(រាជធានីភ្នំពេញ)៖ នាព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម រដ្ឋ សារ៉ាវុធ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានទទួលជួបពិភាក្សាការងារជាមួយ លោក Michael Burnett លេខាទី១ ទទួលបន្ទុកកិច្ចការពាណិជ្ជកម្ម នៃការិយាល័យត្រួតពិនិត្យ និងនាំចេញ ប្រចាំតំបន់ នៃក្រសួងពាណិជ្ជកម្មអាមេរិក ដែលមានទីស្នាក់ការនៅប្រទេស សឹង្ហបុរី ដើម្បីពិភាក្សាអំពីគម្រោងជំនួយនានារបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក និងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម រវាង កម្ពុជា-អាមេរិក។
ជាកិច្ចចាប់ផ្តើម ឯកឧត្តម រដ្ឋលេខាធិការ បានសម្តែងការស្វាគមន៍ លោក Michael Burnett និងសហការី យ៉ាងក៏ក្តៅដែលបានអញ្ជើញមកបំពេញបេសកកម្មផ្លូវការនៅ ព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តមរដ្ឋលេខាធិការ បានជម្រាបជូនអំពីគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ និងវិស័យអាទិភាពសំខាន់ៗមួយចំនួន ឯកឧត្តមរដ្ឋលេខាធិការថែមទាំងបានជម្រាបជូនអំពីកំណែទម្រង់នៃកិច្ចសម្រួលពាណិជ្ជកម្មសំខាន់ៗ ក្នុងនាមក្រសួងពាណិជ្ជកម្មជាសេនាធិការនៃរដ្ឋាភិបាលកម្ពុជា ព្រមទាំងទំនាក់ទំនងនៃកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងសមិទ្ធិផលធំៗដែលសម្រេចបានរបស់ប្រទេសទាំងពីរ នាពេលកន្លងមក។
ជាកិច្ចបន្ទាប់ លោកលេខាទី១ បានថ្លែងអំណរគុណ ឯកឧត្តម រដ្ឋលេខាធិការ សម្រាប់ការស្វាគមន៍ដ៏រាក់ទាក់ និងបានជម្រាបពីគោលបំណងនៃទស្សនកិច្ចរបស់ លោក និងសហការី ដែលលោកកត់សម្គាល់អំពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការមួយចំនួន រវាងប្រទេសទាំងពីរ ដើមី្បអាចទទួលបាននូវអត្ថប្រយោជន៍ជាអតិបរមា ជាពិសេស តាមរយៈការអនុវត្តគម្រោងជំនួយសម្រាប់ការរៀបចំច្បាប់ និងបទប្បញ្ញតិថ្មីៗ ការកសាងសមត្ថភាព ដែលជាការផ្តល់ដោយរដ្ឋាភិបាលសហរដ្ឋអាមេរិក សំដៅចូលរួមចំណែកអភិវឌ្ឍន៍ និងបង្កើនសមត្ថភាពជូនដល់មន្រ្តីរាជការ។ បន្ថែមពីនេះទៀត លោកក៏បានកោតសរសើរអំពីការរីកចម្រើនយ៉ាងឆាប់រហ័សនៃអាជីវកម្មរបស់ក្រុមហ៊ុនអាមេរិកធំៗមួយចំនួន ដែលបានមកបណ្តាក់ទុននៅកម្ពុជានាពេលបច្ចុប្បន្ន និងកំពុងទទួលបានការគាំទ្រយ៉ាងខ្លាំងពីប្រជាជនកម្ពុជា។
ជាកិច្ចបញ្ចប់ ឯកឧត្តម រដ្ឋ សារ៉ាវុធ រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម បានថ្លែងអំណរគុណ លោកលេខាទី១ សម្រាប់ការផ្តល់ព័ត៌មានអំពីគម្រោងជំនួយបច្ចេកទេសនានាលើវិស័យអាទិភាពរបស់សហរដ្ឋអាមេរិកដល់កម្ពុជា និងបានសម្តែងនូវការគាំទ្រ និងរីករាយស្វាគមន៍ជូនដល់ក្រុមហ៊ុនអាមេរិកទាំងនៅក្នុងតំបន់ និងមកពីសហរដ្ឋអាមេរិក ដែលបានស្វែងយល់អំពីឱកាស និងសក្តានុពលរបស់កម្ពុជា។ ជាមួយគ្នានេះផងដែរ ឯកឧត្តម រដ្ឋលេខាធិការ សង្ឃឹមថា តាមរយៈកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ កម្ពុជា-សហរដ្ឋអាមេរិក នឹងឈានទៅមុខមួយកម្រិតទៀតជាក់ជាមិនខាន៕