ភ្នំពេញ)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៩ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារកម្មសិទ្ធិបញ្ញាឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់គណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា (គ.ក.ប.) ដើម្បីគោរពរាយការណ៍ជូនសម្តេចតេជោនាយករដ្ឋមន្រ្តី និងពិនិត្យលើសេចក្តីព្រាងអនុក្រឹត្យស្តីពីវិធានការរដ្ឋបាលសម្រាប់ការអនុវត្ដសិទ្ធិកម្មសិទ្ធិបញ្ញា។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីសមាជិក សមាជិកាគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា សមាជិកលេខាធិដ្ឋាននៃគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា ថ្នាក់ដឹកនាំ និងមន្រ្តីជំនាញនៃក្រសួងពាណិជ្ជកម្ម ជាច្រើនរូប។
ក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណ និងកោតសរសើរចំពោះសមាជិកគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា និងសមាជិកលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា ដែលបានខិតខំបំពេញការងារអស់ពីកម្លាំងកាយ កម្លាំងចិត្ត រហូតទទួលបានលទ្ធផលការងារគួរជាទីមោទន ដោយសម្រេចបាននូវសមិទ្ធផលសំខាន់ៗជាច្រើន រួមមាន៖ ១-ការចុះបញ្ជីកម្មសិទ្ធិបញ្ញា ជាពិសេសការចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ និងម៉ាកសមូហភាពទាំងនៅកម្ពុជា និងបណ្តាប្រទេសសំខាន់ៗ ២-ការចូលជាសមាជិកនៃកិច្ចព្រមព្រៀង អនុសញ្ញា និងសន្ធិសញ្ញាអន្តរជាតិ ៣-ការរៀបចំសេចក្តីព្រាងច្បាប់ និងអនុក្រឹត្យពាក់ព័ន្ធនឹងកម្មសិទ្ធិបញ្ញា ៤-កិច្ចសហប្រតិបត្តិការអន្តរជាតិ តាមរយៈការចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយអង្គភាពកម្មសិទ្ធិបញ្ញាមួយចំនួន និងការងារអនុវត្តគម្រោងជាមួយដៃគូអភិវឌ្ឍន៍ជាតិ និងអន្តរជាតិ ៥-ការងារលើកកម្ពស់ចំណេះដឹងសាធារណៈ និងការផ្សព្វផ្សាយច្បាប់ និង ៦-ទទួលជោគជ័យក្នុងការបង្រ្កាបនិងទប់ស្កាត់បទល្មើសកម្មសិទ្ធិបញ្ញា ដែលមានលទ្ធផលជាច្រើនគួរឱ្យកត់សម្គាល់។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានបញ្ជាក់ផងដែរថា ព្រះរាជាណាចក្រកម្ពុជាសម្រេចបាននូវលទ្ធផលគួរជាទីមោទនលើវិស័យកម្មសិទ្ធិបញ្ញា ដោយឆ្នាំកន្លងទៅក្រុមការងារចរចាជំពូកកម្មសិទ្ធិបញ្ញា បានចូលរួមយ៉ាងសកម្មនៅក្នុងកិច្ចចរចា កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយថ្នាក់តំបន់ (RCEP) ដែលទើបនឹងចូលជាធរមានកាលពីឆ្នាំ២០២២ និងកិច្ចចរចាកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម ដែលបានចាប់ផ្តើមចរចាក្នុងឆ្នាំ២០២២ និងទើបបានចុះហត្ថលេខា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅវិមានសន្តិភាព កាលពីថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៣ កន្លងទៅថ្មីនេះ ផងដែរ។
ឯកឧត្តមរដ្ឋមន្ត្រី បន្តថា កិច្ចព្រមព្រៀងទាំងនេះនឹងកា្លយជាកម្លាំងចលករបន្ថែម ប្រកបដោយសក្តានុពល និងកាលានុវត្តភាពថ្មី នៅក្នុងតំបន់អាស៊ី និងមជ្ឈឹមបូព៌ា ដែលការណ៍នេះនឹងក្លាយជាសក្ខីភាព សម្រាប់ឆ្លុះបញ្ចាំងពីការទទួលស្គាល់ជាសកលពីគ្រប់មជ្ឈដ្ឋាននូវការអភិវឌ្ឍរបស់ប្រទេសកម្ពុជាប្រកបដោយវិបុលភាព និងសន្តិភាពនៅក្នុងយុគសម័យឌីជីថល។
ឯកឧត្តមរដ្ឋមន្ត្រី បន្ថែមថា សម្រាប់ឆ្នាំ២០២៣ នេះ គណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា ដែលមាននាយកដ្ឋានកម្មសិទ្ធិបញ្ញាជាលេខាធិការដ្ឋាន បានបញ្ចប់សេចក្តីព្រាងគោលនយោបាយជាតិស្តីពីកម្មសិទ្ធិបញ្ញា ឆ្នាំ២០២៣-២០២៨ និងត្រៀមដាក់ជូនកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី នាពេលឆាប់ៗខាងមុខ ដោយមានចក្ខុវិស័យក្នុងការអភិវឌ្ឍប្រព័ន្ធកម្មសិទ្ធិបញ្ញានៅកម្ពុជាឱ្យក្លាយទៅជាកម្លាំងចលករមួយលើកិច្ចការអភិវឌ្ឍសេដ្ឋកិច្ច ពាណិជ្ជកម្ម ឧស្សាហកម្ម វប្បធម៌ ទេសចរណ៍ និងកសិកម្ម តាមរយៈការលើកកម្ពស់កិច្ចការពារកម្មសិទ្ធិបញ្ញា កេរ្តិ៍ឈ្មោះម៉ាក និងផលិតផលរបស់ព្រះរាជាណាចក្រកម្ពុជា, ការបង្កើតស្នាដៃវប្បធម៌ តក្កកម្ម ធនធានពន្ធុ ចំណេះដឹងជាប្រពៃណី និងវិញ្ញត្តិវប្បធម៌ ជំរុញការប្រើប្រាស់កម្មសិទ្ធិបញ្ញា ដើម្បីលើកកម្ពស់ការស្រាវជ្រាវ និងអភិវឌ្ឍន៍ ក្នុងការបង្កើតផលិតផលបច្ចេកវិទ្យា ជំរុញគំនិតច្នៃប្រឌិត ការបង្កើតថ្មី និងឧស្សាហកម្មវប្បធម៌ ឱ្យឆ្លើយតបទៅនឹងបរិបទសេដ្ឋកិច្ចនិងសង្គមឌីជីថល ព្រមទាំងបដិវត្តឧស្សាហកម្មជំនាន់ទី៤ ដើម្បីចូលរួមចំណែកក្នុងការសម្រេចបាននូវចក្ខុវិស័យនៃព្រះរាជាណាចក្រកម្ពុជាឆ្នាំ២០៥០។
