(រដ្ឋធានីហ្សាការតា, ឥណ្ឌូណេស៊ី) នាថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៣ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាតំណាងជាតិសម្រាប់ក្រុមប្រឹក្សាសហគមន៍សេដ្ឋកិច្ចអាស៊ាន បានចូលរួមកិច្ចប្រជុំចង្អៀតនិងពេញអង្គនៃក្រុមប្រឹក្សាសហគមន៍សេដ្ឋកិច្ចអាស៊ាន នៅរដ្ឋធានីហ្សាការតា នៃសាធារណរដ្ឋឥណ្ឌូណេស៊ី ដែលធ្វើឡើងក្រោមអធិបតីភាពរបស់ ឯកឧត្តម AIRLANGGA HARTARTO រដ្ឋមន្ត្រីសម្របសម្រួលកិច្ចការសេដ្ឋកិច្ចនៃសាធារណរដ្ឋឥណ្ឌូណេស៊ី និងមានការចូលរួមពីរដ្ឋមន្ត្រី និងតំណាងជាតិនៃក្រុមប្រឹក្សាសហគមន៍សេដ្ឋកិច្ច របស់ប្រទេសជាសមាជិកអាស៊ានទាំងអស់ ព្រមទាំងឯកឧត្តមអគ្គលេខាធិការអាស៊ានផងដែរ។ កិច្ចប្រជុំនេះត្រូវបានធ្វើឡើងដើម្បីកត់សម្គាល់ក៏ដូចជាចែករំលែកនូវទស្សនល្អៗ លើវឌ្ឍនភាពសេដ្ឋកិច្ចសាកល និងដំណើរការនៃការរៀបចំឯកសារចក្ខុវិស័យអាស៊ានក្រោយឆ្នាំ២០២៥។
នៅក្នុងឱកាសនោះផងដែរ លោកជំទាវរដ្ឋមន្ត្រី បានរំលេចនូវទស្សនល្អៗមួយចំនួនក្នុងន័យជួយលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចតំបន់ដូចជា ការបន្តខិតខំប្រឹងប្រែងលើការកាត់បន្ថយគម្លាតអភិវឌ្ឍរវាងប្រទេសជាសមាជិក ការធ្វើសមាហរណកម្មសេដ្ឋកិច្ចឱ្យកាន់តែស៊ីជម្រៅ ការលើកកម្ពស់កិច្ចសម្រួលពាណិជ្ជកម្មនិងវិនិយោគ បរិវត្តកម្មឌីជីថលនៅក្នុងសេដ្ឋកិច្ចពាណិជ្ជកម្ម និងការបង្កលក្ខខណ្ឌអំណោយផលទៅលើបរិស្ថានពាណិជ្ជកម្មជាដើម សំដៅធ្វើយ៉ាងណាធានាឱ្យបាននូវភាពធន់របស់ច្រវាក់ផ្គត់ផ្គង់តំបន់និងសកល។
សម្រាប់ដំណើរការនៃការរៀបចំឯកសារចក្ខុវិស័យអាស៊ានក្រោយឆ្នាំ២០២៥ លោកជំទាវរដ្ដ្មមន្ត្រី បានគូសបញ្ជាក់ពីការបន្តតួនាទីដ៏សំខាន់របស់សហគមន៍សេដ្ឋកិច្ចអាស៊ាននៅក្នុងការបង្កើតទីផ្សារនិងមូលដ្ឋានផលិតកម្មតែមួយរបស់អាស៊ាន ដោយធ្វើយ៉ាងណាលើកកម្ពស់សមត្ថភាពរបស់សហគមន៍សេដ្ឋកិច្ចអាស៊ាននៅក្នុងដំណើរការនៃការធ្វើសមាហរណកម្មសេដ្ឋកិច្ចតំបន់ និងធ្វើយ៉ាងណាឱ្យសហគមន៍សេដ្ឋកិច្ចអាស៊ាន នៅតែជាតំបន់មួយអាចឆ្លើយតបបានលឿនទៅលើភាពមិនប្រាកដនិយមណាមួយ ដែលអាចកើតនៅពេលអនាគតដូចជា ការរីករាលដាលនៃជំងឺសកល ការប្រែប្រួលអាកាសធាតុ និងភាពតានតឹងនៃភូមិសាស្ត្រនយោបាយជាដើម។
លោកជំទាវរដ្ឋមន្ត្រី បានបង្ហាញពីការប្ដេជ្ញារបស់កម្ពុជាក្នុងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយបណ្ដាប្រទេសជាសមាជិកអាស៊ានទាំងអស់ នៅក្នុងដំណើរការនៃការរៀបចំចក្ខុវិស័យអាស៊ានក្រោយឆ្នាំ២០២៥ សំដៅធ្វើយ៉ាងណាឱ្យអាស៊ានអាចបញ្ចប់ការងារនេះបានទាន់ពេលវេលាតាមការគ្រោងទុក។ ក្នុងអំឡុងកិច្ចប្រជុំនេះដែរ លោកជំទាវក៏បានចូលរួមកម្មវិធីប្រកាសបើកការចរចាកិច្ចព្រមព្រៀងក្របខណ្ឌឌីជីថលអាស៊ាន ដែលកិច្ចព្រមព្រៀងនេះនឹងជួយពន្លឿនដល់ការធ្វើបរិវត្តកម្មឌីជីថល ជាពិសេសលើកកម្ពស់ភាពប្រកួតប្រជែងរបស់អាស៊ានក្នុងបរិបទសកល។
ជាលទ្ធផល កិច្ចប្រជុំបានអនុម័តលើឯកសារសំខាន់ៗមួយចំនួន ជាពិសេស យុទ្ធសាស្ត្រអាស៊ានស្តីពីអព្យាក្រឹតកាបូន ក៏ដូចជាក្របខណ្ឌសេដ្ឋកិច្ចពណ៌ខៀវអាស៊ាន ដែលជាគំនិតផ្តួចផ្តើមអាស៊ានក្នុងការលើកកម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាព។