(រាជធានីភ្នំពេញ)៖ នារសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មបានដឹកនាំគណៈប្រតិភូក្រសួងពាណិជ្ជកម្ម ទទួលជួបសម្តែងការគួរសមជាមួយ ឯកឧត្តម Francisco Kalbuadi Lay ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីសម្របសម្រួលកិច្ចការសេដ្ឋកិច្ច និងជារដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងបរិស្ថាន នៃប្រទេសទីម័រខាងកើត។
ជាកិច្ចចាប់ផ្តើម លោកជំទាវរដ្ឋមន្រ្តី បានផ្តល់មតិស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះ ឯកឧត្តម Francisco Kalbuadi Lay និងគណៈប្រតិភូអមដំណេីរ ព្រមទាំងបានថ្លែងអបអរសាទរចំពោះការជោគជ័យលើការបោះឆ្នោតថ្នាក់ជាតិនៅប្រទេសទីម័រខាងកើត ដែលបានប្រព្រឹត្តទៅកាលពីដើមឆ្នាំ២០២៣ កន្លងទៅ។
ភាគីទាំងពីរបានផ្លាស់ប្តូរយោបល់លើការងារកិច្ចសហប្រតិបត្តិការវិស័យសេដ្ឋកិច្ច-ពាណិជ្ជកម្មទ្វេភាគី កម្រិតតំបន់ និងសកល។ ក្នុងនោះ លោកជំទាវបានលើកទឹកចិត្តឱ្យភាគីទីម័រខាងកើតជំរុញការអនុវត្តអនុស្សារណៈនៃការយោគយល់គ្នាស្តីពីពាណិជ្ជកម្មអង្កររវាងប្រទេសទាំងពីរឱ្យមានប្រសិទ្ធភាពខ្ពស់ និងលើកទឹកចិត្តឱ្យមានការជួបប្រជុំគ្នារវាងវិស័យឯកជននៃប្រទេសទាំងពីរ សំដៅជំរុញកំណើនពាណិជ្ជកម្មនិងវិនិយោគទ្វេភាគី តាមរយៈការនាំចូលទំនិញកសិផល និងទំនិញសក្តានុពលរបស់កម្ពុជាបន្ថែមទៀត។ លើសពីនេះ លោកជំទាវរដ្ឋមន្រ្តី បានបញ្ជាក់ជាថ្មីនូវការគាំទ្ររបស់កម្ពុជា ចំពោះដំណើរការចរចារបស់ប្រទេសទីម័រខាងកើតក្នុងការចូលជាសមាជិកអាស៊ាន និងអង្គការពាណិជ្ជកម្មពិភពលោកពេញសិទ្ធផងដែរ។
ជាការឆ្លើយតប ឯកឧត្តម Francisco Kalbuadi Lay ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីសម្របសម្រួលកិច្ចការសេដ្ឋកិច្ច និងជារដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងបរិស្ថានប្រទេសទីម័រខាងកើត បានសម្តែងអំណរសាទរដល់ភាគីកម្ពុជាដែលបានរៀបចំការបោះឆ្នោតដោយជោគជ័យ និងបានរៀបចំរាជរដ្ឋាភិបាលថ្មីប្រកបដោយប្រសិទ្ធភាព។
ឯកឧត្តម ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានជំរុញឱ្យប្រទេសទីម័រខាងកើត ទទួលបានការឯកភាពជាគោលការណ៍ពីសមាជិកអាស៊ាន ក្លាយជាសមាជិកសង្កេតការណ៍ក្នុងអាស៊ានក្នុងអំទ្បុងពេលកម្ពុជា ជាប្រធានដឹកនាំកិច្ចប្រជុំកំពូលអាស៊ានកាលពីឆ្នាំ២០២២ កន្លងទៅ។
បន្ថែមពីនេះ ឯកឧត្តម បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលទីម័រខាងកេីត ក្នុងការជំរុញឱ្យអនុវត្តអនុស្សារណៈនៃការយោគយល់គ្នា ស្តីពីពាណិជ្ជកម្មអង្កររវាងប្រទេសទាំងពីរឱ្យបានពេញលេញ និងមានប្រសិទ្ធភាពខ្ពស់។ ជាមួយគ្នានោះ ភាគីទីម័រខាងកើត នឹងជំរុញឱ្យមានជំនួបរវាងវិស័យឯកជននៃប្រទេសទាំងពីរ តាមរយៈការរៀបចំផែនការរៀបចំវេទិកាសេដ្ឋកិច្ចនាពេលដ៏ខ្លីខាងមុខនេះ ហើយនឹងអញ្ជើញកម្ពុជា និងប្រទេសជាសមាជិកអាស៊ាន ចូលរួមផងដែរ។
ជាកិច្ចបញ្ចប់ ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងដ៏ល្អប្រសើររវាងប្រទេសទាំងពីរ និងគូសបញ្ជាក់សារជាថ្មីនូវការប្តេជ្ញាចិត្តជំរុញកិច្ចសហប្រតិបត្តិការឱ្យមានការរីកចម្រើនបន្ថែមទៀត ជាពិសេសលើវិស័យសេដ្ឋកិច្ច-ពាណិជ្ជកម្ម៕