(ភ្នំពេញ)៖ នាព្រឹកថ្ងៃចន្ទ ទី១៧ ខែកក្កដា ឆ្នាំ២០២៣ លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាង របស់ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំគណៈកម្មការអន្តរក្រសួងក្នុងគោលបំណងពិនិត្យ និងអនុម័តលើរបាយការណ៍វាយតម្លៃយុទ្ធសាស្ត្រសមាហរណកម្មពាណិជ្ជកម្ម (CTIS) ឆ្នាំ២០១៩-២០២៣។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវសមាជិក សមាជិកាគណៈកម្មការអន្តរក្រសួងនៃគណៈកម្មការយុទ្ធសាស្ត្រនេះ ថ្នាក់ដឹកនាំ និងមន្រ្តីជំនាញនៃក្រសួងពាណិជ្ជកម្មជាច្រើនរូប។ ជាលទ្ធផល ក្រោយពីមានការសិក្សាស្រាវជ្រាវយ៉ាងលម្អិត និងការវិភាគ ការអនុវត្តយុទ្ធសាស្ត្រគឺសម្រេចបាន ៨៦% នៃផែនការម៉ាទ្រីសសកម្មភាពទាំងមូល ដែលនេះគឺជាសមិទ្ធិផលល្អប្រសើរ ដែលមិនមែនរបស់ក្រសួងពាណិជ្ជកម្មតែមួយទេ តែជាសមិទ្ធិផលរួមរបស់រាជរដ្ឋាភិបាលកម្ពុជា។
ក្នុងឱកាសនេះ លោកជំទាវរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានថ្លែងអំណរគុណ និងកោតសរសើរចំពោះការចូលរួមយ៉ាងសកម្ម និងផុសផុលពីសមាជិកគណៈកម្មការអន្តរក្រសួងនៃគណៈកម្មការយុទ្ធសាស្ត្រ CTIS ២០១៩-២០២៣ ថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម និងមន្ត្រីជំនាញ ដែលបានខិតខំបំពេញការងារអស់ពីកម្លាំងកាយ កម្លាំងចិត្ត រហូតទទួលបានលទ្ធផលការងារគួរជាទីមោទន ដែលកន្លងមក ក្រសួងពាណិជ្ជកម្ម ក្នុងនាមជាក្រសួងដឹកនាំ រៀបចំ និងជំរុញការអនុវត្តយុទ្ធសាស្រ្តនេះ បានធ្វើការជាមួយបណ្តាអន្តរក្រសួង-ស្ថាប័ន ដើម្បីស្នើសុំធាតុចូលមកធ្វើបច្ចុប្បន្នភាពនៃការអនុវត្តម៉ាទ្រីសសកម្មភាពរបស់យុទ្ធសាស្រ្ត។ ជាមួយគ្នានេះ លោកជំទាវរដ្ឋលេខាធិការ បានបង្ហាញពីសាវតា និងប្រវត្តិនៃការបង្កើតយុទ្ធសាស្ត្រសមាហរណកម្មពាណិជ្ជកម្ម ដោយផ្ដួចផ្ដើមដំបូងដោយអង្គភាពក្របខណ្ឌសមាហរណកម្ម (Integrated Framework - IF) នៅឆ្នាំ២០០១ ក្នុងនាមជាប្រទេសអនុវត្តសាកល្បង ហើយបានធ្វើបច្ចុប្បន្នភាពលើកទី១ នៅឆ្នាំ២០០៧ ដោយផ្ដោតលើពិពិធកម្ម ការនាំចេញ ជាយន្តការគាំទ្រដល់ការអភិវឌ្ឍពាណិជ្ជកម្មនៅកម្ពុជា ដែលមានសសរស្ដម្ភចំនួនបីនៅក្នុងយន្តការអភិវឌ្ឍន៍ ពាណិជ្ជកម្មមួយដែលហៅថា អភិក្រមគ្របដណ្ដប់លើវិស័យពាណិជ្ជកម្ម ក្នុងមានគោលបំណងបញ្ជ្រាប វិស័យពាណិជ្ជកម្មចូលទៅក្នុងគោលនយោបាយអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល និងបានធ្វើបច្ចុប្បន្នភាំពលើកទី២ នៅឆ្នាំ២០១៤ ដែលធ្វើឱ្យកម្ពុជាក្លាយជាប្រទេសទី១ ក្នុងចំណោមប្រទេសអភិវឌ្ឍន៍ដទៃទៀតដែលបានធ្វើបច្ចុប្បន្នភាពយុទ្ធសាស្ត្រនេះ បានពីរដង ដែលប្រធានបទរបស់ CTIS ឆ្នាំ២០១៤-២០១៨ បានសង្កត់ធ្ងន់លើកាលានុវត្តភាព និងបញ្ហាប្រឈម