ភ្នំពេញ)៖ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូសភាពាណិជ្ជកម្មថៃ ដែលដឹកនាំដោយ លោក Voratat Tantimongkolsuk តំណាងសភាពាណិជ្ជកម្មថៃ និង លោក Audsitti Sroithong ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ឧស្សាហកម្មថៃនៃក្រុមប្រឹក្សាវិនិយោគថៃ ដែលមានការចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា អគ្គនាយក អគ្គនាយករង ប្រធាននាយកដ្ឋាន និងមន្រ្តីជំនាញនៃក្រសួងពាណិជ្ជកម្ម ព្រមទាំងគណៈប្រតិភូវិស័យឯកជនថៃផងដែរ។
ជាកិច្ចចាប់ផ្តើម ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះគណៈសភាពាណិជ្ជកម្មថៃ ដែលបានមកកាន់ព្រះរាជាណាចក្រកម្ពុជា និងជាពិសេសមកកាន់ក្រសួងពាណិជ្ជកម្មនាពេលនេះ។ ឯកឧត្តមរដ្ឋមន្ត្រី បានបន្តថា កម្ពុជាទទួលបានកំណើនសេដ្ឋកិច្ចដ៏រឹងមាំក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយបានលេចចេញជាសេដ្ឋកិច្ចរីកចម្រើនខ្ពស់ ដោយបានទាក់ទាញអ្នកវិនិយោគយ៉ាងច្រើនពីជុំវិញពិភពលោក ជាពិសេសប្រទេសចិន ជប៉ុន កូរ៉េ សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស រដ្ឋសមាជិកអាស៊ាន និងប្រទេសថៃ ហើយ ឯកឧត្តមរដ្ឋមន្ត្រី សូមស្វាគមន៍អ្នកទាំងអស់គ្នាដែលមកស្វែងយល់ពីឱកាសអាជីវកម្មនៅកម្ពុជា ដែលកិច្ចប្រជុំថ្ងៃនេះនឹងផ្តល់ឱ្យនូវឱកាសដ៏ល្អមួយដើម្បីផ្លាស់ប្តូរទស្សនៈស្តីពីអាជីវកម្ម និងឱកាសវិនិយោគដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក ដើម្បីលើកកម្ពស់ពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំងពីរ។
នៅក្នុងឱកាសនោះដែរ លោក Voratat Tantimongkolsuk បានជម្រាបជូន ឯកឧត្តមរដ្ឋមន្ត្រី ថាគោលបំណងនៃដំណើរទស្សនកិច្ចរបស់គណៈប្រតិភូសភាពាណិជ្ជកម្មថៃមកកាន់កម្ពុជានាពេលនេះ គឺដើម្បីសិក្សាស្វែងយល់បន្ថែមទៀតពីសក្តានុពលពាណិជ្ជកម្ម វិនិយោគ និងស្វែងរកដៃគូអាជីវកម្មនៅកម្ពុជា។ លោកបានបន្តថា កាលពីឆ្នាំ២០២២ សភាពាណិជ្ជកម្មថៃបានដឹកនាំគណៈប្រតិភូមកកាន់កម្ពុជាម្តងរួចមកហើយ បន្ថែមពីនេះកាលពីដើមឆ្នាំ២០២៣នេះ ឯកឧត្តមរដ្ឋមន្ត្រី បានដឹកនាំគណៈប្រតិភូក្រសួងពាណិជ្ជកម្មកម្ពុជាទៅចូលរួមសិក្ខាសាលាស្តីពីឱកាសពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា នៅទីក្រុងបាងកក ដែលមានវាគ្មិនមកពីក្រសួងពាណិជ្ជកម្មកម្ពុជា និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាផងដែរ។
លោក Voratat Tantimongk បន្ថែមថា ទស្សនកិច្ចលើកនេះ គណៈប្រតិភូនឹងមានដំណើរទស្សនកិច្ចទៅកាន់តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ខេត្តកោះកុង និងខេត្តព្រះសីហនុ ដើម្បីសិក្សាស្វែងយល់ពីឱកាសធ្វើពាណិជ្ជកម្ម វិនិយោគ និងស្វែងរកដៃគូអាជីវកម្ម, លើសពីនេះ ក្រុមប្រឹក្សាវិនិយោគថៃ ក៏បាននិងកំពុងធ្វើកិច្ចសហប្រតិបត្តិការល្អជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាដើម្បីជួយ និងជំរុញវិស័យវិនិយោគរវាងប្រទេសទាំងពីរផងដែរ។
ថ្លែងក្នុងជំនួបពិភាក្សាការងារនោះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងថា កម្ពុជាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីជាមួយប្រទេសចិន សាធារណរដ្ឋកូរ៉េ និងអារ៉ាប់រួម។ នេះបង្ហាញពីកាលានុវត្តភាព វិនិយោគដ៏មានសក្តានុពលសម្រាប់ធុរជនថៃ មកបណ្តាក់ទុនក្នុងប្រទេសកម្ពុជា ដើម្បីទទួលបានអត្ថប្រយោជន៍ពីការអនុគ្រោះពន្ធដែលផ្តល់ដោយកិច្ចព្រមព្រៀងទាំងនោះ។ ប្រទេសកម្ពុជាផ្តល់ឱកាសកំណើនរយៈពេលវែងនៅទូទាំងវិស័យជាច្រើន ហើយមានទីតាំងល្អជាមជ្ឈមណ្ឌលសក្តានុពលសម្រាប់អាជីវកម្ម និងការវិនិយោគនៅក្នុងតំបន់ ដោយពិចារណាលើកត្តាសំខាន់ៗមួយចំនួនដូចជាទីតាំងយុទ្ធសាស្ត្រ កម្លាំងពលកម្មវ័យក្មេង និងថាមពល ការទទួលបានទីផ្សារដ៏ធំតាមរយៈ GSP ក៏ដូចជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីផងដែរ។
ជាទីបញ្ចប់ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងថា កម្ពុជាត្រៀមខ្លួនរួចជាស្រេចក្នុងការស្វាគមន៍ធុរជនថៃ មកធ្វើការបណ្តាក់ទុននៅកម្ពុជា ដើម្បីផលប្រយោជន៍ទៅវិញទៅមក។ ជាថ្មីម្តងទៀត កម្ពុជាប្តេជ្ញាចិត្តក្នុងការពង្រឹងនិងពង្រីកបន្ថែមទៀតនូវទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ។
គួរបញ្ជាក់ថាទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-ថៃ នៅឆ្នាំ២០២២ មានទំហំទឹកប្រាក់ជាង ៤.៦ ពាន់លានដុល្លារអាមេរិក ដែលក្នុងនោះកម្ពុជានាំចេញទៅថៃមានទំហំទឹកប្រាក់ជាង ៤០៩ លានដុល្លារអាមេរិក និងថៃនាំចេញ មកកម្ពុជាវិញមានទំហំទឹកប្រាក់ ៣ ៨៣២ លានដុល្លារអាមេរិក។ សម្រាប់រយៈពេល៦ខែឆ្នាំ២០២៣នេះ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-ថៃ មានទំហំទឹកប្រាក់ជាង ១.៩ ពាន់លានដុល្លារអាមេរិក៕