លោកជំទាវ តោ ពិឡា រដ្ឋលេខាធិការ នៃក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមជាអធិបតី ក្នុងសិក្ខាសាលាស្តីពីការពង្រឹងសមត្ថភាព និងពិភាក្សារកដំណោះស្រាយបញ្ហាប្រឈមរបស់លានហាលពោតក្រហម និងដំឡូងមី ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សាររបស់ក្រុមហ៊ុនផលិតចំណីសត្វ
(ប៉ៃលិន)៖ ថ្ងៃសុក្រ ទី២៧ ខែមិថុនា ឆ្នាំ២០២៥ នៅមន្ទីរពាណិជ្ជកម្មខេត្តប៉ៃលិន លោកជំទាវ តោ ពិឡា រដ្ឋលេខាធិការ នៃក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមជាអធិបតី ក្នុងសិក្ខាសាលាស្តីពីការពង្រឹងសមត្ថភាព និងពិភាក្សារកដំណោះស្រាយបញ្ហាប្រឈមរបស់លានហាលពោតក្រហម និងដំឡូងមី ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សាររបស់ក្រុមហ៊ុនផលិតចំណីសត្វ ដែលមានការអញ្ជើញចូលរួមពី ឯកឧត្តមបណ្ឌិត ហែម ឬទ្ធី អភិបាលរងខេត្តប៉ៃលិន លោកអនុប្រធានមន្ទីរពាណិជ្ជកម្មខេត្តប៉ៃលិន តំណាងពីមន្ទីរ-អង្គរភាពពាក់ព័ន្ធ តំណាងនាយកដ្ឋានអភិវឌ្ឍន៍វិស័យឯកជន តំណាងធនាគារគ្រឹះស្ថានហិរញ្ញវត្ថុ តំណាងសភាពាណិជ្ជកម្មខេត្តប៉ៃលិន តំណាងពីក្រុមហ៊ុនផលិតចំណីសត្វ តំណាងម្ចាស់សៃឡូ/អ្នកប្រមូលទិញពោតក្រហម និងដំឡូងមីជាច្រើនរូប។ សិក្ខាសាលានេះ ធ្វើឡើងក្នុងគោលបំណងដើម្បីពិភាក្សាពីលទ្ធភាព និងសមត្ថភាពប្រមូលទិញ ការផ្គត់ផ្គង់ តម្លៃ និងលក្ខខណ្ឌជាក់លាក់ មួយដែលអាចឈានទៅរកការចុះកិច្ចសន្យាលក់-ទិញជាមួយគ្នា។