របស់កម្ពុជា ក្នុងការពង្រីកនិងធ្វើពិពិធកម្មការនាំចេញ និងសិក្សាលម្អិតលើការធ្វើសមាហរណកម្មពាណិជ្ជកម្មក្នុងតំបន់ និងទីផ្សារដទៃទៀត។ នៅឆ្នាំ២០១៨ យុទ្ធសាស្ត្រនេះ ត្រូវបានធ្វើបច្ចុប្បន្នលើកទី៣ ដែលយុទ្ធសាស្ត្រ CTIS ឆ្នាំ២០១៩-២០២៣នេះ មានគោលបំណងជំរុញសមាហរណកម្មពាណិជ្ជកម្មកម្ពុជាចូលក្នុងទីផ្សារពិភពលោក ការធ្វើពិពិធកម្មទីផ្សារ និងផលិតផលសម្រាប់នាំចេញ។ លោកជំទាវរដ្ឋលេខាធិការសូមរំលឹកថា ការរៀបចំយុទ្ធសាស្ត្រយ៉ាងសកម្មពីអន្តរក្រសង-ស្ថាប័ន ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជនចំនួន ២៥០ ស្ថាប័នពាក់ព័ន្ធ ដោយមានការកិច្ចប្រជុំសរុបជាង ១៥០ដងផងដែរ។
លោកជំទាវរដ្ឋលេខាធិការ បានមានប្រសាសន៍ថា យុទ្ធសាស្ត្រ CTIS ឆ្នាំ២០១៩-២០២៣នេះ ត្រូវបានរៀបចំ និងចែកចេញជា១២ ជំពូក ដែលសុទ្ធសឹងតែជាចំណុចសំខាន់ៗ និងឆ្លុះបញ្ចាំងពីតម្រូវការជាក់ស្ដែងនៅកម្ពុជាក្នុងបរិបទ បច្ចុប្បន្នរួមមាន៖ ១. គោលនយោបាយពាណិជ្ជកម្ម និងកិច្ចចរចាក្នុងតំបន់ ២. ពាណិជ្ជកម្ម ការចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួច និងគុណភាពនៃកំណើន ៣. ជំនាញ ការអប់រំ និងការបណ្តុះបណ្តាលសម្រាប់កំណើន ៤. កិច្ចសម្រួលពាណិជ្ជកម្ម ៥. ភ័ស្តុភារពាណិជ្ជកម្ម ៦. ការប្រកួតប្រជែង បរិយាកាសធុរៈកិច្ច ហិរញ្ញវត្ថុពាណិជ្ជកម្ម និងកម្មសិទិ្ធបញ្ញា ៧. ស្តង់ដារ និងរចនាសម្ព័ន្ធគុណភាព ៨. ខ្សែសង្វាក់តម្លៃនៃកសិឧស្សាហកម្មសម្រាប់នាំចេញ ៩. ឧស្សាហកម្មធន់ស្រាលសម្រាប់ការធ្វើពិពិធកម្មនាំចេញ ១០. ពាណិជ្ជកម្មសេវាកម្ម ១១. ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ១២. សេដ្ឋកិច្ចឌីជីថល និងឧស្សាហកម្ម ៤.០។
ជាកិច្ចបញ្ចប់ លោកជំទាវរដ្ឋលេខាធិការ បានថ្លែងអំណរគុណដល់ស្ថាប័ន Enhanced Integrated Framework (EIF) ដែលជានិច្ចកាលផ្តល់ការគាំទ្រហិរញ្ញវត្ថុក្នុងការរៀបចំយុទ្ធសាស្រ្តសមាហរណកម្មពាណិជ្ជកម្មកម្ពុជា ចាប់តាំងពីជំនាន់ទី១ រហូតដល់ជំនាន់ទី៤ និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អន្តរក្រសួង-ស្ថាប័នពាក់ព័ន្ធ ដែលបានចូលរួមយ៉ាងសកម្ម នៅក្នុងកិច្ចប្រជុំតាមជំពូកនីមួយៗ ដើម្បីផ្ដល់ជាធាតុចូល និងចង្អុលបង្ហាញអនុសាសន៍ដ៏មានតម្លៃសម្រាប់រៀបចំយុទ្ធសាស្ត្រ ព្រមទាំងការចូលរួមគាំទ្រពីស្ថាប័ន EIF និងដៃគូអភិវឌ្ឍន៍ រួមមាន UNDP, UNIDO, UNCTAD, USAID, CAVAC និងអន្តរក្រសួងស្ថាប័នទាំងអស់ បានឆ្លុះបញ្ជាំងពីការតាំងចិត្តខ្ពស់ក្នុងការចូលរួមអភិវឌ្ឍន៍វិស័យពាណិជ្ជកម្ម នៅកម្ពុជា។គូសបញ្ជាក់ថា កិច្ចប្រជុំនេះបានអនុម័តទាំងស្រុងលើរបាយការណ៍វាយតម្លៃយុទ្ធសាស្ត្រសមាហរណកម្មពាណិជ្ជកម្មឆ្នាំ២០១៩-២០២៣៕