើបទទួលបានការអនុម័តពីកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ កន្លងទៅនេះ។
ទន្ទឹមនឹងនេះ ឯកឧត្តមក៏បានស្នើឱ្យអង្គការ GIZ ពិចារណាផ្តល់ការគាំទ្រក្រសួងពាណិជ្ជកម្ម ក្នុងការអនុវត្តសកម្មភាពទាំងនេះ សំដៅលើកកម្ពស់វិស័យស្វាយចន្ទីកម្ពុជាផងដែរ ។
ជាកិច្ចឆ្លើយតប តំណាងអង្គការ GIZ បានសម្តែងការពេញចិត្តចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងពាណិជ្ជកម្ម និងបញ្ជាក់អំពីបំណងក្នុងការបន្តសហការលើការអនុវត្តគោលនយោបាយជាតិនេះ រួមមាន ការរៀបចំទិវាជាតិស្វាយចន្ទី ការរៀបចំសិក្ខាសាលានិងព្រឹត្តិការណ៍ផ្សព្វផ្សាយនានាដែលពាក់ព័ន្ធជាមួយនឹងកិច្ចជំរុញពាណិជ្ជកម្ម ការរៀបចំនិងចងក្រងឯកសារពាក់ព័ន្ធនានា ដូចជា និន្នាការទីផ្សារ ខ្សែច្រវាក់តម្លៃ ការបង្កើតសមត្ថភាពប្រកួតប្រជែង ការស្រាវជ្រាវនិងការអភិវឌ្ឍន៍ ជំនួយបច្ចេកទេស ក៏ដូចជាការជួយគាំទ្រដល់ការងារតាមដាននិងវាយតម្លៃគោលនយោបាយជាតិនេះ ជាដើម។
ជាមួយគ្នានេះ ភាគីទាំងពីរបានប្តេជ្ញាចិត្តក្នុងការបន្តសហការលើការងារអាទិភាពផ្សេងៗទៀតក្នុងពេលខាងមុខ ដើម្បីលើកកម្ពស់ភាពប្រកួតប្រជែងរបស់កម្ពុជាលើឆាកអន្តរជាតិ ក៏ដូចជាការចាកចេញដោយរលូនរបស់កម្ពុជាពីឋានៈប្រទេសអភិវឌ្ឍន៍តិចតួចជាដើម៕