លើសពីនេះ ក្នុងនាមប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា ឯកឧត្តមរដ្ឋមន្ត្រី បានស្នើសុំដល់សមាជិកសមាជិកានៃអង្គប្រជុំទាំងមូល ចូលរួមពិនិត្យ និងផ្តល់ធាតុចូលបន្ថែមលើសេចក្តីព្រាងអនុក្រឹត្យស្តីពីវិធានការរដ្ឋបាលសម្រាប់ការអនុវត្តសិទ្ធិកម្មសិទ្ធិបញ្ញា ដែលជាលិខិតបទដ្ឋានគតិយុត្តមួយ សម្រាប់អនុវត្តសិទ្ធិកម្មសិទ្ធិបញ្ញា និងធានាបានកិច្ចការពារឱ្យមានប្រសិទ្ធភាពនៃសិទ្ធិរបស់ម្ចាស់កម្មសិទ្ធិបញ្ញា ព្រមទាំងការពារផលប្រយោជន៍អ្នកប្រើប្រាស់ប្រឆាំងនឹងការធ្វើចរាចរនៃផលិតផលក្លែងក្លាយ ជាពិសេសការអនុវត្តសិទ្ធិកម្មសិទ្ធិបញ្ញា ដើម្បីលុបបំបាត់អំពើនៃការប្រកួតប្រជែងមិនស្មោះត្រង់ ដោយជំរុញឱ្យមានការគោរពកម្មសិទ្ធិបញ្ញាចំណោមសាធារណៈទូទៅ បង្កើនជំនឿទុកចិត្តពីអតិថិជន ពាណិជ្ជកម្មស្មើភាព និងទាក់ទាញវិនិយោគ។
ទន្ទឹមនឹងនេះ ដើម្បីសម្រេចបានសមិទ្ធផលសំខាន់ៗបន្ថែមទៀត សំដៅបន្តអភិវឌ្ឍវិស័យកម្មសិទ្ធិបញ្ញាកម្ពុជា ឱ្យកាន់តែរីកចម្រើន និងប្រសិទ្ធភាពខ្ពស់ ឯកឧត្តមរដ្ឋមន្រ្តី បានស្នើឱ្យសមាជិកសមាចិកានៃគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញាទាំងអស់ បន្តអនុវត្តទិសដៅការងារសំខាន់ៗមួយចំនួន ដូចខាងក្រោម៖– ជំរុញការចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្រ្តក្តាមថ្មកោះកុង ប្រហុកសៀមរាប និងបញ្ចប់ការចុះបញ្ជីម៉ាកសមូហភាព ក្រូចពោធិសាត់ ចម្លាក់ប្រាក់ស្ពាន់ខេត្តកណ្តាល និងទឹកមាត់ត្រចៀកកាំកម្ពុជា។ – ជំរុញការផ្សព្វផ្សាយតាមស្ថានីយវិទ្យុ ទូរទស្សន៍ និងប្រព័ន្ធផ្សព្វផ្សាយផ្សេងៗ តាមកម្មវិធីជាតិ អន្តរជាតិ នូវម៉ាកសម្គាល់ភូមិសាស្រ្ត និងម៉ាកសមូហភាពដែលបានចុះបញ្ជីរួច ឱ្យក្លាយជាគោលដៅទេសចរណ៍ និងវប្បធម៌ – បន្តធ្វើវិសោធនកម្មច្បាប់ និងរៀបចំច្បាប់និងបទប្បញ្ញតិ្ត ឱ្យស្របតាមកិច្ចព្រមព្រៀងនានាដែលកម្ពុជាជាសមាជិក និងស្របតាមការវិវត្តជាក់ស្តែងរបស់សង្គម ព្រមទាំងពង្រឹងបន្ថែមនូវការអនុវត្តច្បាប់កម្មសិទ្ធិបញ្ញា ឱ្យកាន់តែមានប្រសិទ្ធភាព – លើកកម្ពស់ការអប់រំ ការបណ្តុះបណ្តាល និងការយល់ដឹងជាសាធារណៈពីកម្មសិទ្ធិបញ្ញា ជាពិសេសពិនិត្យលទ្ធភាពក្នុងការបញ្ចូលកម្មវិធីសិក្សាកម្មសិទ្ធិបញ្ញានៅតាមគ្រឹះស្ថានអប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈនានា – ជំរុញសហគ្រាសធុនតូច និងមធ្យម ឱ្យប្រើប្រាស់កម្មសិទ្ធិបញ្ញាដើម្បីលើកកម្ពស់ភាពប្រកួតប្រជែង– លើកកម្ពស់ប្រព័ន្ធស្វ័យប្រវត្តិកម្មសម្រាប់ការចុះបញ្ជីកម្មសិទ្ធិបញ្ញា៕