(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លេខាធិការដ្ឋាន SDC បានរៀបចំជំនួបពិភាក្សារវាងគណៈកម្មការជំរុញ និងអភិវឌ្ឍន៍វិស័យសូត្រកម្ពុជា (SDC) និងសហព័ន្ធសូត្រអន្តរជាតិ (ISU) ក្រោមអធិបតីភាពរបស់ឯកឧត្តម ម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និង លោក Zhang Quoqiang ប្រធានសហព័ន្ធសូត្រអន្តរជាតិ និងជាប្រធានក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន Zhejiang Cathaya Group ដែលមកពីសាធារណៈរដ្ឋប្រជាមានិតចិន ដោយមានការចូលរួមពីប្រតិភូភាគី ISU សមាជិក SDC របស់ក្រសួងពាណិជ្ជកម្ម តំណាងសមាគមសូត្រ វិស័យឯកជន ព្រមទាំងមានការចូលរួមពីមន្រ្តីជំនាញនៃនាយកដ្ឋានអភិវឌ្ឍន៍វិស័យឯកជនសរុបចំនួន២៥រូប ។
ជាកិច្ចចាប់ផ្តើម ឯកឧត្តម ម៉ៅ ថូរ៉ា មានមតិស្វាគមន៍ និងថ្លែងអំណរគុណដល់អង្គប្រជុំទាំងមូល និងលើកឡើងអំពីសមិទ្ធិផល ដែលសម្រេចបានដោយគណ:កម្មការជំរុញ និងអភិវឌ្ឍន៍វិស័យសូត្រកម្ពុជា រួមមាន៖
➢ បានចូលជាសមាជិករបស់សហព័ន្ធសូត្រអន្តរជាតិ (ISU) និងចុះអនុស្សារណៈនៃការយោគយល់គ្នា ដើម្បីបង្កើតកិច្ចសហប្រតិបត្តិការ នៅទីក្រុងហាំងចូវ នៃសាធារណរដ្ឋប្រជាមានិតចិន ព្រមទាំងបានបញ្ជូនសមាជិក SDC ចូលរួមវគ្គបណ្តុះបណ្តាលស្តីពីបច្ចេកវិទ្យាកែច្នៃ និងនវានុវត្តន៍រចនាបទផលិតផលសូត្រសម័យទំនើប ចំនួន៣លើក និងចូលរួមកិច្ចប្រជុំប្រចាំឆ្នាំជាមួយសហព័ន្ធសូត្រអន្តរជាតិ (ISU)ចំនួន២លើក នៅទីក្រុងហាងចូវ នៃសាធារណរដ្ឋប្រជាមានិតចិន➢ បានចុះអនុស្សារណៈនៃការយោគយល់គ្នារវាងក្រសួងពាណិជ្ជកម្ម និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីបន្តពង្រឹងការបណ្តុះបណ្តាល វិជ្ជាជីវៈវិស័យសូត្រ➢ បានសិក្សាស្រាវជ្រាវ និងចងក្រងតួលេខសិប្បករសូត្រ និងសិប្បកម្មសូត្រឡើងវិញ ព្រមទាំងរៀបចំសិក្ខាសាលា និងផ្សព្វផ្សាយ អំពីយុទ្ធសាស្រ្តសូត្រកម្ពុជា➢ ជំរុញអោយមានការបង្កើតសមាគមសូត្រតាមតំបន់ដែលផលិតសូត្រដូចជា សមាគមសូត្រស្រុកសំរោង នៅខេត្តតាកែវ សមាគមមជ្ឈមណ្ឌលសិប្បកម្មខ្មែរ នៅខេត្តកំពង់ធំ សមាគមអភិវឌ្ឍន៍ វិស័យសូត្រវិសិដ្ឋទេវី សមាគមទ្រទ្រង់ស្រ្តីតម្បាញ និងអភិវឌ្ឍន៍សូត្ររនះ និងសមាគមកីតម្បាញ ខ្មែរ នៅកោះដាច់ រាជធានីភ្នំពេញ ព្រមទាំងជំរុញការប្រើប្រាស់ផលិតផលសូត្រខ្មែរទៅដល់អតិថិជនក្នុង និងក្រៅប្រទេសតាមរយៈការរៀបចំព្រឹត្តិការណ៍សូត្រនៅខេត្តសៀមរាប➢ បានសិក្សាបង្កើតអោយមានម៉ាកសមូហភាពសូត្រកម្ពុជា ដើម្បីលើកកម្ពស់ផលិតផលសូត្រខ្មែរ និងការពារផលិតផលសូត្រខ្មែរពីផលិតផលសូត្រក្លែងបន្លំ➢ កំពុងបន្តស្វែងរកកិច្ចសហការជាមួយដៃគូក្នុងវិស័យឯកជន និងដៃគូអភិវឌ្ឍន៍ NGO សំដៅដោះស្រាយបញ្ហាអាទិភាព និងរៀបចំគម្រោងអាទិភាពសំខាន់ៗសម្រាប់ទ្រទ្រង់ និងការអភិវឌ្ឍន៍។ក្នុងឱកាសនោះដែរ លោក Zhang Quoqiang ប្រធានសហព័ន្ធសូត្រអន្តរជាតិ បានណែនាំខ្លួនជាប្រធានថ្មីរបស់សម្ព័ន្ធសូត្រអន្តរជាតិ បង្ហាញពីវឌ្ឍនភាពនៃការគាំទ្ររបស់ ISU លើវិស័យសូត្រ និងពិភាក្សាអំពីគោលនយោបាយរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការអភិវឌ្ឍវិស័យសូត្រ សំដៅស្វែងយល់ពីឱកាសវិនិយោគលើវិស័យសូត្រនៅកម្ពុជា ។ បន្ថែមពីនេះ លោកក៏បានបង្ហាញអំពីក្រុមហ៊ុន Cathaya ដែលបានសហការជាមួយ ISU ក្នុងការបង្កើតសមាគមសូត្រអន្តរជាតិ ដោយផ្តួចផ្តើមគំនិតរបស់ក្រសួងឧស្សាហកម្មនៃសាធារណៈរដ្ឋប្រមានិតចិន ដែលផ្តោតសំខាន់លើការដាំមន និងចិញ្ចឹមដង្កូវនាង ។ លោកក៏បានស្នើសុំ SDC ចូលជាសមាជិកក្នុងសមាគមសូត្រអន្តរជាតិ និងមានគម្រោងវិនិយោគលើវិស័យបន្ថែមនៅប្រទេសកម្ពុជា។ ឆ្លៀតក្នុងឱកាសនេះ លោកបានស្នើសុំការជួយសម្របសម្រួលពីក្រសួងពាណិជ្ជកម្ម ដើម្បីជាពិភាក្សាជាមួយសភាពាណិជ្ជកម្មកម្ពុជា អគ្គនាយកដ្ឋានគយ និងរដ្ឋាករ (កម្ពុជា) និង ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នាពេលខាងមុខ។
ជាកិច្ចចុងក្រោយ ឯកឧត្តមប្រធានអង្គប្រជុំ បានស្នើសុំឱ្យក្រុមការងារនៃនាយកដ្ឋានអភិវឌ្ឍន៍វិស័យឯកជន ធ្វើការទំនាក់ទងនិងរៀបចំលិខិតទៅសភាពាណិជ្ជកម្មកម្ពុជា ដើម្បីរៀបចំឱ្យមានជំនួបជាមួយសភាពាណិជ្ជកម្មកម្ពុជា និងភាគីខាងចិន ដើម្បីស្វែងយល់ពីឱកាសវិនិយោគ និងដៃគូពាណិជ្ជកម្ម។